ព្រំដែនកម្ពុជា-ថៃ: ចាប់តាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី២៩មករា ឆ្នាំ២០១១ នៅចំណុចមុខតំបន់ប្រាសាទព្រះវិហារ តំបន់សំបុកឃ្មុំ តំបន់វាលឥន្ទ្រី កងទ័ពថៃ បានជីកលេណដ្ឋាន ជាលក្ខណៈត្រៀមប្រយុទ្ធ។ លេណដ្ឋានទាំងនោះ ត្រូវបានជីកក្នុងតំបន់ទឹកដីថៃ។
ដោយឡែកកាលពីម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី២៩មករានេះ នៅចំណុចប៉ុស្តិ៍ចុងព្រិច ប្រឈមនឹងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កងទ័ពថៃ ក៏ត្រូវបានបញ្ជូនចូលក្នុងកងរយឈុតខ្មៅលេខ ២៣០១ ផងដែរ។
ជាមួយនឹងការបង្កើនកម្លាំងទ័ព និងការជីកលេណដ្ឋានតាមព្រំដែនកម្ពុជា កងទ័ពថៃក៏បានបញ្ជាយន្តហោះស៊ើបការណ៍ ហោះចុះឡើងៗ នៅចំណុចភ្នំត្បាល់ រហូតដល់ច្រកជាំស្រងាំ កាលពីម៉ោង ២ រសៀលថ្ងៃទី២៩មករា ឆ្នាំ២០១១។
ចំពោះទង្វើរបស់កងទ័ពថៃទាំងនេះ ត្រូវបានកងទ័ពកម្ពុជា ចាត់ទុកថា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រោះការយន្តហោះស៊ើបការណ៍ថៃនោះ បានហោះឆ្លងកាត់ប៉ុស្តិ៍ព្រះប្រឡាយ របស់កម្ពុជា ដែលស្ថិតក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ។
ចាប់តាំងពីថ្ងៃទី២៧មករា កងទ័ពថៃរាប់រយនាក់ ប្រដាប់ដោយអាវុធ សព្វាវុធធុនធ្ងន់ រថក្រោះ និងរថពាសដែក ត្រូវបានបញ្ជូនមកកាន់តំបន់ព្រំដែនកម្ពុជា ពិសេសព្រំដែនប្រាសាទព្រះវិហារ។
ចំពោះមុខសភាពការណ៍បង្កជំលោះរបស់ថៃដូច្នេះ កម្ពុជា ក៏បានបញ្ជូនកងទ័ព សព្វាវុធធុនធ្ងន់ រថពាសដែក និងរថក្រោះជាច្រើនគ្រឿង ទៅកាន់តំបន់ព្រំដែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ។ ក្បួនកងទ័ពកម្ពុជាបានចេញដំណើរពីបន្ទាយលង្វែក ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨មករា ឆ្នាំ២០១១៕
ដោយ : លី ទីដែន
No comments:
Post a Comment