Tuesday, January 18, 2011

សម្ដេចតេជោ​ស្វាគមន៍​​លទ្ធផល​កិច្ចប្រជុំ​របស់ រដ្ឋមន្ដ្រី​ទេសចរណ៍​អាស៊ាន​និង​ប្រទេស​បូកបី



នៅ​ក្នុង​ឱកាស​ទទួល​ជួប​ធ្វើ​សវនាការ​ជាមួយ​ប្រតិភូ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​នារសៀល​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ​២០១១​ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានស្វាគមន៍ និង គាំទ្រទាំងស្រុង លើអ្វីដែលកិច្ចប្រជុំ​របស់​​ រដ្ឋមន្ដ្រីទេសចរណ៍ អាស៊ាននិង ប្រទេស បូកបី​ ដែល​បានសម្រេចអំពីសាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ាន និង ប្រទេសជាដៃគូរបស់អាស៊ាន។

ឯក​ឧត្តម អ៊ាង សុផល្លែត​ ជំនួយការរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យដឹងថា នៅក្នុង​ជំនួប ​សំដែងការ​គួរសម​នោះ លោក JERO VACIK ប្រធានគណៈប្រតិភូរដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន និង ជារដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ឥណ្ឌូណេស៊ីបានរាយការណ៍ជូនសម្ដេចតេជោ​ ហ៊ុន សែន អំពី​ លទ្ធផល ​នៃ​កិច្ច​ប្រជុំទេសចរណ៍អាស៊ានដែលកិច្ចពិភាក្សាបានឯកភាពគ្នាធ្វើយ៉ាងណាដើម្បីពង្រីក និង ពង្រឹង​ ទេសចរណ៍​ រវាងប្រទេសអាស៊ានទាំងអស់ និង ដៃគូរបស់អាស៊ានឱ្យបានកាន់តែរីកធំធាត់ឡើង ។

          នៅក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រីបានសំដែងនូវការអបអរសាទរ និង គាំទ្រទាំង ស្រុង​នូវ​​ការដាក់ចេញទេសចរណ៍ សម្រាប់ឆ្នាំ ២០១១-២០១៥ រវាងប្រទេសអាស៊ាន និង ប្រទេស ជាដៃគូ ហើយ​សម្ដេចក៏បានអបអរសាទរ និង គាំទ្រចំពោះ​ការពិនិត្យ​ឡើងវិញ​នូវយុទ្ធសាស្ដ្រ​ ទេសចរណ៍​ក្នុង​ក្របខណ្ឌ​មហាអនុតំបន់មេគង្គផងដែរ ។

          ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង បទសំភាសន៍ មួយថា យុទ្ធសាស្ដ្រសំខាន់ សម្រាប់វិស័យទេសចរណ៍គឺ​ផ្ដោតជាសំខាន់ទៅ​លើអាស៊ាន​ទាំងមូល​ត្រូវ​តែ​ ខិត​ខំ​ធ្វើ​ការ ​ផ្សព្វផ្សាយ​វិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងឡើង ដោយពង្រីកផលិតផលទេសចណ៍ ទាក់​ទាញ​អ្នក​វិនិយោគ​ ពង្រឹងគុណភាពសេវា តាមរយៈការបណ្ដុះបណ្ដាល ធនធានមនុស្ស ជាពិសេស វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​ ក៏ដូចជាការសម្រួលការធ្វើដំណើរ និង ការដឹកជញ្ជូនជាដើម ។ ឯកឧត្ដម រដ្ឋមន្ដ្រីថ្លែងថា វិស័យ​ទេសចរណ៍​មិនអាចអភិវឌ្ឍបានទេ បើគ្មានការគាំទ្រ ការសហការពីការដឹកជញ្ជូន ពីព្រោះថា អាស៊ាន​ទេសចណ៍​នេះមានសារៈសំខាន់ណាស់ ទាំងក្នុងតំបន់ និង ពីក្រៅតំបន់ចូល មក ផងដែរ ។

          ឯកឧត្ដមរដ្ឋមន្ដ្រីបាន​លើក​ឡើង​ថា ថា កិច្ចប្រជុំក៏បានផ្ដោតផងដែរទៅ លើទីផ្សារសម្រាប់ ពេលអនាគត ដែល​មិនអាច ចោលបាននូវទីផ្សារអឺរ៉ុប ហើយក៏​ត្រូវតែ​ផ្ដោតការ​យកចិត្ដ​ទុកដាក់​ ទៅលើ​ ទីផ្សារក្នុង​តំបន់​អាស៊ាន​ខ្លួនឯង ដោយធ្វើយ៉ាង ណាឱ្យ ចលនាទេសចរណ៍​ ក្នុងអាស៊ានដើរ​ទៅ ជាមួយ ​គ្នាកាន់​តែខ្លាំង​ឡើង​ទាំង​ផ្លូវ​ទឹក ផ្លូវគោក ផ្លូវអាកាស និង ផ្លូវដែក ដោយ​ឯកឧត្តម​ ថោង ខុន​បាន​ បញ្ជាក់​ថា ​​នេះគឺជាចំណុចគន្លឹះសំខាន់បំផុត ។

កិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ានជាមួយប្រទេសបូកបី(អាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូង)និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតបានចាប់ផ្ដើមកាលពីថ្ងៃ​ទី ១៥ មករារហូតដល់ ថ្ងៃទី ២១ មករា ដែលពិធីបើកជាផ្លូវការនឹងប្រព្រឹត្ដទៅនៅរសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១១ ក្រោមអធិបតីភាព​របស់សម្ដេចតេជោ​ ហ៊ុន សែន នៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រ ។


No comments:

Post a Comment