Tuesday, January 18, 2011

ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​ថ្មី​ត្រូវបាន​គាំទ្រ​និង​អនុម័ត​សម្រាប់​ឆ្នាំ​២០១៥

ភ្នំពេញ:  សមាជិក​នៃ​បណ្តា​ប្រទេស​ទាំង​១០​របស់​អាស៊ាន រួមទាំង​ចិន កូរ៉េ ជប៉ុន​បាន​ឯកភាព អនុម័ត​គាំទ្រ​ទាំងស្រុង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ដែល​បានដាក់​ចេញពី​ឆ្នាំ​២០១១ ដល់ ឆ្នាំ​២០១៥ ។ នេះ​បើតាម​ការអះអាង​របស់​លោក ទិ​ត ចន្ថា អគ្គនាយក​ក្រសួងទេសចរណ៍​បាន​ប្រាប់​ក្នុង​អង្គ​សន្និសីទ​សារពត៌មាន​មួយនា​ព្រឹក​ថ្ងៃទី​១៨ ខែមករា នៅ​វិមាន​សន្តិភាព​។ 

​លោក​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​នេះ​មាន​ទិសដៅ​សំខាន់​ធំ​ចំនួន​៣​។ ទី​១-​ធ្វើយ៉ាងណា​ជំរុញ​ការអភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ឲ្យ ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​ផ្តល់នូវ​ភាពកក់ក្តៅ​ទេសចរ​គ្រប់រូប​ក្នុងនោះ​ក៏ត្រូវ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​។​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឱ្យ​ស្គាល់​។ ទី​២-​ត្រូវ​លើក​កំពស់​គុណភាព​សេវា ធនធានមនុស្ស គុណភាព​លើ​ផលិតផល​ទេសចរណ៍​ទាំងអស់​ឱ្យមាន​ស្តង់ដារ ធ្វើ​ម៉េច​ឱ្យ​ទេសចរ​មកលេង ឱ្យគេ​ទទួលស្គាល់​សេវា ស្តង់ដា​ទទួលភ្ញៀវ​ល្អ​ដូចគ្នា​នៅក្នុង​តំបន់​យើង​នេះ​។ ទី​៣-​គឺ​បញ្ហា​សម្រួលការ​ធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន​ដឹកជញ្ជូន​ទាំងអស់ ទាំង​ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ធ្វើយ៉ាងណា​ឱ្យ​រហ័ស ឱ្យ​ស្រួល​មិន​បង្ក​ការលំបាក​អ្វី​ទាំងអស់​ដល់​ភ្ញៀវ​។ ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឱ្យ​ភ្ញៀវ​ធ្វើដំណើរ​ទៅលេង​ទីណា​ឱ្យមាន​ភាពកក់ក្តៅ​ដល់​គេ ធ្វើឱ្យមាន​សុវត្ថិភាព សន្តិសុខ​ល្អប្រសើរ​។​

​ផែនការ​ជា​យុទ្ធសាស្ត្រ​នេះ នឹង​ក្លាយទៅជា​ឯកសារ​ផ្លូវការ​សំរាប់​ឱ្យ​ប្រទេស​នីមួយៗ​អនុវត្ត​។ នៅ​ឆ្នាំ​២០០៣ កម្ពុជា​ក៏​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​លើកទីមួយ​ផងដែរ ហើយ​បាន​ត្រៀម​ឯកសារ​សំខាន់​មួយ សំរាប់​កិច្ចព្រមព្រៀង​ទេសចរណ៍​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​នៅ​ក្រុងភ្នំពេញ​។​

​ចំពោះ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ បាន​បង្កើតឱ្យមាន​ផែនទី​បង្ហាញផ្លូវ​មួយ លើ​វិស័យ​ទេសចរណ៍​និង​គាំទ្រ​ការ​ផ្តល់ជំនួយ​បន្ថែម​លើ G.M.S​។​បញ្ហា​ការហោះ​តាមផ្លូវ​អាកាស​នេះ​ជា​កត្តា​សំខាន់​ដែរ​ធ្វើឱ្យ​ភ្ញៀវ​មាន​កំណើន​លឿន​។​៥០​ភាគរយ​នៃ​ភ្ញៀវ​មកដល់​គឺជា​ភ្ញៀវ​មក​តាម​ផ្លូវអាកាស​។​ដូច្នេះ​ទាំង​ប្រទេស​ក្នុង​អាស៊ាន​ក៏ដូចជា​អាស៊ាន​បូក​៣ គឺ​ជំរុញឱ្យមាន​ការហោះ​ហើយ​ត្រង់​ឱ្យបាន​ច្រើន​ថែមទៀត​។​ដោយឡែក​កម្ពុជា ចិន​និង​កម្ពុជា កូរ៉េ យើង​បានធ្វើ​ការហោះហើរ​ត្រង់​រួចហើយ​។ នៅតែ​កម្ពុជា​ជាមួយ​ជប៉ុន យើង​ត្រូវ​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ឱ្យបាន​ឆាប់ ៕

ដោយ : សេរី

No comments:

Post a Comment