សៀមរាប ៖ មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ខ្នារង្វាស់បានស្ទាក់ចាប់រថយន្តដឹកឈើគ្រញូង ខុសច្បាប់០១គ្រឿងប្រភេទកូរ៉េចំណុះ៥តោន និងរថយន្តរត់ការប្រភេទកាមរីឆ្លាម០១គ្រឿង ព្រមទាំងឃាត់ខ្លួនមនុស្ស៣នាក់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ការបង្ក្រាបរថយន្តដឹកឈើគ្រញូងខុសច្បាប់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ ២០១១ នៅចំណុចស្ពានអូរនារីយំ ក្នុងភូមិអូរអាកុក ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានអោយដឹងថា ជនជាប់ពាក់ព័ន្ធទាំង៣នាក់ដែលឃាត់ ខ្លួនបញ្ជូនទៅតុលាការមានឈ្មោះ ១ ភន់ សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំទីលំនៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ២ សួស វ៉ា ភេទប្រុស អាយុ២៦ឆ្នាំទីលំនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ត កំពង់ចាម ៣ ឌី តូន ភេទប្រុស អាយុ៣២ឆ្នាំទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើបានបន្តថា អ្នកទាំង៣នាក់នេះត្រូវតុលាការខេត្តសៀមរាប-ឧត្តរមានជ័យសំរេចឃុំខ្លួន បណ្តោះអាសន្នហើយកាលពីរសៀលថ្ងៃទី១៧ ខែមករា ។
ទាក់ទិននិងការចាប់រថយន្តដឹកឈើគ្រញូងខុសច្បាប់នេះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្នា រង្វាស់លោក ម៉ុង ប៊ុនលីម បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា រថយន្តដឹកឈើគ្រញូងនេះម៉ាកកូរ៉េចំណុះ៥ តោនពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម ៣A១៨០៦ ក្រុមឈ្មួញដឹក ចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដោយបន្លំដាក់បាវស្រូវពីលើ ហើយឆ្លងកាត់ផ្លូវវិស្វកម្ម ពេលមកដល់ចំណុចខាងលើ លោកបានដឹកនាំកម្លាំងបង្ក្រាបតែម្តង ។ លោកម៉ុង ប៊ុនលីម បានបន្តទៀតថា ពេលឃាត់រថយន្តល្មើសនេះបានហើយ ស្រាប់តែមានរថយន្តកាមរីឆ្លាម០១គ្រឿងមានមនុស្ស៣នាក់ បានចេញមុខអះអាងថា ឈើគ្រញូងនេះជា របស់ពួកគេ ហើយភ្លាមៗនោះដែរស្រាប់តែមានរថយន្តពីរគ្រឿង ទៀតម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខម និងរថយន្តម៉ាកវីហ្គោពណ៌ខ្មៅអត់ស្លាកលេខ អមដោយមនុស្ស៦ទៅ៧នាក់ ស្លៀកពាក់ស៊ីវិលនិងឯកសណ្ឋានកងទ័ព បានមករំដោះយកមនុស្សពីរនាក់ដែលបើកបរឡានដឹកឈើគ្រញូងនោះទៅបាត់ ។
លោកនាយសង្កាត់រូបនេះបានបន្តទៀតថា ដោយឃើញស្ថានភាពបែបនេះលោកបានសុំគោល ការណ៍ពីថ្នាក់លើដើម្បីឃាត់ខ្លួនមនុស្សទាំង៣នាក់នេះ ព្រោះពួកគេមានចេតនារារាំងភារកិច្ចរបស់សមត្ថកិច្ច និងរំដោះយកអ្នកបើកបរឡានដឹកឈើគ្រញូងនេះ ។ លោកម៉ុង ប៊ុនលីម បានបន្តថា លោកបានកសាង សំណុំរឿងចោទប្រកាន់អ្នកទាំង៣នាក់នេះ តាមមាត្រា៩៧ច្បាប់ស្តីពីព្រៃឈើ ។ លោកបានបន្តទៀតថា ឈើគ្រញូងដែលបង្ក្រាបបាននេះមានចំនួន៥៨ដុំស្មើនិង៥,១៥ម៉ែត្រគូប ដែលបច្ចុប្បន្នរក្សាទុកនៅស្នាក់ការ សង្កាត់ ។
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ខ្នារង្វាស់បានអោយដឹងថា ក្នុងពាក់កណ្តាលខែមករាឆ្នាំ២០១១ នេះ កម្លាំងបានធ្វើការបង្ក្រាបរថយន្តធុនធំដឹកឈើគ្រញូងបង្កប់ស្រូវបានពីរករណីហើយលើដងផ្លូវតែមួយ ក្នុងភូមិអូរអាកុក ឃុំកន្ទួត ស្រុកស្វាយលើ ដែលឈើគ្រញូងទាំងអស់នេះក្រុមឈ្មួញដឹកចេញពីភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បំរ៉ុងយកទៅកាន់ខេត្តកំពង់ចាម៕
ហម សំបូរ
No comments:
Post a Comment