ដូចនគរវត្ដបាននិយាយរួចហើយថា នាវាគណបក្សប្រឆាំងសម រង្ស៊ី កំពុងធ្លុះ ធ្លាយយ៉ាងដំណំហើយ ដែលនឹងអាចលិចលង់ក្នុងលំហសាគរនយោបាយខ្មែរនៅ ពេលខាងមុខ ដោយចៀសមិនរួច ។ ទោះបីជាអ្នកនាំពាក្យគណបក្សនេះនិយាយ បន្លែបន្លប់ថារឿងរ៉ាវប្ដូរផ្លាស់គ្នាអង្គុយកៅអីរដ្ឋសភាពាក់កណ្ដាលអាណត្ដិបាន ដោះស្រាយចប់រួចរាល់ហើយក្ដី ក៏ក្រុមអ្នកត្រូវដោះដូរ (ចេញនិងចូល) មិនយល់ ព្រមទេ ។ ការណ៍នេះអាចជំរុញដល់តុលាការដើម្បីកាត់ក្ដីនៅពេលខាងមុខជាមិន ខាន ។
ព័ត៌មានថ្មីៗបានឱ្យដឹងថា លោកអ្នកទាំង៨ដែលត្រូវដោះដូរគ្នាអង្គុយកៅអីរដ្ឋ សភាពាក់ កណ្ដាលអាណត្ដិនោះ គឺ៧នាក់ត្រូវគេផ្គូផ្គងឱ្យចូលជំនួសកៅអីបានតែ១ ឆ្នាំកន្លះប៉ុណ្ណោះ ពោលគឺត្រូវនៅរង់ចាំដល់ខែមីនា ឆ្នាំ២០១២, ឯលោកម្នាក់ ឈ្មោះអ៊ុច សេរីយុទ្ធ ត្រូវបក្សផ្ទុកផ្ដាក់ឱ្យឈរជាបេក្ខជនសមាជិកព្រឹទ្ធសភាលំដាប់ លេខ២ នៅពេលបោះឆ្នោតជាអសាកលខាងមុខ ។ វិធានការដ៏ចម្លែកនេះ ទោះ យ៉ាងណា អស់លោកទាំង៨មិនទទួលយកការសម្របសម្រួលនេះទេ ហើយទាមទារ ឱ្យដោះស្រាយបែបថ្មីផ្សេងទៀត ។ ដំណោះស្រាយនេះសោត ក្រុមអ្នកតំណាង រាស្ដ្រមួយចំនួនក៏បដិសេធដែរ ដោយសំអាងលើពលិកម្មដ៏ច្រើនចំពោះបក្ស ដែលនៅពេលបានទទួលផលយ៉ាងស្រួលហើយ សុខៗឱ្យពួកគេចុះចេញពីកៅអីដើរ ទាត់ខ្យល់វិញពិតជាមិនកើតឡើយ ។
បញ្ហាចម្រូងចម្រាសផ្ទៃក្នុងគណបក្សសមរង្ស៊ីពេលនេះ វាជាសង្គ្រាមដណ្ដើម អំណាចដ៏ស្រួចស្រាល់មួយដែលធ្វើឱ្យល្បីរន្ទឺសព្វស្រុក។ តាមប្រភពពីស្នាក់ការ កណ្ដាលគណបក្សសម រង្ស៊ីនៅភ្នំពេញឱ្យដឹងថា បញ្ហាធំ គឺរឿងបង់ប្រាក់រាប់ម៉ឺន ដុល្លារឱ្យបក្សក្នុងការឃោសនាបោះឆ្នោតឆ្នាំ២០០៨, ពេលនេះពួកគេត្រូវការ ថវិកាទាំងនោះជាសំខាន់, មិនមែនចង់អង្គុយកៅអីសភាតែមួយឆ្នាំកន្លះខុស ពីការសន្យាដំបូងៗរបស់មេបក្សដែលនាំឱ្យជាប់ឈ្មោះថាជាសមាជិកសភាមិនគ្រប់ទឹកនោះឡើយ ។ ដោយគិតរយៈអេពល១ឆ្នាំកន្លះនោះ ប្រាក់បំណាច់សភាក៏មិន សមល្មមនឹងការចំណាយទាំងថវិកាច្រើនម៉ឺនដុល្លារ និងកម្លាំងកាយចិត្ដឈ្មុល ឈ្មុសជួយបក្សកន្លងមក ។ រីឯការត្រៀមសម្រាប់បេក្ខជនសមាជិកព្រឹទ្ធសភា លំដាប់លេខ២របស់ លោកអ៊ុច សេរីយុទ្ធ សោត ក៏ពុំមានតម្លៃថ្លៃថ្នូរអ្វីដែរ ពីព្រោះតំណែងខ្យល់នេះ នឹងត្រូវរលាយរលត់ទៅវិញនៅក្រោយការបោះឆ្នោត អសាកលជាមិនខាន ពីព្រោះបេក្ខជនលេខរៀងទី១របស់គណបក្សនេះនឹងប្រមូល យកសំឡេងអស់ពីលេខ២ ដូចលើកមុនៗជាមិនខាន ។
មជ្ឈដ្ឋានអ្នកតាមដាននានានិយាយថា ចំណាត់វិធានការរបៀបបញ្ឆោតលួង លោមរបស់គណបក្សសមរង្ស៊ី ចំពោះមនុស្សទាំង៨នាក់នោះ ពិតជាមិនអាចទៅ មុខរួចទេ ពីព្រោះសមាជិកគណៈកម្មាធិការនាយកទាំង៨នាក់ បានដឹងខ្លួនហើយថា ពួកគេកំពុងរងការបោកប្រាស់ម្ដងទៀតនៅក្នុងនយោបាយកំណែទម្រង់ប្រជាធិប តេយ្យដ៏ស៊ីជម្រៅនេះ ។ នេះជាជំងឺទ្វេគ្រោះ (ទៅមុខមិនរួច ថយក្រោយមិនបាន) របស់គណបក្សសមរង្ស៊ី ដែលចាំបាច់ត្រូវស្រាយឱ្យបានជាក់ស្ដែងជាងនេះ បើពុំ ដូច្នេះទេ ផ្ទៃក្នុងគណបក្សសមរង្ស៊ីនឹងភប់ប្រសព្វនូវហាយនភាពដ៏ធំដែលពិបាកប៉ាន់ ស្មាន ។ កំណែទម្រង់ប្រជាធិបតេយ្យស៊ីជម្រៅផ្ទៃក្នុងរបស់គណបក្សសម រង្ស៊ី ដែលចម្លែកខុសគេនៅលើពិភពនយោបាយនេះ ពុំមានអ្នកឯកទេសណាអាចជួយ ចង្អុលផ្លូវទៅរកដំណោះស្រាយឱ្យសមស្របតាមគម្រូមូលដ្ឋានច្បាប់ណាមួយឱ្យពិត ប្រាកដបានឡើយ ។ អ៊ីចឹងហើយ ស្ថានការណ៍ផ្ទៃក្នុងគណបក្សសមរង្ស៊ី វាដូចជំងឺ អាសន្នរោគបែបថ្មី ដែលពុំមានគ្រូពេទ្យជំនាញឬឱសថណាអាចព្យាបាលឱ្យជា សះស្បើយបានឡើយ ។
វិបត្ដិដ៏ធ្ងន់និងជាគន្លឹះនៃបញ្ហាចម្រូងចម្រាសនេះគឺ ក្រុមអ្នកតំណាងរាស្ដ្រ កំពុងអង្គុយកៅអីសភាសព្វថ្ងៃ ដែលមិនព្រមចុះចេញនេះ ក៏គណបក្សមិនដឹង ត្រូវចាត់វិធានការយ៉ាងណាដែរ, នេះពុំទាន់និយាយដល់ការដាក់សំណើរុះរើនេះ មិន ដឹងជាប្រធានរដ្ឋសភាឬគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាយល់ព្រមយកសំណើ នោះមកពិចារណាឬអត់នៅឡើយ ពីព្រោះនៅពេលនោះ (ខែមីនា ២០១២) មាន កិច្ចការរវល់ច្រើនណាស់ក្នុងការរៀបចំការបោះឆ្នោត ។
ដោយសារថា វិបត្ដិផ្ទៃក្នុងគណបក្សសម រង្ស៊ី កំពុងតែបង្កបរិយាកាស រំជើបរជួលខ្លាំងឡើងៗ ដែលពុំមានសញ្ញានៃការថយចុះនោះ គេរំពឹងថា គណបក្ស មួយនេះ នឹងត្រូវស្រងល់ល្ងីល្ងើ មិនអាចរកនឹកវិធានការណាល្អ ដើម្បីស្រាយ បញ្ហាឱ្យជ្រះស្រឡះបានឡើយ ។ ក្នុងស្ថានភាពចលាចលធ្វើឱ្យគណបក្សកាន់តែ រយីករយាកឡើងៗ នៅពេលនេះហើយអ្នកនាំពាក្យចេះតែខំបិទបាំងនោះ វាកាន់តែ លេចច្បាស់ឡើងៗថែមទៀត ដូចដំរីងាប់ជ្រងោរៗកណ្ដាលវាល គេពុំអាចយក បាតដៃទៅបាំងខ្មោចដំរីជិតដូច្នោះដែរ ។ ព័ត៌មានចុងក្រោយបានឱ្យដឹងថា ក្នុង ចំណោមអស់លោកអ្នកជាស្នូលរបស់បក្សសមរង្ស៊ីទាំងប្រាំពីរប្រាំបីនាក់ កំពុងរួម គំនិតគ្នាពិចារណាលើដំណោះស្រាយរបស់គណបក្សនេះ។ ពួកគេនឹងសម្រេចចិត្ដ នៅរយៈពេលពីរបីថ្ងៃទៀត ឬមួយរង់ចាំមួយឆ្នាំទៀត ដើម្បីក្លាយជាអ្នកតំណាង រាស្ដ្រមិនគ្រប់ទឹក ឬមួយត្រូវដាក់បណ្ដឹងទៅតុលាការដើម្បីជម្រះបញ្ជីគ្នាមុនពួក គេស្មាលាគណបក្សសម រង្ស៊ី ដែលអនុវត្ដរបបប្រជាធិបតេយ្យដ៏ចម្លែកខុសគេ នេះ ។ ដូច្នេះ រឿងចម្រូងចម្រាសក្នុងគណបក្សសមរង្ស៊ីលើកនេះ មានច្រើនភាគ ដែលត្រូវបញ្ចាំងជាប់តៗគ្នា មិនដឹងឆ្នាំណា ទើបចប់សព្វគ្រប់ឡើយ ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment