ភ្នំពេញ ៖ ចាងហ្វាងកាសែតម្នាក់ត្រូវបានចៅក្រមស៊ើបអង្កេតតុលាការរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទគំរាមហែកកេរ្តិ៍ក្រោយពីជនជាប់ចោទបានទូរស័ព្ទគំរាមជំរិតទារប្រាក់ពីលោកអាំង មាលតីប្រធានតុលាការខេត្តបន្ទាយមានជ័យជាថ្នូរនិងការមិនចុះផ្សាយរឿងអាស្រូវ។
ជនជាប់ចោទដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ព្រំ សីហា ភេទប្រុសអាយុ៤២ឆ្នាំជាចាងហ្វាងកាសែតព្រលឹងខ្មែរ។លោក ព្រំ សីហា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី២៧ខែមករាឆ្នាំ២០១១នៅក្នុងភោជនីយដ្ឋានឡឺប៊្រេស៊ីដង់ស្ថិតក្នុងខណ្ឌទួលគោកខណៈពេលទៅទទួលយកប្រាក់ពីលោក អាំង មាលតី។ក្រោយចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០១១លោក ព្រំ សីហា ត្រូវបានបញ្ជូនមកកាន់តុលាការរាជធានីភ្នំពេញក្នុងនោះក្រោយពីបានសាកសួរចម្លើយជនសង្ស័យនិងរបាយការណ៍សាច់រឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយលោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក ព្រំ សីហា ពីបទគំរាមកំហែងហែកកេរ្តិ៍តាមមាត្រា៣៧២មាត្រា៣៧៣នៃក្រមព្រហ្មទណ្ឌហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទឲ្យចៅក្រមស៊ើបអង្កេតចាត់ការបន្តតាមច្បាប់។បន្ទាប់មកលោក ឌុច គឹមសនចៅក្រមស៊ើបអង្កេតនៃសំណុំរឿងក្ដីនេះបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទរួចមកក៏សម្រេចចេញដីកាឃុំខ្លួនលោក ព្រំ សីហានៅរសៀលថ្ងៃទី២៩ខែមករា។
គួរបញ្ជាក់ពាក់ព័ន្ធនិងរឿងក្ដីខាងលើប្រភពព័ត៌មានច្បាស់លាស់ពីតុលាការរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថានៅអំឡុងថ្ងៃទី ២៥និង២៦ខែមករាលោក ព្រំ សីហា បានទូរស័ព្ទទៅលោកអាំង មាលតី ជាប្រធានតុលាការខេត្តបន្ទាយមានជ័យដោយអះអាងថាអង្គភាពកាសែតព្រលឹងខ្មែរបានទទួលព័ត៌មានថាលោកអាំង មាលតី មានពាក់ព័ន្ធនិងអំពើពុករលួយនិងស្រីញីច្រើនហើយបើមិនចង់ឲ្យកាសែតព្រលឹងខ្មែរផ្សព្វផ្សាយព័ត៌មានគឺត្រូវប្រគល់ប្រាក់ចំនួន៥០០ដុល្លារជាថ្នូរនិងការមិនចេញផ្សាយព័ត៌មាន៕
មករា
No comments:
Post a Comment