Sunday, January 23, 2011

កាត់ទោស​ជនជាតិ​សៀម សាលក្រម ៖ ជន​ត្រូវ​ចោទ​៥​នាក់​ត្រូ​វ​ព្យួរទោស​និង​បង់ប្រាក់​ម្នាក់​១​លាន​រៀល


រាជធានីភ្នំពេញ ៖ សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​កាលពីរសៀលថ្ងៃទី​​២១ មករា ​បាន​បើក​​​​សវនាការ​​រឿងក្តី​ជនជាតិ​​សៀម​​​៥​នាក់ ​លប​លួច​​ឆ្លង​ចូល​​ក្នុងទឹកដី​ព្រះរាជាណាចក្រ​កម្ពុជាខុស​ច្បាប់ និង​ចូលទីលាន​​​យោធា មាន​បំណង​ទុច្ចរិត តាមសំណុំរឿង​​​​លេខ​៣០២៥ ចុះថ្ងៃទី​​៣០ ធ្នូ ​ឆ្នាំ​២០១០ ។ អង្គសវនាការ​​មាន​លោក​​សួស សំអាត ប្រធាន​ក្រុមប្រឹក្សា ​​​លោក​អឿង សៀង ​និង​លោក​​ជ័យ សុវណ្ណ ​ចៅក្រម​​អម ក្នុងនោះ​តំណាង​អយ្យការ​ គឺលោកសុខ រឿន ​ព្រះរាជអាជ្ញា​​រង​អម​សាលា​ដំបូង ។ ​សវនាការ​​បានធ្វើ​ឡើង​​ជា​សាធារណៈ​​ដោយមានការ​ចូលរួម​ស្តាប់​ពី​សំណាក់​​ តំណាង​​ស្ថាន​ទូត​ថៃ ​និង​សាច់ញាតិ​​​ជនជាប់​ពិរុទ្ធ​ជាតិសៀម​មួយ​ចំនួន​​ ព្រមទាំង​​អ្នក​កាសែត​​​​ជាតិ-អន្តរជាតិផង​ដែរ ពិសេសក្រុម​​អ្នក​កាសែត​​ និង​អ្ន​កថត​ទូរទស្សន៍ថៃ ។ សវនា​ការ​​នេះ​មានការ​​សាកសួរ​​​ដេញដោល​​យ៉ាង​យក​ចិត្ត​ទុកដាក់​​ពីមេធាវី​​ ការពារ​ក្តី ​គឺលោក​​ប៉ិច វិច្ឆិកា និង​លោក​រស់ ​អូន។
ចូលរួម​ ក្នុងសវនាការ​នេះ​ដែរ ក៏មាន​តំណាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​​នៃក្រសួង​មហាផ្ទៃ និង​មន្ត្រីយោធា​នៅចំណុច​ចាប់ខ្លួន​​ក្នុងភូមិ​​ជោគ​ជ័យ ឃុំ​អូរ​៣ជាន់ ស្រុក​អូរជ្រៅ ក៏បាន​​មក​​២នាក់​​ផង​ដែរ ក្នុង​ការ​ឆ្លើយបំភ្លឺ​ដល់តុលាការ ។ សវនាការ ​​បានធ្វើឡើង​​​ចំពោះ​មុខ​ជន​ជាប់​​ពិរុទ្ធ​ជាតិ​សៀម​៥នាក់ ១-​ឈ្មោះ​​​ផានិក វីគិត​សេត ហៅ​ណុម ​​តំណាង​រាស្ត្រ​​មណ្ឌល​​បាងកក ២-​ឈ្មោះ​​គុជពុនថន ជូសាណា សេរី ជំនួយការ​លោក​ផានិក ៣-​ឈ្មោះ​​សែម​ឌីន​ឡឺក ប៊ូឆា លេខា​​បក្ស​​ឋានសួគ៌ និងផែន​ដី ៤-​ឈ្មោះ​​តាយ ណែមួង ម៉ាក​ចន អ្នកសារ​​ព័ត៌​មាន​​ និង​​៥-​ឈ្មោះ​​​ណា រឿម​មុល ជិត​វ៉ា​រ៉ាត់​តាណា ជាមេ​ផ្ទះ ។​
ប្រធានក្រុមប្រឹក្សា​​​​បានប្រកាស​អំពី​​ដំណើរ​​នៃអង្គ​ សវនាការ​​នេះ​ថា ការពិតសំណុំរឿង​​ជន​ជាតិសៀម​​​៧​នាក់ ត្រូវបាន​តុលាការ​​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​សំរេច​ដាក់​ពេល​​ជំនុំ​ជម្រះ​​​នៅ​ថ្ងៃ​ទី​​​១ កុម្ភៈ ​​ខាងមុខនេះ ។ ប៉ុន្តែ​​​ដោយ​មានការ​​ដាក់​​ពាក្យ​​ស្នើសុំ​​​ពីសំណាក់​​​មេធាវី​​ ការពារក្តី​​ឱ្យ​ជន​​ជាតិ​សៀម​​​៥​នាក់​​ដូចមាន​ឈ្មោះ​​​ខាងលើ​ ដើម្បី​​ឱ្យពួក​គេបានទៅ​​ជួបជុំ​​ប្រពន្ធកូន ​បន្ទាប់ពី​​​ទទួល​បាន​ការ​​អនុញ្ញាត​​ឱ្យនៅ​​​ក្រៅ​ឃុំ​​ តែ​ស្ថិ​តក្រោម​​​​ការ​តាមដាន​​របស់តុលាការ​ ទើ​ប​មាន​ការ​សំរេច​​លើក​យក​ការស្នើ​​សុំ​នោះ​​មក​ជំនុំ​ជម្រះ​​តែម្តង ។
លោកបាន ​​​បញ្ជាក់ទៀត​ថា ​​បានជា​តុលា​ការ​​លើក​យក​​​មក​ជម្រះ​តាម​​​ការ​ស្នើ​សុំ​យ៉ាង​តក់​ក្រហល់​​ នេះ តុលាការ​បាន​ពិនិត្យមើល​​​អង្គហេតុ​​​ក្នុង​សំណុំ​រឿង​​ជា​បទល្មើស​មជ្ឈិម​​ មានន័យ​ថា ​ជា​ជន​​អន្តោ​ប្រវេសន៍​ខុសច្បាប់ ​ដូច្នេះ​បាន​​ជា​បើក​សវនា​ការ​​មុនកាលកំណត់ ។ លោកសុខ រឿន ​​ព្រះរាជអាជ្ញា​​​រង​ និងជា​តំណាង​អយ្យការ​ក្នុង​​សវនាការ​នេះ បាន​​លើក​​យកអង្គហេតុ​​​ដែល​បានចោទប្រកាន់​​ជនជាតិ​សៀម​​​៥​នាក់ ​ជូនអង្គ​​សវនាការ​ដើម្បីសួរដេញ​ដោល​​ជន​ជាតិ​សៀម​​​៥​នាក់​នោះ ។ ​លោកព្រះរាជ​អាជ្ញារង​សុខ​ រឿន បានបន្ត​ថា សវនាការ​ពេល​នេះ​​មាន​២​ករណី​​​ដែលពួកគេ​​​បានប្រព្រឹត្ត​ខុសនឹង​ច្បាប់​​​ ព្រះ​រាជាណាចក្រ​កម្ពុជា គឺ​១-​បទល្មើស​​លប​​លួច​ឆ្លង​​ចូលទឹកដី​ប្រទេស​កម្ពុជា​ដោយ​គ្មាន​​ការ​​អនុ ​ញ្ញាត​ និង​ឆ្លង​​​ចូលទីលាន​យោធា​ដោយ​មាន​​បំណង​​ទុច្ច​រិត តាម​មាត្រា​២៩ នៃច្បាប់​​អន្តោ​ប្រវេសន៍​​ និង​មាត្រា​​៤៧៣​ ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី ។
ដំបូង ​លោក​សុខ រឿន ​បាន​សួរ​ដេញ​ដោល​លើ​ជនជាតិសៀម ឈ្មោះ​ផានិក ​វីគិតសេត ​ហៅ​ណុម ​ជា​តំណាង​​រាស្ត្រ​មណ្ឌល​បាងកក ដែល​ចំណុច​សំខាន់​​​តំណាងអយ្យការ​​​បាន​ចោទ​​ប្រកាន់​ថា ហេតុអី​​បានជា​លោក​ឆ្លង​ចូល​​ដែនដីក្នុង​ព្រះ​រាជាណាចក្រ​​​​កម្ពុជា ដោយ​គ្មាន​​​ការ​អនុញ្ញាត​ តើ​មាន​ចេតនា​​​ ឬ​ក៏​​គ្មាន​​ចេត​នា ។ អ្នក​តំណាង​រាស្ត្រ​សៀម​​រូបនេះ​បាន​​ឆ្លើយ​​ថា ​ការចូល​​មកនេះ គឺ​ជាការ​ស្នើសុំ​​ពីប្រជាពលរដ្ឋ​​សៀម​​នៅ​ព្រំប្រទល់​​​​ដែន​ឱ្យ​ទៅមើល​​ បង្គោល​ឡាក់​​​លេខ​៤៦ ក្នុង​ស្រុក​​​​អូរជ្រៅនោះ ហើយ​លោក​មិន​​បានដឹង​​ថា ចូលក្នុង​​ទឹកដីកម្ពុជាទេ ។​ សវនាការ​ក៏​បាន​សាក​សួរ​លើ​ជន​ជាតិ​សៀម​ឯ​ទៀត​ដែរ​ រួមជាមួយ​សាក្សីផង​ ។
  • ​ការប្រកាសសាលក្រម​
សវនាការ​ដែលអូសបន្លាយ​ពេល​​រហូត​ដល់​ម៉ោង​​៨​យប់ថ្ងៃ​ដដែលត្រូវ​​បាន​ តុលាការ​​ប្រកាស​ទោស​ជនត្រូវចោទ​​​ពីការ​បំពានច្បាប់​​អន្តោ​ប្រវេសន៍​​ ជនជាតិសៀម​​ទាំង​​៥​នាក់​ ដោយ​​កំណត់​​ឱ្យ​ម្នាក់​​ៗ​ជាប់គុក​​៩ខែ និង​បង់ប្រាក់​១​លាន​រៀលចូល​​​ថវិការដ្ឋ ។ ទោះជា​បែបណា ​សាល​ក្រម​​នេះ បាន​ចាត់​ការ​អនុវត្ត​​​ទោស​ក្នុង​ពន្ធនាគារ​​នៅក្នុង​រយៈ​ពេល​ដែល​ជន​ត្រូវ ​​​ចោទ​​​ទាំង​៥​​​នាក់ បាន​ជាប់​​ឃុំ​​រួចហើយ និង​សល់​ប៉ុន្មាន​ត្រូវបាន​ព្យួរទោស ។ ចំណែក​​សំភារ​ទាំងអស់​ត្រូវ​​បានរឹបអូស ។ សាល​ក្រម​​នេះ​​​ក៏បាន​​ប្រកាស​ដែរ​ថា បើជន​ត្រូវ​​ចោទ​មិន​សុខចិត្ត​​​ អាច​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​​​តាម​កំណត់​ច្បាប់​បាន​ ។ ខណៈ​ដែល​ជនជាតិសៀម​​​ទាំង​៥​នាក់​​ត្រូវ​បាន​ព្យួរទោស​តាមសាល​ក្រម​​សាលា​ ដំបូងនោះ ក៏​នៅ​​ជនជាតិ​សៀម​​២​នាក់ទៀត​​ និងត្រូវ​តុលា​ការ​​កំណត់បើក​​សវនាការ​នៅថ្ងៃទី​​១ កុម្ភៈ ខាង​មុខនេះ ។ ជនជាតិសៀម​​ទាំង​២នាក់​​ ដែលម្នាក់​​ជាប់ឃុំ​​ជា​បណ្តោះអាសន្ន​​​ក្នុងពន្ធនាគារ​​គឺ​ឈ្មោះ​​វីរៈ ​ស៊ុម​ខ្វាមឃីត និង​អ្នកស្រី​​រ៉ាត់ទ្រី នៅ​ក្រៅ​ឃុំ​ដែល​​​ក្រោយ​​ពី​​ជាប់ចោទ​បំពាន​ច្បាប់​​អន្តោ​ប្រវេសន៍​​ក៏​ បាន​ជាប់ចោទ​​ពីបទចារ​កម្ម​ផងដែរ ។
គួរ​រំលឹក​​ថា កាល​ពី​​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១០ កន្លង​​ទៅ​នេះ ពួក​សៀម​៧​នាក់​បាន​ឆ្លង​​​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​​ខុស​ច្បាប់ នៅ​ច្រក​ព្រំ​ប្រទល់​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​ប​ន្ទាយ​មាន​ជ័យ ​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នាំ​មក​កាន់​រាជ​ធានី​ភ្នំពេញ និង​យក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ។ បន្ទាប់​ពី​ឃាត់ខ្លួន​សៀម​៧​​នាក់ តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ពី​រ​បទ​ល្មើស គឺ​ឆ្លង​ចូល​ដែន​ដី​យោធា​ខុស​ច្បាប់ និង​ជន​អន្តោ​ប្រវេសន៍ ។ ក្រោយ​ពី​​ចោទ​ប្រកាន់​​ និង​​ឃុំ​ខ្លួន​ជន​ជាតិ​សៀម​ទាំង​៧​នាក់​​នោះ​ហើយ​​ មេធាវី​ការ​ពារ​ក្តី​បាន​ដាក់​​​ពាក្យ​ប្តឹង​ទាស់​​ទៅ​លើ​ការ​សំរេច​របស់​ សាលា​ដំបូង​នោះ ។ ក្រោយ​ពី​ឃុំ​ខ្លួន​តុលា​ការ​បាន​រក​ឃើញ​បទ​ល្មើស​​​​ថ្មី​១​ទៀត​​លើ​​សៀម​២ ​នាក់ ​គឺ​វីរ៉ាក់​ស៊ុម​ខ្វាម​ឃីត និង​រ៉ាត់​ទ្រី គឺ​ជា​បទ​ល្មើស​​ឧក្រិដ្ឋ​​ ប៉ុន្តែ​ទោះ​បី​ជា​​យ៉ាង​ណា ក្នុង​ចំណោម​​សៀម​ទាំង​៧​នាក់ មេ​ធាវី​ការ​ពារ​ក្តី​បាន​ប្រឹង​ប្រែង​ជួយ​ជ្រោម​ជ្រែង​តាម​ផ្លូវ​ច្បាប់​​ សុំ​​ធានា​បាន​​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​២​នាក់ ដោយ​មាន​ការ​សហ​ការ​ជា​មួយ​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា ។
  • ការ​កាត់​​បន្ថយ​ថ្ងៃ​សវនាការ​នេះ​ធ្វើ​ឱ្យ​អ្នក​កាសែត​ថៃ​ប្រញាប់​​ប្រញាល់​មក​កម្ពុជា​
តាម​កាសែត​ឃុម ឆាត់​លឹក របស់​ថៃ ថ្ងៃទី​២១ ​មករា បាន​ផ្សាយ​ថា​ លោក​​អាប់​ភីស៊ីត វេចា​ជីវ៉ា នាយករដ្ឋ​មន្ត្រី​ថៃ ​​បាន​ឆ្លើយ​តប​នឹង​សំណួរ​​​របស់​អ្នក​កាសែត​​ដែល​សួរ​ថា តើ​តុលាការ​​កម្ពុជា​នឹង​កាត់​​ក្តី​ជន​ជាតិ​ថៃទាំង​៧​នាក់​​ក្នុង​ថ្ងៃនេះ​ (២១ មករា)​​ ឬអត់ ? ដោយបញ្ជាក់​ថា អាច​មាន​ដំណើរ​ការ ។​ ចំណែក​​លោក​ឆាវានុន អ៊ីនសាហ្គោ​ម៉ាស៊ុត​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ថៃ  បាន​ឱ្យ​ដឹង​ពីករណី​ដែល​តុលាការ​កម្ពុជា​បើក​សវនា​ការ​ជនជាតិ​ថៃទាំង​៥​នាក់ (មិន​មែន​៧​នាក់​ )នៅ​ថ្ងៃ​ទី​២១ មករាថា តុលាការ​​កម្ពុជា​កំណត់​ដំណើរ​​ការ​សាក​សួរ​នៅ​​រសៀល​​ថ្ងៃទី​២១ មករា ។​​ លោក​​ឆាវានុន បន្ត​ទៀត​ថា ប្រសិន​បើ​តុលាការ​​ធ្វើ​ការ​កាត់​ក្តី រដ្ឋា​ភិបាល​ថៃគ្មាន​ក្តីបារម្ភ​ឡើយ​ ពីព្រោះ​មានគំរោង​ដោះ​ស្រាយ​ និងជួយ​សង្គ្រោះ​ជនជាតិ​ថៃទាំង​៧​នាក់ ឱ្យ​ស្មើភាព​ ទោះបី​ពេល​នេះ​កាត់​ទោស​៥​នាក់​ក្តី ។​
សំរាប់​អ្នក​ស្រី​​រ៉ាត់​ទ្រី និងលោក​វីរ៉ាក់​ តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​​នៅថ្ងៃ​ទី​១ កុម្ភៈ ខាង​មុខ ។ កាសែត​ថៃ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា លោក​ស៊ូថេប​ ធឿក​ស៊ូបាន ឧបនាយ​ក​រដ្ឋ​មន្ត្រី​ថៃ​ មាន​ក្តី​រីករាយ​ដែល​តុលាការ​កម្ពុជា​កាត់​បន្ថយ​ពេល​វេលា​កាត់​ក្តី​ជនជាតិ ​ថៃទាំង​៥​នាក់ មក​ថ្ងៃ​ទី​២១ មករា ខណៈ​ពេល​​រឿង​ខាង​លើ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ខាង​មុខ ។ ​លោក​ស៊ូថេប បញ្ជាក់​ថា ការ​កាត់​បន្ថយ​​ពេល​​​​វេលា​នេះ​ជា​លទ្ធ​ផល​នៃ​កិច្ច​ព្យាយាម​ក្នុង​ការ​​ សហការ​រវាង​រដ្ឋា​ភិបាល​​នៃ​ប្រទេស​ទាំង​២​ ។ ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​បញ្ជាក់​ដូច្នេះ​ថា «យើង​ត្រូវ​ដោះ​ស្រាយ​​បញ្ហា​​លើការ​ពិត និង​ឈរ​​លើ​គោល​ការណ៍​របស់​​យើង​​​និង​ប្រទេស​ជិត​ខាង​ដែល​ត្រូវ​មាន​វិធី​ សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​រួមគ្នា» ។ ទោះ​ជា​បែបណា​ក៏ដោយ ត្រង់​​ចំណុច​នេះ បង្ហាញ​​ឱ្យ​ឃើញ​ថា កម្ពុជា​មានការ​យោគយល់​​ស្ថាន​ភាព​ដ៏​ល្អ​​​និង​យល់​ថា មិន​គួរ​ឱ្យ​បញ្ហា​តូច​​តាច​ខាង​លើ​ ក្លាយ​ជា​រឿង​រីករាល​ដាល​ប៉ះពាល់​ដល់​សម្ព័ន្ធ​​ភាព​​​រវាង​គ្នា​នឹង​គ្នា​​ ។​ មានការ​កត់​សំគាល់​ថា​ នៅ​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ​ ក្រុម​អ្នក​កាសែត​​ និង​អ្នក​ថត​​ទូរទស្សន៍​ថៃ​ បាន​​នាំ​គ្នា​មក​កម្ពុជា​​យ៉ាង​ត្រហេប​ត្រហប​​ទាំង​កណ្តាល​​ថ្ងៃ​ត្រង់​ ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ពេល​ កាត់​ក្តី​​នៅ​ម៉ោង​២​រសៀល ។ ការ​​នាំគ្នា​មក​ទាំង​ត្រហេប​ត្រហប​នេះ ​ដោយ​សារ​តែ​ការ​សំរេច​បើក​សវនាការ​ដែល​សូម្បីតែ​អ្នក​កាសែត​​ខ្មែរ​​ក៏ទើប​ ​តែដឹង​នៅព្រឹក​ថ្ងៃ​ទី២១ មករាដែរ ៕

ដោយ ៖ កោះឯករាជ្យ

 (រូបថត​ ប៊ុនណាក់)

No comments:

Post a Comment