ភ្នំពេញ: លោកគ្រីស្យង់ កូណង់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីទ្បា បានចុះហត្ថលេខារួមគ្នា ក្នុងការបន្តអនុវត្តន៍លើអនុសញ្ញាក្របខណ្ឌ Convention Cadre ស្តីពីកម្មវិធីថ្នាក់រៀនពីភាសា ។
ក្រសួងអប់រំ យុវជន និងកីទ្បាបានឲ្យដឹងថា ការបណ្តុះបណ្តាលភាសានេះ គឺទទួលការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងការលើកកំពស់គុណភាពនៃការបង្រៀន និងរៀនភាសាបារាំង តាមរយៈការបណ្តុះបណ្តាលសាស្ត្រាចារ្យផ្នែកភាសាបារាំង សម្រាប់គ្រឹះស្ថានសិក្សាននានានៅទូទាំងប្រទេស ។
លោក អ៊ឹម សិទ្ធី បានឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ទី១៨ មករាកន្លងមកថា កម្មវិធីថ្នាក់ពីភាសាត្រូវបានអនុវត្តន៍តាំងពីឆ្នាំ ១៩៩៤ កន្លងមក ក្រោមការឧបត្ថម្ភពីស្ថានទូតបារាំង តាមរយៈអង្គការ AUF ក្នុងគោលបំណងបញ្ជ្រាបភាសាបារាំងទៅក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់ទី ៥ នៃកំរិតបឋមសិក្សា ដល់ថ្នាក់ទី១២ នៃមធ្យមសិក្សា ដែលត្រូវរៀនភាសាបារាំងផង និងរៀនគណិតវិទ្យា រូបវិទ្យា ជីវវិទ្យាជាភាសាបារាំងផងដែរ ។
លោក គ្រីស្យល់ កូណង់ (Christian CONNAN) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយពេលសង្គ្រាម ដោយជោគជ័យលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានបន្តថា ’នេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា ដែលធ្លាប់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជនបារាំង ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ ក្នុងសម័យកាន់អំណាចរបស់ពួកខ្មែរក្រហម” ។ ដោយតាមរយៈការភ្ជាប់ទំនាក់ទំនងទ្បើងវិញនេះ ភាគីទាំងពីរបានខិតខំលើគ្រប់ផ្នែក ពិសេសគឺការការពារ និងតួនាទីរបស់បារាំងនៅកម្ពុជា តាមរយៈគំរោងនានានៃកិច្ចសហប្រតិបត្តិការបារាំង ក្នុងនោះមានគំរោងថ្នាក់ពីភាសាបារាំង ខ្មែរ ដែល ត្រូវបានបន្តទៅទៀតឲ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ បន្ទាប់ពីចុះហត្ថលេខា លើអនុសញ្ញាក្របខ័ណ្ឌថ្មីសម្រាប់រយៈពេលបីឆ្នាំជាបន្តទៀត ៕
No comments:
Post a Comment