ព្រំដែនកម្ពុជា-ថៃ: មេបញ្ជាការកងទ័ពកម្ពុជា ប្រចាំទិសប្រាសាទតាមាន់ បានជួបជាមួយមេទ័ពឈុតខ្មៅថៃ កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៩មករា ឆ្នាំ២០១១ ដើម្បីចរចា និងទទួលទានបាយរួមគ្នា ឈានទៅសម្រួលស្ថានការណ៍តឹងតែងរវាងកងទ័ពទាំងពីរ។
ការចរចានៅលើប្រាសាទតាមាន់ ស្ថិតក្នុងភូមិគូ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លើខ្នងភ្នំដងរែក ដឹកនាំដោយលោកវរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរងកងពលអន្តរាគមន៍លេខ ៤២ ទទួលបន្ទុកទិសប្រាសាទតាមាន់ និងលោកវរសេនីយ៍ឯក សំ សួង មេបញ្ជាការរងនៃសេនាធិការយោធភូមិភាគទី៤ បានជួបចរចាជាមួយលោកវរៈសេនីយ៍ឯក អាដុត ប៊ុនថាន់ មេបញ្ជាការកងទ័ពឈុតខ្មៅ ក្នុងវរៈសេនាធំ លេខ ២៦ ប្រចាំខេត្តបូរីរ៉ាំ និងខេត្តសូរិន្ទ។
ការជួបមុខ និងទទួលទានបាយរួមគ្នាលើប្រាសាទតាមាន់រវាងមេទ័ពកម្ពុជា និងថៃ នៅថ្ងៃនេះ ដើម្បីសម្រួលសភាពការណ៍កុំឲ្យតានតឹង។
មេទ័ពកម្ពុជា បានប្រាប់ទៅមេទ័ពថៃ កុំឲ្យនាំកម្លាំងចូលប្រាសាទតាមាន់ ដោយកាន់កាំភ្លើង ហើយនៅពេលថៃធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ត្រូវប្រាប់ដំណឹងមកកម្ពុជាជាមុន។
ជាការឆ្លើយតប មេទ័ពឈុតខ្មៅថៃ បានបញ្ជាក់ថា ការនាំកម្លាំងកងទ័ពថៃមកកាន់តំបន់ព្រំដែនកម្ពុជា គឺដើម្បីទប់ កុំឲ្យក្រុមជ្រុលនិយមថៃ រុលចូលប្រាសាទតាមាន់។ ម្យ៉ាងវិញទៀត នៅពេលសមយុទ្ធយោធា ដោយបាញ់គ្រាប់ពិត ទាហានថៃ នឹងផ្តល់ដំណឹងដល់ភាគីកម្ពុជា ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល ហើយសមយុទ្ធនោះ បានធ្វើឡើងក្នុងទឹកដីថៃ ជម្រៅ ៣ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា។
កាលពីយប់ថ្ងៃទី២៧មករា ឆ្នាំ២០១១ ទាហានឈុតខ្មៅថៃ ប្រដាប់ដោយអាវុធ បានឡើង ចូលប្រាសាទតាមាន់ បង្កឲ្យមានភាពតានតឹងកើតឡើង។ នៅប្រាសាទតាមាន់ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាថា មិនត្រូវមានកងកម្លាំងណាមួយ កាន់អាវុធចូលឡើយ គឺរក្សាទុកតែកម្លាំងស៊ីវិលប៉ុណ្ណោះ៕
ដោយ : លី ទីដែន
No comments:
Post a Comment