ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់គេហទំព័រកម្ពុជាថ្មី ក្រោយពីបានឃើញអត្ថបទមួយបានផ្សាយថា ការជីកលូទទឹងផ្លូវ មិនមានដាក់សញ្ញាសំគាល់ ហើយមានបុរសម្នាក់បានជិះម៉ូតូផុងចូលបណ្ដាលឲ្យស្លាប់នោះ គឺមិនមែនខាងសាធារណការរាជធានីភ្នំពេញ ជាអ្នកទទួលការសាងសង់នោះទេ ប៉ុន្តែជារបស់ក្រុមហ៊ុនញឹក ផន ហៅកៅ ដែលទទួលបានការស្ថាបនាលូ ពីសាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងខណ្ឌដង្កោបានបង្ហើបប្រាប់កម្ពុជាថ្មីថា ឧកញ៉ាញឹក ផន ហៅ កៅនេះ ដើរធ្វើដឹកជញ្ជូនលក់ដី ជីកដី ពេញទូទាំងខណ្ឌឫស្សីកែវ ខណ្ឌដង្កោ និងកន្លែងផ្សេងៗទៀតហើយ កន្លែងខ្លះជីករហូតដល់ឃើញរថយន្តបែនធំៗ ទៅជាប៉ុនស្រមោចក៏មានដែរ គឺក្រុមហ៊ុនរបស់គាត់ខំប្រឹងជីក រហូតដល់ទៅក្បាលប្រែត ក៏មិនមានអាជ្ញាធរណាហ៊ានឃាត់ដែរ។
ជាក់ស្ដែងនៅវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី២១ខែមករាឆ្នាំ២០១១នៅលើកំណាត់ផ្លូវ អូរដឹមកប់ស្រូវ ស្ថិតក្នុងភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌ ដង្កោរាជធានីភ្នំពេញ មានយុវជនម្នាក់ ឈ្មោះ យន់ ថុង ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិរបង ឃុំស្តុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺបានជិះម៉ូតូម៉ាកវីវាពណ៌ខ្មៅសេរីឆ្នាំ២០០៦ អត់ស្លាកលេខ។ ការស្លាប់នេះដោយសារតែការធ្វេសប្រហែសមិនបានគិតឲ្យដិតដល់ ពីសំណាក់ក្រុមហ៊ុនញឹក ផន ហៅ កៅនេះតែម្ដង។
ក្រុមប្រជាពលរដ្ឋដែលមានលំនៅឋាននៅម្ដុំនោះបាននិយាយថាការដ្ឋានធ្វើផ្លូវជីក លូនៅលើផ្លូវអូរដឹមកប់ស្រូវនេះដូចជាមានការយឺតយ៉ាវខ្លាំងណាស់បើគិតមកដល់ពេលនេះវាមានរយៈពេលប្រហែល៣ខែហើយ។ ប្រភពដដែល បានបន្តថាបើការស្ថាបនាជួសជុលផ្លូវដាក់ប្រព័ន្ធលូនេះអូសបន្លាយ ពេលយូរទៅមុខទៀតអាចនិងមានអ្នកគ្រោះថ្នាក់ច្រើនទៀតជាមិនខាន៕
No comments:
Post a Comment