ឧត្តរមានជ័យ៖ លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹងចំនួន ២.០៥២ គ្រួសារមកពីស្រុក ក្រុងចំនួន ៥ក្នុងខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១១ នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកដែលមកទទួលអំណោយទាំងអស់នោះមានអ្នកផ្ទុកមេរោគអេដស៍មានចំនួន ៣៤០ គ្រួសារចាស់ ជរាគ្មានទីពឹងចំនួន៩០៨ គ្រួសារកុមារកំព្រាចំនួន ២២៥ គ្រួសារនិងជនពិការ ក្រីក្រចំនួន ៥៧៩គ្រួសារ។ អ្នកទាំងអស់នោះមកពីក្រុងសំរោង ៤៥២គ្រួសារ ស្រុកបន្ទាយអំពិល ៤៦២គ្រួសារ ស្រុកចុងកាល់ ៤៣៨គ្រួសារ ស្រុកអន្លង់វែង ៣៥១គ្រួសារ និងស្រុកត្រពាំងប្រាសាទ ៣៤៩គ្រួសារ។ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មីយើង ១០កញ្ចប់ ត្រីខ ៥កំប៉ុង សឺរ៉ាំង ១ ក្រមា១ អាវយឺតដៃវែង១ មុង១ ភួយ១ ក្រណាត់សរ១ដុំក្នុងនោះថវិកា១ម៉ឺនរៀល នំប៉័ងសាប២ ទឹកសុទ្ធឱរ៉ាល់ ២ដប និងថវិកាចំនួន ៣ម៉ឹនរៀល។ ដោយឡែកមានរទេះជនពិការចំនួន ៧គ្រឿងបានផ្ដល់ជូនជនពិការ ៧នាក់ ហើយម្នាក់ៗទទួលបានថវិកា ១ ម៉ីនរៀលនិងរទេះជនពិការ៤៣គ្រឿងទៀតបានផ្តល់ជូនកាកបាទក្រហមខេត្ត សម្រាប់ទុកចែកជូនជនពិការនៅពេលក្រោយ។ក្រៅពីនេះនៅមានថ្នាំពេទ្យមួយចំនួនទៀតផ្តល់ជូនមន្ទីរពេទ្យបង្អែកនិងចែក ថវិកាជូនលោកគ្រូ អ្នកគ្រូនិងយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត ព្រមទាំងសិស្សានុសិស្សផងដែរ និងប្រគេល់ជូនរថយន្ត១គ្រឿងដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យដែលជាអំណោយរបស់លោកនាយឧត្ដមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះលោក ប៉ិច សុខិន អភិបាលខេត្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋនិងក្នុងនាមខ្លួនលោក ផ្ទាល់សូមសម្ដែងនូវការកត្តញ្ញូតាធម៌និងសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះទឹកចិត្តមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លាគ្មានពីររបស់លោកជំទាវប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែនឹករំលឹកនិងព្រួយបារម្ភជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ទឹកចិត្តនិងសកម្មភាពដ៏ប្រសើរថ្លៃថ្លារបស់លោកជំទាវបណ្ឌិត បានឆ្លុះបញ្ចាំងនូវគោលបំណងយ៉ាងជាក់លាក់គឺមនុស្សធម៌។ មហាកិត្តិនាមដ៏ល្បីល្បាញនេះបានរសាត់ជ្រួតជ្រាបសុះសាយនៅក្នុងស្រទាប់កូនខ្មែរទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាមិនតែប៉ុណ្ណោះនៅលើឆាកអន្តរជាតិថែមទៀតរហូតដល់លោកជំទាវបណ្ឌិតបានទទួលនូវការលើកសរសើរនិងផ្តល់នូវកិត្តិនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិក្នុងភាពជាអ្នកដឹកនាំប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។
ដោយជួបជាមួយប្រជាពលរដ្ឋនៅទីនោះលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងនូវការរីករាយ និងក្តីនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នោះហើយនិងបានជម្រាបជូននូវការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាទាំងបីដែលសម្តេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការគិតគូដល់ប្រជាពលរដ្ឋនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រគឺយើងតែងតែធ្វើគ្រប់ខេត្ត-ក្រុងទោះបីលោកជំទាវមិនបានអញ្ជើញមកជួបសំណេះសំណាលនិងចែកដោយផ្ទាល់ក្តីក៏នៅមានតំណាងកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់រួមទាំងថ្នាក់សាខាផងបានអញ្ជើញចុះជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកទាន់ពេលវេលា
លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានជម្រាបជូនប្រជាពលរដ្ឋថា រាល់ជំនួយឧបត្ថម្ភដែលបានយកមកចែកជូនដល់ប្រជាពលរដ្ឋរយៈកាលកន្លងមកក៏ដូចជាថ្ងៃនេះគឹសុទ្ធតែបានមកពីការចូលរួមចំណែកគ្រប់យ៉ាងពីសំណាក់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសតាមរយៈការអំពាវនាវរបស់លោកជំទាវបណ្ឌិតផ្ទាល់។ លោកជំទាវបណ្ឌិតបានបន្តថា នៅក្នុងសកម្មភាពមនុស្សធម៌នេះដែរក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមសហប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធដែលកន្លងមកបានពុះពារគ្រប់ការលំបាកដើម្បីធានាដល់ការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិឬឧប្បត្តិហេតុផ្សេងៗ
ពាក់ព័ន្ធដល់ការរស់រាន្តមានជីវិតឡើងវិញរបស់ប្រជាជាតិកម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវ ដួលរំលំលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរំលឹកដល់ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឲ្យរួចផុតពីការសម្លាប់រង្គាលនៃរបបយង់ឃ្នងឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋដែលបានរស់រានមានជីវិតបានចាត់ទុកថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២
លោកជំទាវបណ្ឌិតបានថ្លែងនូវមោទនភាពយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះភាពជោគជ័យនៃបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់សាខា អនុសាខាកាកបាទរាជធានី-ខេត្តទាំង២៤ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទៅតាមគោលដៅរៀងៗខ្លួនរួមទាំងការគាំទ្រពីរាជរដ្ឋាភិបាលដៃគូនានាក៏ដូចជាពីគ្រប់មជ្ឈដ្ឋានសប្បុរសជនក្នុងគោលដៅតែមួយដូចៗគ្នាគឺអភិវឌ្ឍន៍ប្រទេសនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរលោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចេញទៅរក ការងារធ្វើឬប្រកបរបររកស៊ីនៅប្រទេសថៃដោយគ្មានច្បាប់ទម្លាប់សូមមេត្តាកុំទៅឲ្យសោះ។ ដោយលោកជំទាវចាត់ទុកថា ការអំពាវនាវបែបនេះគឹក្នុងគោលបំណងដើម្បីថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនព្រោះថា ការជ្រើសរើសវិធីបែបនេះគ្មានផលល្អណាមួយសម្រាប់យើងឡើយប្រសិនបើយើងចូលទៅក្នុងទឹកដី ប្រទេសមួយនោះគឺនឹងនាំឲ្យយើងជួបគ្រោះថ្នាក់អាក្រក់ទៅវិញទេហេតុនេះគួស្វែងរកការងារធ្វើឬប្រកបរបររកស៊ីនៅក្នុងប្រទេសយើងវិញប្រសើរជាង។
ក៏ដូចជាការអំពាវនាវទូទៅដែរលោកជំទាវបានផ្តោតជាសំខាន់ទៅលើបញ្ហាគ្រឿងញៀន ជំងឺអេដស៍ អំពើហឹង្សាក្នុងគ្រួសារការថែទាំសុខភាពក្នុងខណៈស្ត្រីមានផ្ទៃពោះគឺក្នុងគោលបំណងតែមួយគត់ដើម្បីសង្គម គ្រួសារក៏ដូចជាសង្គមជាតិទាំងមួលជួបសុភមង្គលភាពសុខដុមរម្យនានិងការអភិវឌ្ឍន៍ក្រោមទឹកមុខប្រកប ដោយភាពញញឹមសប្បាយរីករាយជារៀងរហូត ។
នៅក្នុងឱកាសនោះលោកជំទាវបានជូនថវិកាចំនួន ៥ ម៉ឺនដុល្លារបន្ថែមពីលោកថវិកាសប្បុរសជន ៥ ម៉ឺនដុល្លារសរុបទាំងអស់ ១០ ម៉ឺនដុល្លារដើម្បីកសាងអគារទីស្នាក់ការសាខាខេត្តព្រមទាំងប្រកាសចាត់ចែង ថវិកាមួយចំនួនសម្រាប់បម្រើដល់ការជីកស្រះទឹកស្អាតជូនប្រជាជនក្នុងមូលដ្ឋានខេត្តទាំងមូល។
ជុំ សម្បត្តិ
No comments:
Post a Comment