ភ្នំពេញ ៖ សកម្មភាពប្រព្រឹត្ដអំពើ ពុករលួយ និងជួញដូរគ្រឿងញៀនរបស់ ក្រុមលោកផ្កាយបី ម៉ឹក ដារ៉ា អគ្គលេខា ធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនមានដំណើររឿងស្រដៀងនឹងឈុត ឆាកក្នុងខ្សែភាពយន្ដ ។
បើតាមការបង្ហាញរបស់លោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយក្នុងសន្និសីទកាសែតកាលពីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០១១ បានឱ្យដឹងថា អំពើពុករលួយក្នុងពេលបង្ក្រាបគ្រឿង ញៀន និងការជួញដូរថ្នាំញៀននៅមន្ទីរ ប្រឆាំងគ្រឿងញៀន គឺពេលចាប់គ្រឿង ញៀនខុសច្បាប់បានហើយ គេប្ដូរកំណត់ ហេតុសួរចម្លើយបិទបាំងមេខ្លោងលក់ គ្រឿងញៀន បង្កើតតួអង្គថ្មី ដើម្បីសម្រាល ទោសអ្នកលក់គ្រឿងញៀន ប្រឌិតប្រតិ បត្ដិការក្លែងក្លាយ ដោះលែងអ្នកលក់ គ្រឿងញៀនដោយបច្ចេកទេស ឬដោយ យកសំណូក យកគ្រឿងញៀនទៅលាក់ទុក សម្រាប់លក់ ដាក់អន្ទាក់ចាប់អ្នកទិញ គ្រឿងញៀន បើចំមុខសញ្ញាអ្នកទិញជា មនុស្សរបស់ខ្លួនធ្វើឱ្យប្រតិបត្ដិការចាប់ នោះបរាជ័យវិញ ។
លោក ឱម យ៉ីនទៀង បានធ្វើអត្ថាធិប្បាយ លំអិតអំពីសកម្មភាពនីមួយៗថា លោក ម៉ឹក ដារ៉ា បានបង្កើតអង្គការចាត់តាំង របស់ខ្លួនដើម្បីធ្វើសកម្មភាពជួញដូរថ្នាំ ញៀន ដោយបង្កប់កម្លាំងគ្រប់មន្ទីរដែល ចំណុះឱ្យខ្លួន រួមជាមួយមេឈ្មួញដូរគ្រឿង ញៀនធំៗ បង្កើតជាសេណារីយ៉ូរកស៊ី គ្រឿងញៀនពេញផ្ទៃប្រទេសកម្ពុជា ។
លោក ឱម យ៉ីនទៀង បានលើកយក ករណីលោក ឈៀង សុន អតីតស្នងការ រងខេត្ដបន្ទាយមានជ័យ ធ្វើសកម្មភាព បង្ក្រាបមេឈ្មួញជួញដូរគ្រឿងញៀនមួយ នៅខេត្ដបន្ទាយមានជ័យ ដោយពណ៌នា ថា លោក ឈៀង សុន បានចុះឆែកឆេរ លំនៅឋានរបស់ជនល្មើសចំនួន២កន្លែង ប៉ុន្ដែរកមិនឃើញគ្រឿងញៀន លោក ឈៀង សុន បែរជាចាប់ឃុំខ្លួនមេឈ្មួញ នោះម្នាក់ និងបានរឹបអូសយករថយន្ដ២ គ្រឿង ម៉ូតូ រួមទាំងគ្រឿងអលង្ការមួយ ចំនួនដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ ជាង នេះទៅទៀតលោក ឈៀង សុន ជំរិត ទារប្រាក់បានចំនួន១៧.០០០ដុល្លារទៀត ។ បន្ទាប់មកបាន១ខែ លោក ឈៀង សុន បានជំរិតទារប្រាក់ពីជនដដែលនោះ ចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ។ ដោយ ជននោះគ្មានប្រាក់ប្រគល់ឱ្យក៏បានធ្វើ សកម្មភាពជួញដូរគ្រឿងញៀនបន្ដទៀត តែត្រូវអាជ្ញាធរខេត្ដកំពង់ចាមចាប់ខ្លួន បាន រួមទាំងដីកាចាប់ខ្លួនដែលលោក ឈៀង សុខ យកទៅគំរាមនោះទៀតផង ។
ជាមួយគ្នានេះ លោក ឱម យ៉ីនទៀង ក៏បានបង្ហាញពីសកម្មភាពរបស់លោក ជា ឡេង ប្រធានការិយាល័យទី៥នៃអង្គ ភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនថា លោក ជា ឡេង បានបង្កើតក្រុមជួញដូរគ្រឿង ញៀនរបស់ខ្លួន ដោយយកឈ្មោះ អៀម សុជាតិ ជាអ្នកដើរតួ “អៀម សុជាតិ អតីតជាអ្នកលក់គ្រឿងញៀននៅភ្នំពេញ តែត្រូវលោក ជា ឡេង រើសបញ្ចូលទៅ អង្គភាពរបស់ខ្លួន” ។ លោក ជា ឡេង បានធ្វើសកម្មភាពបង្ក្រាបទៅលើគ្នាឯង ដើម្បីបង្ហាញស្នាដៃទៅថ្នាក់លើ ហើយ គ្រឿងញៀន គឺមិនដែលត្រូវបានបំផ្លាញ ចោលនោះទេ គឺតែងតែត្រូវលោក ជា ឡេង យកទៅលក់បន្ដឱ្យឈ្មួញ ។ លោក ជា ឡេង គឺជាមនុស្សជំនិតរបស់លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ ។ ដោយលោក ជា ឡេង មានបំណងស៊ី ដាច់ពីលោក ម៉ឹក ដារ៉ា ខណៈដែលខ្លួន បង្ក្រាបថ្នាំញៀនបាន ក៏បានយកទៅលក់ ឱ្យឈ្មួញ ដោយមិនរាយការណ៍ទៅលោក ម៉ឹក ដារ៉ា ប៉ុន្ដែចៃដន្យឈ្មួញដែលមក ទិញនោះ គឺជាជនបង្កប់របស់លោក ម៉ឹក ដារ៉ា ដែលបញ្ហានេះបានបង្កភាពមិន ទុកចិត្ដគ្នា បណ្ដាលឱ្យបែកធ្លាយរឿង សម្ងាត់របស់ខ្លួនមកក្រៅ ។
ដោយឡែកសម្រាប់លោក ម៉ឹក ដារ៉ា បានបង្កើតជារចនាសម្ព័ន្ធគ្រប់គ្រងនៅ លើមន្ទីរក្រោមចំណុះ និងឈ្មួញរកស៊ីថ្នាំ ញៀនយ៉ាងរឹងមាំ ដែលគ្មានសកម្មភាព ណាមួយរំលងលោកបាននោះទេ ហើយ ជារឿយៗលោកតែងតែបង្ខំឱ្យឈ្មួញដែល រកស៊ីជាមួយយកគ្រឿងញៀនឱ្យខ្លួនចាប់ យកស្នាដៃ ។ នៅពេលដាក់អន្ទាក់ចាប់ បែបនេះ បើចំមុខសញ្ញារបស់ខ្លួនដែល ដាក់បង្កប់រកស៊ីគឺរំលាយចោល ធ្លាប់ ធ្វើឱ្យប្រតិបត្ដិការនោះបរាជ័យវិញក៏ មាន ។ នៅពេលចាប់គ្រឿងញៀន និងជន ល្មើសបានលោកផ្កាយបី ម៉ឹក ដារ៉ា តែង តែប្ដូរកំណត់ហេតុសួរចម្លើយ បង្កើត តួអង្គថ្មី បិទបាំងមេខ្លោងលក់គ្រឿងញៀន ជាថ្នូរនឹងលុយសំណូកនិងគ្រឿងញៀន ដើម្បីយកទៅលក់បន្ដ ។
បើទោះបីជា លោក ម៉ឹក ដារ៉ា រៀប ចំសេណារីយ៉ូធ្វើសកម្មភាពសម្ងាត់ និង ម៉ត់ចត់យ៉ាងណាក៏ដោយ ទីបំផុតក្រុម របស់លោករួមទាំងខ្លួនលោកផ្ទាល់ត្រូវ បានចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដែលស្នាដៃនេះលោក ឱម យ៉ីន ទៀង អះអាងថា ជោគជ័យនេះ គឺជាការរួមសហការគ្នារវាងអង្គភាព ប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការផងដែរ ៕
ដោយ ៖ មរតក
No comments:
Post a Comment