បន្ទាយមានជ័យ: រហូតមកទល់នឹងពេលនេះ ស្ថានភាពតាមជាយដែនខ្មែរថៃរវាងខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញហើយ។ ច្រករបៀងមួយចំនួនត្រូវបានបើកឡើងវិញដូចជាច្ររបៀងម៉ាល័យ ច្រកសិលាខ្មែរ ច្រកទំនប់ដាច់ ច្រកតំបន់៥ជាដើមបានបើកឡើងវិញដោយគេអនុញ្ញាតឲ្យពលរដ្ឋខ្មែរចេញចូលដើម្បីទិញទំនិញបាន។
ប៉ុន្តែ ច្រកមួយចំនួនទៀតដូចជាច្រករបៀងនៅប៉ោយប៉ែត ច្រកជោគជ័យ និងអូរបីជាន់ជាដើម នៅតែបិទដដែល។ យ៉ាងណាក៏ដោយ នៅតែមានពលរដ្ឋខ្មែរលួចឆ្លងដែនជាហូរហែទាំងពេលថ្ងៃនិងពេលយប់។
អ្វីដែលសំខាន់នោះគឺឡានដឹកស្រូវនៅតែកកស្ទះដដែលព្រោះអាជ្ញាធរថៃមិនអនុញ្ញាតឲ្យដឹកចូលស្រុកគេឡើយ។ រីឯទាហានទាំងសងខាងនៅតែមិនទាន់ដកថយនៅឡើយទេ។
នៅក្នុងព្រឹត្តិការណ៍មួយទៀត ទាហានឈុតខ្មៅថៃកងពលលេខ១២បានអញ្ជើញទាហាន ប៉ូលិស និងអាជ្ញាធរខ្មែរនៅទល់ដែនខេត្តបន្ទាយមានជ័យដើម្បីចូលរួមទី២៨ឆ្នាំនៃការបង្កើត កងទាហានឈុតខ្មៅថៃនៅថ្ងៃទី១៩មករាស្អែកនេះក្នុងខេត្តស្រះកែវ។ អាជ្ញាធរនិងប៉ូលិសទាហានខ្មែរនឹងអញ្ជើញចូលរួមក្នុងពិធីនោះដើម្បីបង្ហាញទំនាក់ទំនងកាន់តែល្អជាមួយគ្នា៕
ដោយ : សុផុន
No comments:
Post a Comment