Saturday, January 29, 2011
ស្ថានភាពព្រំដែនទ្រឹង ខណៈសព្វាវុធប្រយុទ្ធរបស់កម្ពុជាទៅដល់ចំណុចគោលដៅ
ភ្នំពេញ: ស្ថានភាពប្រឈមនៅចំណុចព្រំដែនក្នុងតំបន់ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងសភាពទ្រឹងដដែលរហូតមកដល់ព្រឹកថ្ងៃទី២៩ខែមករានេះ។ កងទ័ពទាំងសងខាងបានរក្សាភាពប្រុងជើងការណ៍នៅលើចំណែកទឹកដីរៀងៗខ្លួន។ ចំណែកកងទ័ពកម្ពុជាបានព្រមានទុកជាមុនថា បើទាហានសៀមហ៊ានឆ្លងចូលមកក្នុងទឹកដីកម្ពុជានោះនឹងទទួលនូវការកំទេច។
សេចក្តីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារនាម៉ោង៩ព្រឹកថ្ងៃទី២៩ មករានេះបានឲ្យដឹងថា ស្ថានភាពយោធាចាប់តាំងពីចំណុចប្រាសាទតាមាន់ តាក្របី នៃខេត្តឧត្តរមានជ័យរហូតមកដល់ចំណុចប្រាសាទព្រះវិហារនៃខេត្តព្រះវិហារបានស្ថិតនៅក្នុងសភាពដដែល ដែលទាំងសងខាងមិនមានអ្វីប្រែប្រួល។ ប៉ុន្តែខាងកម្ពុជាបានប្រុងប្រយ័ត្នខ្ពស់ដោយសារតែទាហានសៀមទាំងនោះតែងតែបង្កហេតុមិនឲ្យដឹងជាមុន។ ដោយឡែកគ្រឿងសព្វាវុធយោធាធុនធ្ងន់ដែលមានរថក្រោះ រថពាសដែក កាំជ្រួចប្រតិកម្ម បានទៅដល់ខេត្តសៀមរាបហើយកាលពីព្រឹកព្រលឹមថ្ងៃទី២៩ មករានេះ ហើយគេរំពឹងថានឹងទៅដល់ចំណុចគោលដៅនាព្រឹកថ្ងៃដដែលនេះដែរ។
មន្ត្រីយោធានៅទិសប្រាសាទព្រះវិហារ បាននិយាយថា រហូតមកដល់ពេលនេះមិនទាន់មានការជួបគ្នាណាមួយរវាងមេទាហាននៃប្រទេសទាំងពីរក្នុងទិសនេះទេ ហើយខាងសៀមដែលគំរាមនិងទាមទារឲ្យកម្ពុជាដកទង់ជាតិចេញពីវត្តកែវសិក្ខាគីរីស្វារៈកាលពីម្សិលមិញ(២៨មករា)ក៏មិនទាន់មានការទាមទារអ្វីជាថ្មីដែរបន្ទាប់ពីខាងកម្ពុជាបានបញ្ជាក់ច្បាស់ថា គ្មានការដកចេញព្រោះជាទឹកដីនិងវត្តរបស់ខ្មែរ។មន្ត្រីរូបនោះបានបន្តទៀតថា យើងបានព្រមានទុនជាមុនហើយថា បើទាហានសៀមហ៊ានឆ្លងចូលមកក្នុងទឹកដីកម្ពុជានោះកងទ័ពកម្ពុជានឹងប្រើសិទ្ធស្វ័យការពារខ្លួននិងការពារបូរណភាពទឹកដី៕
ដោយ : សិរី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment