Saturday, January 29, 2011

លោក អូន ព័ន្ធមុនីរ័ត្ឋ ជា​ឥស្សរជន​ទី​៣​ដែល​បាន​ទទួល​ខ្សែ​ក្រវ៉ាត់​ខ្មៅ​កិត្តិយស ការ៉ាតេ​៦​ដាន់​ពី​សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក

ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​ក្លាយ​ទៅ​ជា​ឥស្សរជន​ទី​៣ ក្នុង​ពិភព​លោក​ដែល​ទទួល​បាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ការ៉ាតេ​កិត្តិយស ៦ ដាន់ ដែល​ប្រគល់​ដោយ​សមាគម​កីឡា​ការ៉ាតេ​ជប៉ុន​ពិភពលោក​ ។ ឥស្សរ​ជន​ទី ១ ដែល​បាន​ទទួល​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ការ៉ាតេ​កិត្តិយស ៦ ដាន់​ដូច​គ្នា​នេះ​ដែរ​ គឺ​ប្រធានាធិបតី​ប្រទេស អេហ្ស៊ីប និង​ទី​២ គឺ​ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល ។
ពិធី​ប្រគល់​ខ្សែ​ក្រវ៉ាត់​ខ្មៅ​កិត្តិយស​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៨ មករា​ដោយ​គណៈ ប្រតិភូ​សមាគម​ការ៉ាតេ​ជប៉ុន ហើយ​ស្ថិត​ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
យោង​តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក​បាន​កត់​សម្គាល់​ពី​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ឋ ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​កីឡា​ការ៉ាតេ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ព្រម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ខិត​ខំ​បណ្តុះបណ្តាល ផ្សព្វ​ផ្សាយ​ក្បាច់​ការ៉ាតេ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​កីឡា​នេះ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស ដែល​មាន​កាយ​សម្បទា​រឹង​មាំ និង​ធ្វើ​ឱ្យ​មាន​ស្មារតី​ភ្លឺ​ស្វាង សម​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត​ផង ។
មន្ត្រី​នោះ​ឱ្យ​ដឹង​បន្ត​ទៀត​ថា លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ឋ ដែល​សព្វ​ថ្ងៃ​មាន​តួនាទី​ជា​ប្រធាន​កិត្តិយស​សមាគម​ការ៉ាតេ និង យូដូ​កម្ពុជា​នោះ​បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាគម​ការ៉ាតេ​ជប៉ុន​ពិភព​លោក ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្លឹប​ការ៉ាតេ យូដូ​កម្ពុជា ហើយ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​​កីឡា​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន​នឹង​មាន​ការ​រីក​ដុះ​ដាល​​ជា​ប្រយោជន៍​ដើម្បី​កសាង​ធន​ធាន​មនុស្ស​នៅ​កម្ពុជា៕
ស្នាយពល

No comments:

Post a Comment