Thursday, January 13, 2011

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​និងព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​សុរា​

ភ្នំពេញ: លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​កាត់បន្ថយ ឬ​ឈានទៅ​បញ្ឈប់​ការ​ពិសារ​ស្រា ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម​។​

​    ​លោក​បាន​បន្ត​ដោយ​បង្ហាញ​ពី​ផលវិបាក​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ថា ការ​ពិសារ​សុ​រា ឬ​ជាតិ​អាល់​កុល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ពួកគេ និង​សង្គមជាតិ ដែល​នាំឲ្យ​កើត​ជំងឺ​រលាកថ្លើម ជំងឺ​រលាក​ពោះវៀន ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល ដែល​អាច​បណ្តាលឲ្យ​ពួកគេ ស្លាប់ ហើយ​ក៏​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ផង​ដែ​រ​។ 

​    ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​បន្តថា  “ ការ​ពិសា​ស្រា​ឬ​ជាតិ​អាល់កុល ក៏​បណ្តាល​ឲ្យ មាន​អំពើហឹង្សា​ក្នុង​គ្រួសារ ការ​ឈ្លោះ ប្រកែក​ទាស់ទែង​គ្នា​តាម​ភោជនីយដ្ឋាន ឬ​ទីកន្លែង​សាធារណៈ ការ​ប្រឈម​នឹង​ជំងឺអេដស៍ នៅពេលដែល​ពួកគេ​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង និង​បណ្តាលឲ្យ​ពួកគេ​ពុល​ស្រាឬជាតិ​អាកុល ដែល​ផលិត​ទ្បើង​គ្មាន​ស្តង់ដា​ត្រឹមត្រូវ ” ។​

​     លោក​បន្តថា យោងតាម​ការសិក្សា ប្រជាជន​កម្ពុជា​៦៥​ភាគរយ ដែល​មាន​អាយុ​ចាប់ពី​២៥ ដល់​៦៥​ឆ្នាំ ទទួលទាន​សុរា ឬ​ជាតិ​អាល់​កុល ។ លោក​បាន​លើកទ្បើង​ពី​ភាពគ្រោះថ្នាក់​ជាក់ស្តែង ដែល​កើតមាន​នៅ​ប្រទេស​កម្ពុជា​កន្លងមក ដោយ​ចង្អុលបង្ហាញ​ថា នៅ​ឆ្នាំ​១៩៩៦ មនុស្ស​៤៥​នាក់ បាន​បាត់បង់​ជីវិត ដោយសា​ស្រា លាយ​ជាមួយ​ថ្នាំពុល នៅ​ឆ្នាំ​១៩៩៨ មនុស្ស​៥០​នាក់​បាន​ស្លាប់ ដោយ​សារជាតិ មេ​តា​ណុល ។ នៅ​ឆ្នាំ​២០១០​កន្លងមក​ថ្មីៗ​នេះ មនុស្ស​៤​នាក់​បាន​ស្លាប់ ដែល​គេ​សង្ស័យថា បណ្តាលមកពី​ជាតិពុល​ស្រា​នៅក្នុង ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម ។​

​    ​យោងតាម​ការសិក្សា​មួយទៀត ដែល​ធ្វើ​ទ្បើង​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ កាលពី​ឆ្នាំ ២០០៩ ដែល​បាន​ធ្វើ​ការសាកសួរ​មនុស្ស​១.៤០០​នាក់ នៅក្នុង​ខេត្ត​-​ក្រុង ចំនួន​៧ បាន​រកឃើញថា ៨៥​ភាគរយ នៃ​ប្រជាជន​ដែល​បាន​សាកសួរ អះអាង​ថា​ពួកគេ​ចូលចិត្ត​ទទួលទាន​ជាតិ អាល់​កុល ក្នុងនោះ ១៤​ភាគរយ មាន​អាយុ​១៤​ឆ្នាំ និង​៥២​ភាគរយ មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​២៥​ឆ្នាំ ។  

​    ​លោកស្រី​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ក្រសួង​កិច្ចការនារី បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​១៣​មករា កន្លងមក​ថា ស្រា​ជា​មូលហេតុ មួយ ក្នុងចំណោម​មូលហេតុ​ដទៃទៀត ដែល​បណ្តាលឲ្យ​មាន​អំពើហឹង្សា​ក្នុង​គ្រួសារ ។ លើសពី​នេះ​ការ​ទទួលទាន​ស្រា​នាំឲ្យ​មាន​អំពើហឹង្សា ដទៃ​ទៀត​ដូចជា ករណី​រំលោភ​សេពសន្ថវៈ យើង​ឃើញ​ថា​ជនល្មើស​ភាគច្រើន ទទួលទាន​សុរា ដែល​ធ្វើឲ្យ​គាត់​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ។​

​    ​លោកស្រី​បាន​បន្តថា  “ ខ្ញុំ​សូម​អបអរ​ចំពោះ​ក្រសួង​សុខាភិបាល ដែល​បាន​ចេញ​ការអំពាវនាវ កាលពី​ពេល​ថ្មីៗ​នេះ ឲ្យ​ប្រជាជន​កាត់​បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដើម្បី​ធ្វើឲ្យ​ប្រជាជន មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​របស់​ខ្លួន ” ។​

​    ​នៅ​ថ្ងៃ​អង្គារ ទី​១១ មករា កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច កុំ​ពិសារ​សុ​រា នៅពេល​កំពុង​បំពេញការងារ ជាពិសេស​នគរបាល​ច​រាចរ ដែល​មាន​តួនាទី​អនុវត្តន៍​ការផាកពិន័យ អ្នកបើកបរ​ស្រវឹង​ដែល​ល្មើសច្បាប់​ចរាចរ ។ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ក៏​បាន​បន្ត​ដាស់តឿន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ចរាចរ ដែល​បណ្តាល​មកពី​ការសេព​គ្រឿង​ស្រវឹង ព្រោះ​ពេល​នេះ​ជា​រដូវ​រៀប​អាពាហ៍ពិពាហ៍ ដែល​មនុស្ស​គ្រប់រូប​សប្បាយ​នឹង​គ្រឿង​ស្រវឹង ៕

No comments:

Post a Comment