ព្រំដែនកម្ពុជា-ថៃ៖ សភាពការណ៍តានតឹងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ បានអូសបន្លាយតាំងពីថ្ងៃទី២៧មករារហូតមកដល់ថ្ងៃទី២៩នេះ នៅតែមានស្ថានភាពស្ថិតក្នុងការ ប្រុងប្រយ័ត្នរៀងៗខ្លួននៅឡើយ ។ នេះបើតាមការអះអាងរបស់មន្ត្រីយោធាប្រចាំទិសប្រាសាទព្រះ វិហារ ។
មន្ត្រីយោធាប្រចាំទិសប្រាសាទព្រះវិហារបានបញ្ជាក់កាលពីរសៀលថ្ងៃទី២៩នេះថា កងទ័ពកម្ពុជារហូតមកទល់ពេលនេះនៅត្រៀមទប់ទល់រាល់អំពើឈ្លានពាន ដែលថៃបានគំរាមកំហែងរយៈពេល ពីរបីថ្ងៃចុងក្រោយនេះ។ មន្ត្រីយោធាដដែលបានបន្ថែមថា ស្ថានភាពហាក់បីដូចជាស្ងប់ស្ងាត់ ក៏ប៉ុន្តែកងទ័ពទាំងអស់ ស្ថិតក្នុងស្ថានភាពប្រុងជើងការ ។
ចំណែកនៅខេត្តឧត្តរមានជ័យទល់មុខខេត្តចន្ទបុរីរ៉ាំរបស់ថៃ មានសេចក្តីរាយការណ៌ថា មេបញ្ជាការកងទ័ពកម្ពុជានិងមេទ័ពថៃបានជួបពិភាក្សាដើម្បីបន្ធូរបន្ថយភាពតានតឹងដោយអាវុធ និងមាន ការបរិភោគអាហារថ្ងៃត្រង់រួមគ្នានៅលើប្រាសាទតាមាន់ផង ។
ប្រភពនៃសេចក្តីរាយការណ៍បានបន្ថែមថា ភាគីទាំងពីរកម្ពុជា-ថៃ បានព្រមព្រៀងជាថ្មីទទួលយក សំណើទៅវិញទៅមក ក្នុងគោលបំណងសហប្រតិបត្តិការល្អ បញ្ចៀសអោយបានការផ្ទុះអាវុធ ដែលអាចធ្វើអោយប៉ះពាល់ដល់ចំណងសាមគ្គីភាពសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ ដូចជា បើភាគីថៃមានបំណងចង់ចូលមកតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី មិនត្រូវមានអាវុធ ភ្ជាប់ជាមួយខ្លួនឡើយ ហើយត្រូវជូនដំណឹងមកដល់ភាគីកម្ពុជាជាមុន ។ ចំពោះការធ្វើសមយុទ្ធយោធាឬការចល័តទ័ពមកក្បែរខ្សែបន្ទាត់ព្រំដែន ក៏ត្រូវតែទំនាក់ទំនងផ្តល់ព័ត៌មានអោយគ្នាទៅវិញ ទៅមកជាចាំបាច់ដែរដើម្បី កុំអោយមានការភ័ន្តច្រឡំ ៕
ដោយ ៖ ភិរម្យ
No comments:
Post a Comment