កំពង់ចាម: តាមរបាយការណ៍បូកសរុបរបស់មន្ទីរកសិកម្មខេត្តកំពង់ចាម ការប្រមូលផលស្រូវក្នុងឆ្នាំ ២០១០ បង្ហាញថា ទិន្នផលកើនឡើងខ្ពស់ដោយក្នុងមួយហិកតា ៣,២០ តោន ស្មើនឹង ៩៧ ភាគរយ នៃផ្ទៃដីដែលអនុវត្តបានសរុបចំនួនជាង ១៦ សែនហិកតា ប្រហាក់ប្រហែលគ្នាកាលពីឆ្នាំ ២០០៩ ដែលទទួលបានតែមួយហិកតា ៣,១៤២ តោនប៉ុណ្ណោះ ។
លោក ហេង ប៊ិនយិ ប្រធានមន្ទីរកសិកម្មបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យទិន្នផលស្រូវវស្សាកើនឡើង គឺដោយសារអំណោយផលពីទឹកភ្លៀង បានធ្លាក់ពីដើមរដូវ នាំឲ្យកសិករធ្វើស្រែបង្កើនរដូវ កសិករបានប្តូរពូជស្រូវពីធ្ងន់មកស្រាល ។ ពិសេសគឺការជ្រើសរើសពូជរបស់កសិករ គឺពួកគាត់បានប្រើប្រាស់ពូជសុទ្ធល្អ ទិញពីក្រុមហ៊ុនក្នុងស្រុក និងកក្តាចុងក្រោយកសិករបានផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមី មកប្រើជីកាកសំណល់ឡជីវឧស្ម័ន ដែលជារបស់ពួកគាត់មានស្រាប់ដូចជា ជីលាមកសត្វ ធ្វើឲ្យគាត់កាត់បន្ថយការចំណាយទិញជីពីផ្សារ ។ កក្តាទាំងអស់នេះ ធ្វើឲ្យកសិករគាត់ទទួលបានទិន្នផលខ្ពស់ និងនាំឲ្យគុណភាពស្រូវពេលផលិតជាអង្ករគ្មានជាតិគីមី ដែលហៅថា អង្ករសរីរាង្គអាច នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ។
លោកបន្តថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះណែនាំផ្សព្វផ្សាយ ដល់កសិករប្រើប្រាស់ពូជស្រូវស្រាលមិនប្រកាន់រដូវចំនួន ១០ ប្រភេទក្នុងនោះមានដូចជា ៖ ពូជស្រូវឈ្មោះ អ៊ីអែរ ៦៦ សែនពិដោរ ជលសា...ជាដើម ។ ណែនាំឲ្យប្រើប្រាស់ជីដែលកសិករមានស្រាប់ដូចជា ជីកំប៉ុស្តិ៍ ជីលាមក សត្វ ជីកាកសំណល់ឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំបំពុលកសិកម្ម ឲ្យងាកមកប្រើវិធានការទៅតាមបែបបទបច្ចេកទេសវិញ ។
គួរបញ្ជាក់ថា ក្នុងនោះស្រុកដែលទទួលបានទិន្នផលស្រូវវស្សាខ្ពស់ មានស្រុកព្រៃឈរ ស្រុកត្បូងឃ្មុំ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ និងស្រុកបាធាយ ៕
ដោយ : កងមាស
No comments:
Post a Comment