Thursday, January 13, 2011

ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​​ស្ងប់ស្ងាត់​​ខណៈ​ពួកអាវលឿង​​ប៉ុនប៉ង​ធ្វើការ​​អុកឡុក​​​តំបន់ខ្លងឡឹកទល់មុខ​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ​ ៖ ​តាម​អ្នក​យកព័ត៌​មាន​​កោះសន្តិភាព​​ប្រចាំ​​ក្រុងប៉ោយប៉ែត​​បាន​ឱ្យ​​ដឹ​ងថា ​ព្រឹក​ម៉ោង​៨ ​ថ្ងៃទី​​១៣ មករា ២០១១ ​បន្ទាប់ពី​​សមត្ថ​កិច្ច​​ទាំង​​២ភាគី​​កម្ពុជា​-ថៃ​ បើក​​ច្រកទ្វារ​​​អន្តរជាតិ​ចេញ-ចូល​​​រួចមក​នោះ គេ​​សង្កេត​ឃើញ​​ការចេញ-ចូល​​របស់​ភ្ញៀវ​​ទេសចរ​​មានសភាព​​ស្ងប់ស្ងាត់​​​ជាង​សព្វ​​មួយដង ឯ​ការ​ដឹក​ទំនិញ​​​ទៅមក​ក៏ត្រូវ​​បានកាត់បន្ថយ​​ដែរ ។ ​ភាព​ស្ងប់​​ស្ងាត់​​​ដែលគួរ​ឱ្យ​​​កត់សំគាល់​​នេះ​បាន​កើត​មាន​ព្រម​​ពេលជាមួយគ្នា​នឹង​​ពួកជ្រុល​និយម​​អាវ​លឿង​​សន្យា​ថា ​នឹង​ប្រមូល​គ្នា​​ឱ្យបានច្រើន​​​សន្ធឹក​សន្ធាប់​​មក​អុកឡុក​​នៅតាមខ្សែ​​បន្ទាត់ព្រំដែន​​​​ ជា​ពិសេស​​​​​ច្រកទ្វារ​​អន្តរជាតិ​​ខ្លង​ឡឹក​​ ទឹកដី​ថៃ ​ទល់​មុខ​ក្រុង​​​​​ប៉ោយប៉ែត​​ ទឹកដីកម្ពុជា ប្រយោជន៍​​ទាមទារ​​​ឱ្យ​មានការ​ដោះ​លែង​ពលរដ្ឋ​ថៃ​៧​នាក់​​ដែល​កំពុង​ជាប់​គុកព្រៃ.ស​ក្នុងប្រទេស​កម្ពូជា ។​
ចាប់​ផ្តើម​​​តាំង​ពី​រសៀលម្សិលមិញ​​រហូត​មក​ដល់ព្រឹក​​នេះ (ទី​១៣ មករា ២០១១) ​ក្រុមជ្រុល​និយម​សៀម​​​​អាវលឿង​​បានចាកចេញ​ពីទីក្រុង​បាង​កក ​មក​ប្រមូលផ្តុំគ្នា​​នៅទីប្រជុំ​ជន​ស្រុក​អារញ្ញ​​​ ខេត្ត​ស្រះកែវ ​ដោយមានការ​​ចាក់មេក្រូ​​ លើក​បដា​​ព្រោងព្រាត ​ហើយពួក​​គេប៉ុនប៉ង​​​ចូល​ទៅ​កៀក​ស្ថាន​កុងស៊ុល​​​កម្ពុជា​ប្រចាំ​ខេត្ត​​​​ស្រះកែវ (ស្ថិត​ក្នុង​​ស្រុកអារញ្ញ) ​​ដើម្បី​​ធ្វើការ​តវ៉ា​​ឱ្យ​រដ្ឋា​ភិបាល​​កម្ពុជា ដោះលែង​​ជនជាតិថៃ​​​៧​នាក់ដែល​​​ត្រូវ​បាន​ចាប់ឃាត់ខ្លួន​​​​ពីបទ​ចូល​ក្នុងទឹកដី​កម្ពុជា​​ដោយ​ខុស​ច្បាប់​​​កាលពី​​ព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០។
ទន្ទឹម​​នឹងការមកដល់​របស់ពួកអាវលឿង ​ក្នុង​ទីប្រជុំ​ជន​​ស្រុកអារញ្ញ្​​នេះ គេសង្កេត​ឃើញ​​កំលាំង​ចំរុះ​​របស់ថៃ​​ជាច្រើន​រយនាក់​​កំពុង​​ត្រៀម​​ទប់ស្កាត់​​ និង​រៀបចំ​សណ្តាប់ធ្នាប់​​នៅ​ចំងាយ​ប្រមាណ​​​​៣គីឡូម៉ែត្រ ​ពីច្រក​ទ្វារ​អន្តរជាតិ​​ខ្ល​ង​ឡឹក ទឹកដីថៃ (ច្រក​ប៉ោយប៉ែត​​កម្ពុជា)​...​គេ​មិន​​ទាន់ដឹង​​​ការ​ទប់ស្កាត់​​របស់សមត្ថ​កិច្ចថៃ និង​​ការ​ប៉ុនប៉ង​​អុកឡុក​​របស់ក្រុមអា​វលឿង​​​ អ្នកណា​ខ្លាំង​​ជា​ងអ្នក​ណា​នោះទេ ។​
​គួររំលឹក​​ថា កាលពី​វេលា​ម៉ោង​​​៣រសៀល​ថ្ងៃទី​១២ មករា ២០១១ ​ម្សិលមិញ​​នេះ​តាម​​ប្រភព​ព័ត៌មាន​​ពីមន្ត្រីប៉ូលិស​​ការពារ​ព្រំដែន​​តាម​ខ្សែ​​បន្ទាត់ព្រំដែន​​ក្រុង​ប៉ោយប៉ែត បាន​ឱ្យ​ដឹង​ថា ​ក្រុម​ជ្រុល​​​និយម​អាវលឿង​​ប្រមាណពី​​៣០​ទៅ​​៤០នាក់​បាននាំគ្នាមកដល់​ផ្សារ​​​លើ (ផ្សារ​ទី​២) ​តំបន់​ខ្លង​ឡឹក ​ស្រុកអារញ្ញ ​ព្រំដែន​​​­ប្រទេសថៃ ​ទល់​មុខ​​ក្រុងប៉ោយប៉ែត ​ប្រទេស​កម្ពុជា ដើម្បី​​ធ្វើ​ការ​តវ៉ា​​ឱ្យមាន​ការ​ដោះលែង​​ប្រជាពលរដ្ឋ​​ថៃ​៧​នាក់ ដែលសមត្ថកិច្ច​​​កម្ពុជា​ចាប់ខ្លួន​​​ពីបទ​ចូល​ទឹក​ដីកម្ពុជា​ដោយខុសច្បាប់ ។​
ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​​ដឹង​ថា ​ក្រុមជ្រុល​និយម​​​អាវលឿង​​ដែល​​មកកាន់​តំបន់ទល់មុខ​ក្រុងប៉ោយប៉ែត​​នេះ មិនត្រឹមតែ​មាន​​គ្នា​​ប្រមាណ​ពី​៣០​​ទៅ​៤០​នាក់ប៉ុណ្ណោះទេ ​ពួកគេ​នឹង​មក​ច្រើន​​ថែមទៀត ដែលតាម​ការ​អះអាង​​ថា រាប់​ពាន់​​ឯណោះ​​ ។ ​តាចមេ​ចលនាក្រុមអាវលឿង​​ស្រែក​ឡូ​ឡា​ថា ​ពួកគេ​នឹង​​​តវ៉ា​ ឬ​អុកឡុក​​តំបន់​ទល់មុខ​​ក្រុងប៉ោយប៉ែត​​​ដូចជា​បិទ​ច្រកទ្វារ​​ចេញ​-​ចូល, អុក​ឡុកសមត្ថកិច្ច​​​មិន​ឱ្យធ្វើ​ការ​កើត​ជា​ដើម​...​។​
ស្របពេលជាមួយគ្នានេះ​ដែរ គេ​​ឃើញ​ក្រុម​សមត្ថ​កិច្ច​​ចំរុះ​​ថៃ​ត្រូវ​បានបញ្ជូន​​ប្រមាណ​​៤​ឡាន ​ទៅដាក់​ពង្រាយ​​ចាប់ពី​តំបន់​​​ទល់មុខ​​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត ​រហូត​ដល់​ផ្សារ​លើ​​​ ដែល​មាន​ចំងាយ​​ប្រមាណ​​៣០០ម៉ែត្រ ​ពីផ្សារ​​រុងក្លឿ ដើម្បី​​ត្រៀម​ទប់​ស្កាត់​​កុំ​ឱ្យ​ពួកអាវលឿង​​ធ្វើការ​អុក​ឡុក​​​ផ្តេស​ផ្តាស ។ ចំណែក​សមត្ថកិច្ច​​កម្ពុជា​​​បាន​ត្រៀម​​​ខ្លួនរួច​​ជាស្រេច​ក្នុងការការពារ​​អធិប​តេយ្យ​ភាព​​ បូរណ​ភាពទឹកដី ​ប្រសិនបើ​ក្រុម​​អាវ​លឿង​​ហ៊ាន​​​ធ្វើអ្វី​ផ្តេស​ផ្តាស​​មក​ក្នុងទឹកដី​​កម្ពុជា​នោះ​​កង​កំលាំង​​កម្ពុជា​នឹង​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment