ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១០ មករា លោកឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែងរួមដំណើរដោយលោកឡុង វិចិត្រ ស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យទីតាំងរៀបចំធ្វើកំពង់ផែនិងផ្សារ នៅចំណុចព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅភូមិវឺនខាវ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ។ លោក ម៉ាន់ លីហ័រ មេឃុំអូរស្វាយ បានឱ្យដឹងថា ការកសាងកំពង់ផែនេះ គឺជាគំរោងអភិវឌ្ឍន៍របស់ឃុំស្នើឡើង ដែលមានការគាំទ្រ និងឧបត្តម្ភថវិកា ដោយស្ថានទូតជប៉ុន ប្រចាំកម្ពុជា ក្នុងទឹកប្រាក់ចំនួន៧៨.៥០០ដុល្លារ ។
លោកឡូយ សុផាត បានជំរុញឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ អនុវត្តការងារឱ្យបានល្អ ក្នុងគំរោងផែនការនៅតំបន់ព្រំដែនកម្ពុជា-ឡាវនេះឱ្យបានជោគជ័យ និងមានគុណភាព ប្រសិទ្ធភាពខ្ពស់ ដើម្បីប្រែក្លាយចំណុចខាងលើនេះ ទៅជាផ្សារព្រំដែននិងមានកំពង់ផែជាចំណតសំរាប់ឆ្លងកាត់របស់ភ្ញៀវទេសចរ ព្រោះថា តំបន់នេះជាតំបន់មានសក្តានុពលសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋអាចរកបានចំណូលពីភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល មកទស្សនាកំសាន្តមើលត្រីផ្សោត ទឹកធ្លាក់ ជ្រោះសុភមិត្រ និងតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត នៅពេលដែលយើងសាងសង់កំពង់ផែ និងផ្សារហើយរួចរាល់ជាស្ថាពរនោះ ។
លោកឡូយ សុផាត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវថែរក្សាការពារឱ្យបាននៅដីព្រៃធម្មជាតិ តំបន់ទេសចរណ៍ ពិសេសគឺបរិវេណជុំវិញ ត្រូវធ្វើកំពង់ផែនិងបង្កើតផ្សារ មានទីធ្លាធំទូលាយសំរាប់ភ្ញៀវធ្វើដំណើរមកទស្សនាកំសាន្តនិងមានកន្លែងទទួលទានអាហារសំរាប់ភ្ញៀវ។ កន្លងមកពុំសូវមានភ្ញៀវមកទីនេះច្រើនប៉ុន្មានទេ ដោយសារតែតំបន់នោះមិនទាន់មានផ្សារនិងកំពង់ផែដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអាចឆ្លងពីត្រើយម្ខាងទៅម្ខាងទៀតតាមរយៈកាណូត ឬមធ្យោបាយផ្សេងៗទៀត ។
លោកបានបន្តទៀតថា កាលណាយើងបានរៀបចំតំបន់នេះហើយសង្ឃឹមថា ភ្ញៀវដែលមកពី ប្រទេសឡាវ ឬមកពីបណ្តាខេត្តនានា និងចូលមក ទស្សនាច្រើនកុះករ ក្រោយពីមានផ្សារ និងកំពង់ចម្លងត្រឹមត្រូវដែលជាមធ្យោបាយផ្តល់សុវត្ថិភាព ជូនភ្ញៀវទេសចរមកលេងនៅតាមរមណីយដ្ឋានក្នុងតំបន់ជាយដែននេះ។ ម្យ៉ាងទៀតបើសិនជាមាន ភ្ញៀវជាតិ និងអន្តរជាតិមកច្រើនជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះទទួលបានជីវភាពរស់នៅធូរធារកាន់តែប្រសើរឡើង៕
No comments:
Post a Comment