ភ្នំពេញ: នៅព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី១៨មករា ឆ្នាំ២០១១ តុលាការសាលាឧទ្ធរណ៍ បានបើកសវនាការលើករណីជនជាតិថៃ ៥ នាក់ សុំនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន។ ជនជាតិថៃទាំង ៥ នាក់នោះ ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់តុលាការឧទ្ធរណ៍ តាំងពីព្រឹកព្រលឹមម៉ោង ៦ និង ៣០ នាទី។
សវនាការ ដែលដឹកនាំដោយលោកចៅក្រម ជួន ស៊ុនឡេង នៅព្រឹកនេះ មិនអនុញ្ញាតឲ្យអ្នកកាសែត ចូលស្តាប់ឡើយ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យជនជាតិថៃ ២ នាក់ ក្នុងចំណោមជនជាតិថៃទាំង ៧ នាក់ បានស្ថិតនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន កាលពីសប្តាហ៍មុន។
ជនជាតិថៃទាំង ៧ នាក់ ដែលរួមមាន តំណាងរាស្ត្រថៃម្នាក់ បានចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០១០ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនជាតិថៃ ២ នាក់ ដែលមានមេដឹកនាំអាវលឿងម្នាក់ ត្រូវបានចោទប្រកាន់បន្ថែមពីបទចារកម្ម ធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ៕
ដោយ : លីហូវ
No comments:
Post a Comment