Thursday, January 13, 2011

ឧត្តមសេនីយ៍ត្រី​យោធា សា​មិត្ត វីរៈ មាន​ជាប់​ពាក់​ព​ន្ឋ័​នឹង​ចលនា CFF

ភ្នំពេញ​: ​រហូតមកទល់​ពេលនេះ​តុលាការយោធា​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​ករណី ឧត្តមសេនីយ៍​សាមិត្ត វីរៈ និង​អនុសេនីយ៍ត្រី​យោធា​ម្នាក់​ជា​អ្នកបើកបរ​ព្រោះ​ត្រូវ​រង់ចាំ​សមត្ថកិច្ច ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បញ្ជូន​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ទៀត​ដែល​ឃាត់ខ្លួន​នៅ​ខេត្ត​សៀមរាប​មក​ធ្វើការ​សាកសួរ​ជា​បន្ត​ទៀត​សិន​។ 

​ប៉ុន្តែ​នៅ​ចន្លោះ​ពេល​នេះ​តុលាការ​រក​ឃើញ​ឧត្តមសេនីយ៍ត្រី​យោធា និង​អ្នកបើកបរ​ដែល​បានធ្វើការ សាកសួរ​រួច​ហើយ​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់ សន្និធិ​អាវុធ​(​ស្តុក​អាវុធ​) និង សន្និធិ រូបិយ​បណ្ណ័​បរទេស​ប្រភេទ​ប្រាក់​អឺរ៉ូ​ជាច្រើន​លាន​។​

​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​បូរី SANWAH ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស សហការ​និង​ប៉េអឹម​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ឈ្មោះ​សា​មិត្ត វិរៈ​ហៅ​ពេជ្រ ធឿន អាយុ​៤៨​ឆ្នាំ មុខងារ​ជា​ឧត្តមសេនីយ៍ត្រី​យោធា​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផលិតស​ម្ភា​រៈ​យោធា​នៃ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការពារជាតិ​។​

​ជាមួយគ្នា​នោះ ឈ្មោះ​អ៊ុក ប៊ុណ្ណា រិ​ទ្ឋ អាយុ​៤៧​ឆ្នាំ ,​ឈ្មោះ​ជា សុភា អាយុ​៤៧​ឆ្នាំ មុខងារ អ្នក​ទាំង​ពីរ​ជា​វិរៈសេនីយ៍ត្រី​នៅ​អង្គភាព​ទី​ចាត់ការព្រំដែន​នៃ​អគ្គមេបញ្ជាការ​កង​យោធពល ខេមរភូមិន្ទ និង​ឈ្មោះ​រុន សារ៉ាត់ អាយុ​៣១​ឆ្នាំ មុខងារ​អនុសេនីយ៍ត្រី​យោធា​ជា​អ្នកបើកបរ រថយន្ត​ឱ្យឈ្មោះ​សា​មិត្ត វិរៈ តាម​ដីកា​របស់​លោក​ម៉ក់ សីហា ព្រះរាជអាជ្ញារង​អម​អយ្យការ​តុលាការយោធា​។​

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​ចំនួន​៥​ដើម ក្នុងនោះ​មាន​កាំភ្លើងខ្លី​៤​ដើម កាំភ្លើង អាកា​មួយ​ដើម សម្ភារៈ​យោធា​មួយចំនួន ប្រាក់​រាប់​លាន​អឺរ៉ូ​និង​ឯកសារ​មួយចំនួន​ទុកជា វត្ថុតាង​ ។ ​បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​យោធិន​ទាំង​៤​នាក់​នេះ​ទៅ​ទីបញ្ជាការ​ប៉េអឹម​លើ ផ្ទៃ​ប្រទេស​ដើម្បី​ធ្វើ​ការសាកសួរ​។ 

​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ប៉េអឹម​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ឈ្មោះ​សា​មិត្ត វិរៈ និង ឈ្មោះ​រុន សារ៉ាត់ ទៅ​អយ្យការ​អម​តុលាការ​យោធា​ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​ឈ្មោះ​អ៊ុក ប៊ុណ្ណា​រិ​ទ្ឋ និង ឈ្មោះ​ជា សុភា បាន​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​សំអាង​ថា​ពួកគេ​ទាំងពីរ ពុំ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​ពោល​គឺ​គ្រាន់តែ​មក​លេង​ជាមួយ​ឈ្មោះ​រុន សារ៉ាត់​តែ​គាប់​ជួន ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​របស់​តុលាការយោធា​ប៉ុណ្ណោះ​។​
 
​ទន្ទឹម​នឹង​បញ្ហា​ខាងលើនេះ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​​សហការ​ជាមួយ​ប៉េអឹម​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ឈ្មោះ ពើ​យ ប៉ែល​មុខងារ​ឧត្តមសេនីយ៍ ត្រី​យោធា​នៅ​ចំណុច​ភូមិ​ទួល​ក្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​រួច​បញ្ជូន​មក ទីបញ្ជាការ​ប៉េអឹម​ខេត្ត​សៀមរាប​ដើម្បី​ធ្វើការ​សាកសួរ​។​

​ប៉ុន្តែ​ដោយសារ​ករណី​នេះ​ជា​បទល្មើស​យោធា​និង​មាន​អង្គហេតុ​ដូចគ្នា​នឹង​ករណី​ឈ្មោះ​សា​មិត្ត វិរៈ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជូន​ឈ្មោះ ពើ​យ ប៉ែល​មក​រាជធានី​ភ្នំពេញ​តែម្តង​ដើម្បី រង់ចាំ​បញ្ជូនទៅ​តុលាការយោធា​។ 

​ចំពោះ​ករណី​ទាំងពីរ​នេះ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យដឹងថា ឈ្មោះ​សា​មិត្ត វិរៈ​និង​បក្ខពួក មាន​ជាប់​ពាក់​ព័ន្ធនឹង​ចលនា CFF ​កសាង​កម្លាំងប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០០០ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា​។ បន្ទាប់ពី​ទទួល​បរាជ័យ ឈ្មោះ​​សា​មិត្ត វិរៈ បាន​គេចខ្លួន​ប្តូរ​ឈ្មោះ​ប្តូរ ត្រកូល​ជ្រៀត​ ជ្រកចូល​បម្រើ​ក្នុង​ក្រប​ខណ្ឌ​យោធា​របស់ រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕



ដោយ : សម្បត្តិ

No comments:

Post a Comment