Tuesday, January 18, 2011

នេ​ប៉ាល់​រៀនសូត្រ​ពី​ការងារ​បោសសម្អាត​គ្រាប់មីន​ពី​កម្ពុជា​

ភ្នំពេញ​: ប្រតិភូ​មកពី​ក្រសួង​សន្តិភាព​និង​ស្ថាបនា​ឡើង​វិញ​របស់នេ​ប៉ាល់​បាន​ស្នើ​ឱ្យ​សុំ​ឱ្យ CMAC ផ្តល់​បទពិសោធន៍​និង​រៀបចំ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នេ​ប៉ាល់ទាក់​ទងនឹង​បញ្ហា​គ្រាប់មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​និង ការកសាង​ប្រទេស​ឡើង​វិញ​ក្រោយពី​សង្គ្រាម​នៅក្នុង​ប្រទេស​នេ​ប៉ាល់​។​ នេះ​បើ​យោង​តាម​ការអះអាង​របស់ លោក ហេង រតនា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាពកម្ចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់​(CMAC)​។​

​គណៈប្រតិភូ​នេ​ប៉ាល់​ដឹកនាំ​ដោយ​លោក រ៉ា​កាម ឈេម​ជុង (Rakam Chemjong)​រដ្ឋមន្ត្រីក្រសួង សន្តិភាព​និង​ស្ថាបនា​ឡើង​វិញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​សប្តាហ៍​ដើម្បី ស្វែងយល់​ពី​ការងារ​ដឹកនាំ​និង​កិច្ចសហប្រតិបត្តិកា​រ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។ 

​កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែ មករា នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា លោក ហេង រតនា​បានឱ្យដឹងថា គណៈប្រតិភូ​នេ​ប៉ាល់​មាន​ការចាប់អារម្មណ៍​នៅក្នុង​ការកសាង​ប្រទេសឡើង​វិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើឱ្យ​ប្រទេស​មាន​ការរីកចម្រើ​ន​និង​អភិវឌ្ឍន៍​បន្ទាប់​ពី​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ហើយ​បាន​បន្សល់ ទុក​នូវ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​។​

​លោក​បាន​បន្ត​ថា​ក្រសួង​សន្តិភាព​និង​ស្ថាបនា​ឡើង​វិញ​របស់នេ​ប៉ាល់​ទើបតែ​បង្កើតឡើង​ថ្មី មិនទាន់​មាន​បទពិសោធន៍​ទាក់ទង​នឹង​បញ្ហា​គ្រាប់មីន​នៅឡើយ​ហើយ​ពួក​គេ​ចង់​រៀនសូត្រពី​កម្ពុជា​ពី​របៀប​នៃ​ការរៀបចំ​ដោះមីន ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​នេ​ប៉ាល់ សន្យា​នឹង​បញ្ជូន​មន្ត្រី​មក​រៀនសូត្រ​នៅ​ប្រទេស​កម្ពុជា​ជាម​យួយ CMAC។​

​បញ្ហា​សំខាន់​នៅនេ​ប៉ាល់​គឺ​ប្រទេស​នេះ​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ ហើយ​ពេលនេះ​កំពុង​តែ​រៀបចំ​ឱ្យ​មាន​សន្តិភាព​ពេញលេញ​ដោយ​នៅ​ថ្ងៃ​ខាង​មុខ​សង្ឃឹម​ថា​បទពិសោធន៍​ដែល​ទទួលបាន​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​អាច​ជួយពន្លឿន​ល្បឿន​នៃ​ការបោសសម្អាត​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​យ៉ាង​ឆាប់រហ័ស​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ប្រទេស​នេ​ប៉ាល់​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​ធ្វើការ​ហ្វឹកហ្វឺន បណ្តុះបណ្តាល​អប់រំ​អំពី​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ដល់​មន្ត្រី​នេ​ប៉ា​ល់ហើយ យើង​មាន​ការរីករាយ​ចំពោះ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍រ​បស់ CMAC ​ជាមួយនេ​ប៉ា​ល់ ហើយសុំ​ឱ្យ​នេ​ប៉ាល់​ធ្វើ​ការសហការ​ជាមួយ​អ្នកជំនាញ​កម្ពុជា​ដែល​អាច​ចាប់ផ្តើម និយាយ​ជាមួយគ្នា​ពី​របៀប​នៃ​ការហ្វឹកហ្វឺន​ការបញ្ជូន​មន្ត្រី​មក​កម្ពុជា​ជាដើម​។​

​លោក រ៉ា​កាម ឈេម​ជុង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំពោះ​សមិទ្ធផល​នៃ​សកម្មភាព​មីន ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ​ហើយ​សង្ឃឹមថា​នឹង​ដកស្រង់​ពិសោធន៍​ពី​កម្ពុជា​ទៅ​អនុវត្ត​ការងារ​សកម្មភាព​នៅនេ​ប៉ាល់​ឱ្យបាន​ជោគជ័យ​ដូច​កម្ពុជា​ដែរ​។​

​កន្លងទៅនេះ​មាន​បណ្តា​ប្រទេស​ជាច្រើន​បាន​មក​រៀនសូត្រ​ពី​កម្ពុជា​អំពី​បញ្ហា​ដោះមីន ក្នុងនោះ​រួមមាន​ប្រទេស​នេ​ប៉ាល់ កូ​ឡំប៊ី បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ទ្វីបអាហ្វ្រិក​ដូចជា ​អង់កូ​ឡា ម៉ួ​សំ​ប៉ិច ហើយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​រួមមាន​ឡាវ វៀតណាម​និង​ថៃ​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ ​កម្ពុជា​៕

ដោយ : សម្បត្តិ 

No comments:

Post a Comment