ភ្នំពេញ: ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានចុះហត្ថលេខាព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅថ្ងៃអង្គារ ទី១៨មករា ឆ្នាំ២០១១ ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែរបស់កម្ពុជា ដែលកំពុងតែចាប់ផ្តើម។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរួម ចេញផ្សាយនៅរសៀលថ្ងៃទី១៨មករា ឆ្នាំ២០១១ បានបង្ហាញថា អនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍វិស័យរ៉ែ នៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងលោក Douglas Broderick តំណាង UNDP ប្រចាំកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ដើម្បីបង្កើតកិច្ចសហការ ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព តាមរយៈការពង្រឹងផ្នែកគ្រប់គ្រងសាធារណៈនៃវិស័យរ៉ែរបស់កម្ពុជា ដែលកំពុងលេចឡើង។
សេចក្តីប្រកាសដដែល បានលើកឡើងថា ការចុះហត្ថលេខានេះ បានកំណត់គោលដៅថ្មីមួយ ក្នុងទំនាក់ទំនងរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង UNDP។ នៅខែឧសភា ឆ្នាំ២០១០ ក្រសួងឧស្សាហកម្ម និង UNDP បានរួមគ្នារៀបចំសន្និសីទអន្តរជាតិ លើកទី១ ស្តីពី ការធ្វើអាជីវកម្មរ៉ែ "ឱកាសសំរាប់កម្ពុជា"។ គឺជាការច្បាស់ណាស់ដែលថា កម្ពុជាមាននូវធនធានរ៉ែដ៏មានតម្លៃ ប៉ុន្តែការងារលំបាក គឺការធ្វើឲ្យធនធានរ៉ែទាំងនេះ ក្លាយទៅជាសម្បត្តិថ្មីមួយ ដែលនឹងបង្កើតនូវកាលានុវត្តន៍ និងជួយកាត់បន្ថយភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មាន ក៏បានបង្ហាញថា ក្រោមអនុស្សរណៈនេះ ភាគីទាំងពីរ យល់ព្រមសហការក្នុងផ្នែកនានា ដោយផ្តោតទៅលើ៖ ទី១-ការអភិវឌ្ឍន៍វិស័យរ៉ែ ប្រកបដោយការទទួលខុសត្រូវ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងទី២-ការគាំទ្រដល់ការបង្កើតគោលនយោបាយ និងបទប្បញ្ញត្តិ ដែលត្រូវការចាំបាច់ ដើម្បីធានាឲ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងចីរភាពនៃវិស័យឧស្សាហកម្មរ៉ែរបស់កម្ពុជា និងការអភិវឌ្ឍន៍សមត្ថភាពអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល៕
ដោយ : លីហូវ
No comments:
Post a Comment