ភ្នំពេញ: បន្ទាប់ពីសវនាការយ៉ាងខ្លីនៅព្រឹកថ្ងៃអង្គារនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍
បានសម្រេចដោះលែងជនជាតិថៃ៤នាក់ទៀតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោស។
ជនជាតិថៃទាំង៤នាក់នោះរួមមានឈ្មោះទី១ គុជ ពុនថនជូសាណាសេរី (Kochpontorn Chusana Seree) ទី២ឈ្មោះ សែម ឌីនឡឺតប៊ូឆា(Samdin Lersbusya) ទី៣ឈ្មោះតាយ ណែមួងម៉ាកចន(Taynae Moonmachon) និងទី៤ឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ( Ratree Paiputanapaiboon) ។
ដូច្នេះមកដល់ពេលនេះនៅសល់តែវីរៈ ស៊ុមខ្វាមឃីត ( Veera Somkwamkit) ម្នាក់ប៉ុណ្ណោះនៅក្នុងពន្ធនាគារ។ កាលពីថ្ងៃទី១៣ មករា សាលាដំបូងបានដោះលែង ជនជាតិថៃពីនាក់ឲ្យនៅក្រៅឃុំគឺលោកផានិច វីគីតសេត (Panic Vikitseth) និងស្ត្រីម្នាក់ទៀត ឈ្មោះណារឿម មុលជិតវ៉ារ៉ាតាណា( Maruemol Chitwaratana) ។
នៅព្រឹកព្រលឹមថ្ងៃ អង្គារ៍ ទី១៨ មករា ឆ្នាំ២០១១ តុលាការសាលាឧទ្ធរណ៍ បានបើកសវនាការលើករណីជនជាតិថៃ ៥ នាក់ សុំនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន។ ជនជាតិថៃទាំង ៥ នាក់នោះ ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃសមកកាន់តុលាការឧទ្ធរណ៍ តាំងពីព្រឹកព្រលឹមម៉ោង ៦ និង ៣០ នាទី។
សវនាការ ដែលដឹកនាំដោយលោកចៅក្រម ជួន ស៊ុនឡេង នៅព្រឹកនេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលស្តាប់ឡើយ។ ប៉ុន្តែបានសម្រេចដោះលែងជនជាតិថៃ៤នាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ បើតាមមេធាវីការពារក្តីអះអាងថា ជនទាំង៤នោះមាន បទចោទមជ្ឈឹមដែលអាចនៅក្រៅឃុំបាន។
ប៉ុន្តែ គេមិនដឹងថា ហេតុអ្វីបានជាស្ត្រីឈ្មោះរ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ដែលទទួលរងការចោទប្រកាន់បន្ថែមជាមួយ វីរៈស៊ុមខ្វាមឃីត នោះត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅ ឃុំដែរនោះទេ៕
ដោយ : លីហូវ
No comments:
Post a Comment