ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា នៅពេលដែលច្បាប់ស្តីពីសហជីព ត្រូវបានប្រើប្រាស់ជាផ្លូវការពេលនោះ នឹងបង្កើនបរិយាកាសនៅកន្លែងធ្វើការឲ្យកាន់តែល្អប្រសើរ ពិសេសទំនាក់ទំនងរវាងនិយោជក និងកម្មករនយោជិក សំដៅធានាបានភាពសុខដុមរម្យនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនិងផលិតភាព ។
លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះ ក្នុងអង្គសិក្ខាសាលាត្រីភាគីជុំទីពីរ ស្តីពីកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រយៈពេល ៣ ថ្ងៃ (១៨ ដល់ ២០ មករា ២០១១) ដោយមានការចូលរួមពីភាគីនិយោជក ភាគីសហជីព ភាគីរាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីតំណាងអង្គការ ILO ។
លោកវង សូត ថ្លែងបន្តថា ក្នុងដំណើរការកសាងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ក្រុមយន្តការផ្ទៃក្នុងរបស់ក្រសួងការងារ បានសហការជាមួយតំណាងអង្គការ ILO អង្គភាពពាក់ព័ន្ធរៀបចំបានសេចក្តីព្រាងច្បាប់នេះ ដែលមាន ១៧ ជំពូក និង ៩២ មាត្រា ។ ក្រៅពីកិច្ចប្រជុំជុំទីមួយ ក្រសួងបានរៀបចំប្រជុំ ៣ លើក គឺនៅថ្ងៃទី ២៩ ដល់ ៣០ កញ្ញា ២០១០ ពីថ្ងៃទី ១៣ ដល់ ១៤ តុលា ឆ្នាំ ២០១០ និងពីថ្ងៃទី ២១ ដល់ ២២ តុលា ឆ្នាំ ២០១០ ។ សិក្ខាសាលាត្រីភាគីជុំទី ២ នាពេលនេះ គឺជាវេទិកាមួយប្រព្រឹត្តឡើង ដើម្បីពិគ្រោះយោបល់និងពិភាក្សាស្វែងយល់ខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ពីសំណាក់ភាគីពាក់ព័ន្ធ ដែលមានការកិច្ចរួមចំណែកកសាងច្បាប់នេះ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ទិសដៅសំខាន់មួយទៀត គឺទាក់ទាញអ្នកវិនិយោគក្នុងនិងក្រៅប្រទេស ដើម្បីពង្រីកសក្តានុពលផលិតកម្ម និងបង្កើតការងារស្របតាមតម្រូវការរបស់កម្ពុជានាពេលនេះ ក៏ដូចជាអនាគត ។ ម្យ៉ាងទៀតយោងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ក្នុងវេទិការរវាងរាជរដ្ឋាភិបាល និងផ្នែកក្រសួងការងាររៀបចំច្បាប់ស្តីពីសហជីព និងអាចដាក់ឲ្យប្រើប្រាស់ បាននៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០១១ ខាងមុខនេះ ។
លោកជួន មុំថុល តំណាងឲ្យភាគីសហជីពមានប្រសាសន៍ថា យោបល់របស់សហជីពមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ប៉ុន្តែនៅសល់មួយចំនួនទៀត ពុំត្រូវបានគេដាក់បញ្ចូលនៅឡើយ ។ ចំណុចសំខាន់ គឺនៅត្រង់មាត្រា ១២ ចំណុច ង ត្រូវសរសេរឲ្យបានច្បាស់ ព្រោះសហជីពដែលបង្កើតដំបូងលុះត្រា តែមានសមាជិក ២០ ភាគរយ នៃកម្មកររោងចក្រទាំងអស់ គឺមិនអាចទទួលយកបានទេ ។ ចំណុចនេះលេខាកត់ត្រា ពុំបានសរសេរបញ្ចូល ឬយ៉ាងណាទេ ។
លោកជួន មុំថុល បញ្ចេញមតិថា ចង់ឲ្យច្បាប់នេះចេញប្រើមានការអនុវត្តបានរលូន ដោយពុំមានអ្នកតវ៉ា ។ លោកក៏បន្ទោសដល់លោកអាត់ ធន់ ដែលអវត្តមាន ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ហើយលោកសង្ឃឹមថា ការពិភាក្សារយៈពេល ៣ ថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ ៕
ដោយ : សុពិសិដ្ឋ
No comments:
Post a Comment