Sunday, January 30, 2011

ការបង្ករឿងជាថ្មីរបស់ថៃដើម្បីប្រកាស សង្រ្គាមឈ្លានពានកម្ពុជា

ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើន ធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមាន សេចក្តីថ្លែងការណ៏ របស់នាយក រដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់ សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា “ភ្នំពេញត្រូវតែដកទង់ជាតិចេញ” និងបណ្តាញឃោសនាដទៃទៀត ដោយបាននិយាយថា “កម្ពុជាគ្មានសិទ្ធិបង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែនវិវាទ ស្ថិតនៅជិតប្រាសាទព្រះវិហារទេ”។ សេចក្តីថ្លែងការណ៏របស់នាយករដ្ឋមន្រ្តីថៃបែបនេះ គឺជាទង្វើមួយដើម្បី ជាលេសប្រកាសសង្រ្គាមឈ្លានពានកម្ពុជា។ រដ្ឋាភិបាលថៃគ្មានសិទ្ឋិប្រើកំលាំង យោធាប្រឆាំងនឹងអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះឡើយ។ ទីតាំងដែលនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជាទីកន្លែងដែល កងទ័ពថៃបានឈ្លានពាន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។
បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់លាស់ដោយផ្អែកលើផែនទីដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបានផលិតឡើងនៅឆ្នាំ ១៩០៨ ស្របតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូសផែនទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាពស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវមហិច្ឆតារបស់ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏ជាងនេះទៅទៀត ដាក់ទឹកដីកម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ងបែបអត្តឃាតដ៏ឆ្កួតលីលាដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយផ្លូវច្បាប់អន្តរជាតិរួចទៅហើយ។
កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២. “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា”។
សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពីការ វាស់វែង និងកំណត់ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដែលទទួលស្គាល់ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់សំរាប់ការវាស់វែង និងកំណត់ ខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម វត្តកែវសិក្ខាគិរីស្វារៈ ដែលប្រជាជនកម្ពុជាបានកសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដីកម្ពុជា។ ហេតុនេះការដាក់បង្ហោះទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះគឺជាការសមស្របតាមច្បាប់។
ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តីថ្លែងការណ៏របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជាទង្វើដើម្បីជាលេស សំរាប់ឈ្លានពានកម្ពុជានាថ្ងៃអនាគតយ៉ាងជាក់ច្បាស់។ ហើយ កម្ពុជាមិនអាចទទួលយកដាច់ខាត និងបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៏ដែលមានលក្ចណៈមើលងាយមើលថោកបែបនេះ។
ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការកាន់កាប់ទឹកដីក្រោម អធិបតេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃមិនអាចរំលោភបំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀតបានបញ្ជាក់យ៉ាងច្បាស់លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
¬¬
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយឥតងាករេនូវមធ្យោបាយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំងទ័ពប្រឆាំងនឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់កម្ពុជាជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកលដែលនឹងធ្វើឡើងក្នុងឆ្នាំនេះ។
នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុសអារម្មណ៍ជាតិនិយមជ្រុល ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួនដែលបង្កឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។
សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែលបញ្ឆេះឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាងជាមួយនឹងរបៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សាអំណាចនយោបាយ នៅក្រុងបាងកក។
ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹងដែលមិនមានភាពចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបានឈ្លានពាន
ដោយកងទ័ពថៃក្នុងឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ។
នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជាសកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់កម្ពុជានោះទេ។ នេះគឺមាន
ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែននៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ
មកនូវហឹង្សា។
ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាមដែលទទួលស្គាល់ជាអន្តរជាតិ ការបំពានទំនាក់ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់ក្រុមស្រទាប់ជាន់ខ្ពស់បំផុតថៃ។
ទស្សនៈ
(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)

No comments:

Post a Comment