ព្រំដែនកម្ពុជា-សៀម ៖ ព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១១ នេះ សភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-សៀម ចំណុចប្រាសាទព្រះវិហារ ឋិតនៅក្នុងស្ថានភាពទ្រឹង និងប្រុងជើងការ ចំណែកខ្សែបន្ទាត់ព្រំដែន ខេត្ដឧត្ដរមានជ័យ-សៀម ក៏មានសភាពការណ៍ប្រហាក់ប្រហែលគ្នាដែរ។
មន្ដ្រីយោធាប្រចាំការតំបន់ប្រាសាទព្រះវិហារបានឱ្យដឹងនៅវេលាម៉ោង ១១ ថ្ងៃត្រង់នេះថា កងទ័ពកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងស្ថានភាពកងទ័ពការពារព្រំដែន។
មន្ដ្រីដដែលបានបញ្ជាក់ថា ព្រឹកមិញនេះទាហានសៀម បានចល័តទ័ពនៅម្ដុំតំបន់វាលឥន្ទ្រីយ៍ហើយត្រៀមក្នុងលេណដ្ឋាន បង្ហាញពីការគំរាមកំហែងមកលើភាគីកម្ពុជា ប៉ុន្ដែកងទ័ពកម្ពុជាមិនទាន់មានប្រតិកម្មចំពោះទង្វើនោះទេ។ មន្ដ្រីយោធានេះ បានរំលឹកឡើងថា ប៉ុន្មានថ្ងៃមុននេះ តំបន់ប្រាសាទព្រះវិហារ កើតមានភាពតានតឹងម្ដងជាពីរដង រួចមកហើយ ដោយសារភាគីសៀមព្យាយាមលើកស្លាកសញ្ញារបស់ខ្លួនប្រឆាំងនឹងស្លាកសញ្ញារបស់កម្ពុជា នៅលើវត្ដកែវសិក្ខាគិរីស្វរៈ ហើយឥឡូវនេះសៀមបានបន្ដទាមទារឱ្យកម្ពុជាដកទង់ជាតិចេញពីវត្ដកែវសិក្ខាគិរីស្វរៈ ដែលភាគីកម្ពុជាមិនអាចទទួលយកបានឡើយ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសដោយទាត់ចោលរួចហើយ ឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋាភិបាលសៀម ចំពោះការដកទង់ជាតិកម្ពុជាចេញពីវត្ដកែវសិក្ខាគិរីស្វរៈថាជាការប្រមាថ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៍មាន បានថ្លែងថាកម្ពុជាមិនអាចយកចំណែកណាមួយនៃទឹកដីកម្ពុជា ដើម្បីធ្វើការលួងលោមក្រុមថៃអាវលឿងឡើយ។
នៅខេត្ដឧត្ដរមានជ័យឯណោះវិញ មន្ដ្រីយោធាមួយរូបបានបញ្ជាក់តាមទូរស័ព្ទថា រហូតមកដល់ពេលនេះសភាពការណ៍ តាមបណ្ដោយព្រំដែនខេត្ដឧត្ដរ មានជ័យ ជាប់ទល់មុខនិងខេត្ដបុរីរ៉ាំថៃ ពិសេសស្រុកបន្ទាយអំពិល មានសភាពការណ៍នៅទ្រឹងដដែលគ្មានអ្វីប្រែប្រួលទេ។
កាលពីម្សិលមិញថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១ កងទ័ពកម្ពុជាបានបញ្ជូនអាវុធយុទ្ធភណ្ឌមានដូចជា រថក្រោះ រថពាសដែក អាវុធធុនធ្ងន់ និងកាំជ្រួចហ្វូង ចេញពីបន្ទាយទៅកាន់តាមបណ្ដោយព្រំដែនកម្ពុជា-សៀម ដើម្បីទប់ទល់ និងសភាពការណ៍បង្ហាញសាច់ដុំរបស់សៀម មកលើកម្ពុជា។ សូមបញ្ជាក់ថា ការនាំគ្រឿងយុទ្ធបករណ៍របស់កម្ពុជា ទៅកាន់ព្រំដែននាពេលនេះ មិនមែនជាការគំរាមកំហែងនោះទេ តែជាកាតព្វកិច្ចការពារប្រទេសជាតិ៕
ដោយ ៖ ភិរម្យ
No comments:
Post a Comment