Thursday, January 13, 2011

ពលរដ្ឋ​​ទល់ដែនថៃ​​១.៥០០នាក់​​ត្រៀមទប់​ទល់​​​ពួកអាវលឿង​​ ខណៈ​​ស៊ូ​ថេប ​អះ​អាង​​ថា ​មិន​​អនុញ្ញាត​​​ឱ្យពួក​អាវ​លឿង​បិទ​​​ប៉ុស្តិ៍​​ឆែកឆេរ​​ព្រំដែន

  ពលរដ្ឋ​​ថៃ​នៅទល់ដែនបានប្រមូលផ្តុំ​គ្នា​នៅ​បរិ​វេណ​ទល់​មុខ​​សាលាស្រុក​​​អារញ្ញ
​ដើម្បីធ្វើបាតុ​កម្ម​​ប្រឆាំង​​​​​បណ្តាញ​អ្នកស្នេហាជាតិ​​ថៃ ឬ​ក្រុម​អាវ​លឿង

​ពលរដ្ឋ​​ថៃ​នៅទល់ដែន​ប្រមាណ១.៥០០​នាក់​​មកពី​ស្រុក​ចំនួន​​​៤ នៅ​ខេត្តស្រះកែវ ​​ជាប់​តំបន់​​ព្រំដែន​​​កម្ពុជា-ថៃ ​បានប្រមូលផ្តុំ​គ្នា​នៅ​បរិ​វេណ​ទល់​មុខ​​សាលាស្រុក​​​អារញ្ញ ​ដើម្បីធ្វើបាតុ​កម្ម​​ប្រឆាំង​​​​​បណ្តាញ​អ្នកស្នេហាជាតិ​​ថៃ ឬ​ក្រុម​អាវ​លឿង ដែលគំរាមធ្វើ​​ដំណើរ​​​មក​កាន់​ស្រុក​អារញ្ញ​ ហើយធ្វើ​បាតុ​កម្ម​​ឱ្យបិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​​អារញ្ញ​​-ប៉ោយប៉ែត ។ អ្នក​ភូមិ​​​ទល់ដែនថៃ​ទាំង​នោះ​និយាយ​ថា ​​​ការ​ទទួល​ខុសត្រូវ​​ចំពោះ​​ការជួយពលរដ្ឋ​​ថៃ​​៧​នាក់​​ដែលកំពុង​​ជាប់ឃុំឃាំង​​នៅ​គុកព្រៃ.ស​ក្នុង​ប្រទេស​​​កម្ពុជា​គឺស្ថិត​​​​លើ​រដ្ឋាភិបាល​ និងក្រសួង​ការបរទេស ប៉ុណ្ណោះ​ មិន​មែន​ស្ថិត​​លើក្រុមអាវ​លឿង​ស្អី​នោះ​​ទេ និង​​ជាពិសេស​គឺស្ថិត​លើទិដ្ឋ​​ភាពច្បាប់ ​។ ​អ្នកដែល​​រស់​នៅ​​​តាម​​បណ្តោយ​​ព្រំដែន​​​ថៃ​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​​​​សេដ្ឋ​​កិច្ច​ ​ឬ​គ្រោះថ្នាក់​​ផ្សេង​ទៀត ប្រសិនបើក្រុម​​អាវ​លឿង​​ធ្វើបាតុ​កម្ម​នៅ​តំបន់ព្រំដែន ។​

ជាមួយគ្នានេះ ​នាយប៉ូលិស​​ខេត្តស្រះកែវ ​លោក Theerayuth Thammasaroj បាន​បញ្ជា​​ឱ្យ​ប៉ូលិស​​នៅស្រុក​​​ជាប់ព្រំដែន​​ចំនួន​​៤​បង្កើត​​ប៉ុស្តិ៍​​ឆែក​ឆេរ ដើម្បី​​ឆែកឆេរ​​​រថ​យន្ត​​ចេញ-ចូល​តំបន់​ព្រំដែន​​ក្រែង​​មានលាក់អាវុធ​បង្ក​ភាពអសន្តិសុខ​ ។ ​បញ្ជី​​ឈ្មោះ​សមា​ជិក​បណ្តាញ​អ្នកស្នេហា​ជាតិ​ថៃ និងស្លាក​​លេខ​រថ​យន្ត​របស់ក្រុម​នេះ​ត្រូវ​បាន​​ចែកជូន​​​ទៅ​ឱ្យ​ប៉ូលិស​​ដែល​ឈរជើង​នៅ​តាមប៉ុស្តិ៍​​ឆែកឆេរ​​​ក្នុងទឹកដី​​​ខ្លងឡឹក ឬ​ក្នុង​​ស្រុក​អារញ្ញ​​ទាំង​មូល ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​​ផ្នែក​សណ្តាប់ធ្នាប់​​ ធ្វើយ៉ាង​ណា​ឱ្យ​វ​ាស្ថិតក្នុង​​​ភាព​ជា​ប្រក្រតី​ ។

ចំណែក​លោកស៊ូ​ថេប ​ធឿ​ក​ស៊ូបាន់ ​ឧ​ប​នាយក​រដ្ឋ​មន្ត្រីថៃ​​ឯណោះវិញ ​កាលពីព្រឹក​ថ្ងៃទី​​១៣ មករា ដដែល ​​បានថ្លែង​​ផងដែរ​ថា រដ្ឋាភិ​បាល​​​ក្រោម​​​ការដឹកនាំ​របស់លោកអាប់ភីស៊ីត ​វេ​ចាជីវ៉ា នឹង​មិន​អនុញ្ញាត​​​ឱ្យ​​បណ្តាញ​​អ្នក​​ស្នេហា​ជាតិ​​ថៃ ឬ​ក្រុមអាវលឿង​នោះ​​បិទប៉ុស្តិ៍​​​​ឆែកឆេរ​​ព្រំដែន​សំខាន់​ៗ នៅ​​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ឡើយ ​ព្រោះ​ការបិទ​ប៉ុស្តិ៍​​ឆែកឆេរ​ព្រំដែន​នេះ​ជាការរំលោភបំពាន​​សិទ្ធិ​​​​ពលរដ្ឋ​​ថៃ​ផ្សេង​ទៀត​ដែលរស់នៅ​​តាម​បណ្តោយ​​ព្រំដែន។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរ​នៅ​តំបន់​ព្រំដែន​​បំពេញ​តួនាទីរៀង​ខ្លួន​​ដូច​ធម្ម​តា ។​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​​១៣ មករា ផង​ដែរ​ ​ក្រុម​ជ្រុល​និយម​​​​អាវលឿង​​សៀម​បានទៅ​ប្រមូល​ផ្តុំ​គ្នា​​នៅបរិវេណ​​ទល់មុខ​​វិមានរដ្ឋាភិបាល ​ក្នុងទីក្រុង​​​បាង​កក ដើម្បី​​​ទាមទារ​​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​​អាប់ភី​ស៊ីត ​ឆ្លើយ​តប​​​តាម​​ការ​ទាមទារ​​របស់​ពួកគេ​​ទាក់ទិន​នឹង​​ពលរដ្ឋ​​ថៃ​​​៧​នាក់ ដែលកំពុង​​ជាប់ឃុំឃាំង​​នៅពន្ធនាគារ​​ព្រៃ.ស ក្នុងរាជធានីភ្នំពេញ ។ ក្រុម​ជ្រុល​​និយម​នេះ ក៏​មានផែនការ​​ដាក់​ញត្តិ​ថ្វាយ​ព្រះ​​មហាក្សត្រ​​ភូមិ​បុល អាឌុលយ៉ាដេត ​ចោទ ប្រកាន់​​រដ្ឋាភិបាល​​​លោក​​អាប់ភីស៊ីត ​ពីបទ​បរា​ជ័យ​ក្នុង​ការជួយ​ពល​រដ្ឋ​ថៃ​​៧​នាក់​​នោះ ។​

លោក Chaiwat Sinsuwong ​មេដឹកនាំ​​សំខាន់មួយរូបរបស់​​បណ្តាញ​អ្នកស្នេហា​​ជាតិថៃ ​ក្រុម​អាវលឿង កាលពីថ្ងៃទី​​១២ មករា និយាយ​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​បាតុកម្ម​​បិទច្រក​ព្រំដែន​​អចិន្ត្រៃយ៍​​អារញ្ញ-​ប៉ោយប៉ែត​​​ ជាពិសេស​បិទច្រក​ព្រំដែន​ណាដែល​ផ្តល់​​​ផលប៉ះពាល់​ដល់​កម្ពុជា​ ដើម្បី​​គាប​សង្កត់​​កម្ពុជា​​ឱ្យដោះលែង​​​ពលរដ្ឋ​ថៃ​​៧​នាក់នេះ ។ ប៉ុន្តែ​​ទោះបី​​បែបណា គំរោង​របស់​ក្រុម​​​ជ្រុល​និយម​​នេះ​នឹង​ត្រូវបរាជ័យ​យ៉ាង​អាម៉ាស់​​ ព្រោះមិន​អាច​​បំពានច្បាប់​​បានឡើយ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment