កោះស្តេច-ខេត្តកោះកុង: ប្រជាពលរដ្ឋក្រីក្រនៅស្រុកគីរីសាគរជាច្រើនគ្រួសារ បានធ្វើការអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ចំពោះការដណ្តើមកាន់កាប់ដីធ្លីពីសំណាក់ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD ដែលតែងតែធ្វើការរុះរើផ្ទះសម្បែង និងបំផិ្លចបំផា្លញដំណាំដាំដុះ ដោយមិនមានការឯកភាពពីម្ចាស់ និងអនុវត្តគោលការណ៍ដោះស្រាយជាសំណងអ្វីទាំងអស់។
ប្រជាពលរដ្ឋម្នាក់បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា គាត់មានផ្ទះសម្បែង និងដីធ្លីទំហំប្រមាណជិតដប់ហិកតា នៅព្រែកអាវសូវង់ ក្នុងឃុំកោះស្តេច ស្រុកកោះស្តេច ខេត្តកោះកុង និងមានដំណាំជាច្រើនមុខ រួមនឹងមានផ្ទះមួយខ្នង ហើយដីធ្លីនោះគាត់កាន់កាប់តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ដោយមានប្លង់កម្មសិទ្ធិលេខ E1.0135ចុះថ្ងៃទី១៧.១២.១៩៩៣ និងប្លង់មួយសន្លឹកទៀតមានលេខ កក ០០២២២៥ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៩៨ ស្រាប់តែនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះមានលិខិតមួយសន្លឹករបស់ក្រុមការងារចម្រុះគណៈកម្មការអន្តរក្រសួង បានបង្ខំឲ្យរូបគាត់រុះផ្ទះសម្បែងចេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១១ ជាបន្ទាន់ ដោយរូបគាត់ជាស្ត្រីមេម៉ាយ មានការយឺតយ៉ាវក្នុងការរុះរើផ្ទះសម្បែងនោះ ស្រាប់តែក្រុមការងារនោះគេបាននាំគ្នាមករុះរើដោយកំទេចចោលទាំងស្រុងតែម្តង ។
គាត់បន្ដថា ក្នុងខ្លឹមសានៃលិខិតបង្គាប់ឲ្យរុះរើផ្ទះរបស់គាត់នោះគេសរសេដាក់ថា យោងតាមលិខិតលេខ១៥១០ សជណ,កស ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីឯកភាពតាមរបាយការណ៍អំពីគោលការតម្លៃ ដែលត្រូវទូទាត់សំណង និងគោលនយោបាយសំណងជូនប្រជាពលរដ្ឋក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD របស់គណៈកម្មការអន្តរក្រសួង ប៉ុន្តែនយ័ខាងលើនេះរូបគាត់ជាប្រជារាស្ត្រល្ងង់ខ្លៅមិនចេះអក្សរ មិនបានដឹងនិងយល់ព្រមឯកភាពអ្វីនោះទេ និយាយឲ្យត្រង់ទៅមិនបានដឹងរឿងអ្វីទាំងអស់ ស្រាប់តែពួកគេមករុះរើផ្ទះសម្បែងខ្ទេចខ្ទីរអស់ ។
អ្នកស្រុកគីរីសាគរបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាថា បើតម្រូវការដីវិនិយោគទៅហើយក៏ពួកគាត់មិនថាអីដែរ តែអាណិតមេត្តាដោះស្រាយតាមជាក់ស្តែង បានដល់ដៃរាស្ត្រកុំមានតែរបាយការណ៍ ហើយលុយមិនឲ្យរាស្ត្រដូចសព្វថ្ងៃនេះ នៅពេលថ្មីៗនេះនៅឯឃុំចម្លងគោក៏មានករណីមករុះរើផ្ទះសម្បែងប្រជាពលរដ្ឋអស់ ចំនួនប្រមាណ ១៦ ខ្នងដែរ និងមានការលួចដុតផ្ទះប្រជាពលរដ្ឋទៀតផង ដោយសារតែការប្រើអំណាចវិនិយោគហួសព្រំដែន ដោយសំអាងថានៅក្នុងតំបន់ព្រៃនោះពុំមានអ្នកចេះដឹងច្រើន និងជាតំបន់ចុងកាតមាត់ញកកម្រមានអ្នកណាទៅដល់ក្រៅពីពួកគេ ។
លោក ឈេង ឆិ អភិបាលស្រុកគីរីសាគរ ខេត្តកោះកុង មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅពេលនេះ ដោយឡែកក្រុមហ៊ុនខាងលើក៏មិនអាចទាក់ទងសុំការបំភ្លឺបាដែរ ៕
ដោយ : សិលា
No comments:
Post a Comment