ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក Putu Kama yana ប្រធានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចីហិរញ្ញប្បទាន និងជំនួយឥតសំណងមានចំនួនទឹកប្រាក់សរុប៤៤លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៣កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់ ADB នាពេលនេះនឹងត្រូវយកទៅអនុវត្ដន៍លើគម្រោងអភិវឌ្ឍន៍ ចំនួន៣រួមមានកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុជំហានទី២ (អនុកម្មវិធីទី៤) គម្រោងទប់ស្កាត់ជំងឺឆ្លងនៅក្នុងមហាអនុតំបន់មេគង្គជំហានទី២ និងគម្រោងអភិរក្សជីវចម្រុះនៅក្នុងមហាអនុតំបន់មេគង្គ។
លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ បានបញ្ជាក់ថា ១-កម្មវិធីអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុជំហានទី២ (អនុកម្មវិធីទី៤) នឹងបន្ដជួយដល់រាជរដ្ឋាភិបាល កម្ពុជាក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពសំដៅលើកកម្ពស់ការកៀងគរធនធានហិរញ្ញវត្ថុនិងធានាឱ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធទូទាត់ការរៀបចំឱ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ។ ការជំរុញអភិបាលកិច្ចល្អ និងការដាក់ឱ្យដំណើរការប្រព័ន្ធ គ្រប់គ្រងព័ត៌មាន និងការកសាងសមត្ថភាពភ្នាក់ងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ កម្មវិធីនេះមានទឹកប្រាក់សរុបប្រមាណ១៥លានដុល្លារអាមេរិក ដែលក្នុងនោះហិរញ្ញប្បទានសម្បទានចំនួន១០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន៥លានដុល្លារអាមេរិក ហើយភ្នាក់ងារប្រតិបត្ដិកម្មវិធីខាងលើ គឺធនាគារជាតិនៃកម្ពុជាចូលរួមអនុវត្ដដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។
២-គម្រោងទប់ស្កាត់ជំងឺឆ្លងនៅក្នុងមហាអនុតំបន់មេគង្គជំហានទី២ នឹងពង្រឹងបន្ថែមលើការងារដែលសម្រេចបានក្រោមគម្រោងទប់ស្កាត់ជំងឺឆ្លង នៅក្នុងមហាអនុតំបន់មេគង្គជំហានទី១ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទប់ស្កាត់ជំងឺឆ្លងតាមតំបន់ព្រំដែន និងច្រករបៀងសេដ្ឋកិច្ចក្នុងមហា អនុតំបន់មេគង្គ និងការពង្រឹងសមត្ថភាពគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាព។ គម្រោងនេះត្រូវចំណាយថវិកា អស់ប្រមាណ១១លានដុល្លារអាមេរិក។ ក្នុងនោះហិរញ្ញប្បទានឥតសំណងរបស់ ADB ចំនួន១០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ១លានដុល្លារអាមេរិក ហើយគម្រោងនេះ ក្រសួងសុខាភិបាល ជាភ្នាក់ងារប្រតិបត្ដិ និងត្រូវអនុវត្ដក្នុងរយៈពេល៥ឆ្នាំ (២០១១ ដល់ ២០១៥)។
៣-គម្រោងអភិរក្សជីវចម្រុះនៅក្នុងមហាអនុតំបន់មេគង្គ ដែលមានគោលដៅអភិរក្សជីវចម្រុះប្រកបដោយចីរភាព និងមានភាពធន់នឹងបម្រែប ម្រួលអាកាសធាតុនៅក្នុងខេត្ដមណ្ឌលគីរី និងខេត្ដកោះកុង។ គម្រោងនេះត្រូវចំណាយថវិកាសរុបប្រមាណ២០.៩១ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងរបស់ ADBចំនួន១៩លានដុល្លាអាមេរិក និងការចូលរួមជាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១.៩១លានដុល្លារអាមេរិក ហើយគម្រោងនេះគ្រោងដាក់ឱ្យអនុវត្ដនៅឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៩។ ភ្នាក់ងារប្រតិបត្ដិគម្រោងនេះ គឺក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ ) និងក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា បើរាប់បញ្ចូលទាំងប្រាក់កម្ចីហិរញ្ញប្បទាន និងជំនួយឥតសំណង ដែលចុះហត្ថលេខានាថ្ងៃនេះនៅក្នុងឆ្នាំ២០១០ ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានអនុម័តផ្ដល់នូវប្រាក់កម្ចីហិរញ្ញប្បទាន និងជំនួយឥតសំណងឱ្យដល់ប្រទេសកម្ពុជា ចំនួនជាង១៦០ លានដុល្លារអាមេរិក ដែលបានមកពីមូលនិធិអភិវឌ្ឍន៍អាស៊ី និងជាង៣៦លានដុល្លារអាមេរិកទៀត បានមកពីការកៀងគរពីដៃគូសហហិរញ្ញប្បទាន នានាដូចជាមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កូរ៉េ មូលនិធិ OPEC សម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិ និងមូលនិធិអភិវឌ្ឍ អឺរ៉ុបខាងជើងជាដើម។
លោក Putu Kamayana បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្ដេជ្ញាចិត្ដកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចតាមបែបចូលរួម , កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់៕
ដោយ ៖ សាគុណ
No comments:
Post a Comment