លោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន និងជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដើម្បីសាកសួរពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងអំពើពុករលួយកាលពីព្រឹកថ្ងៃទី ១៣ មករា ២០១១ និងនៅរសៀលថ្ងៃដដែល នេះដែរ បានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលអន្តរាគមន៍វិញ ដើម្បីឃុំខ្លួននៅទីនោះបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី ។
តាមប្រភពស្និទ្ធនឹងក្រសួងមហាផ្ទៃបានឱ្យដឹងថា លោកម៉ឹក ដារ៉ា អាចជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនជាមួយស្នងការ ស្នងការរងខេត្តបន្ទាយមានជ័យ ហើយនឹងត្រូវបញ្ជូនទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យព្រះរាជអាជ្ញានៅទីនោះចាត់ការតាមច្បាប់...ប៉ុន្តែប្រសិនបើគេរកឃើញកំហុសធំដុំជាងនេះទៀត លោកម៉ឹក ដារ៉ា អាចនឹងត្រូវបញ្ជូនមកចាត់ការនៅតុលាការរាជធានីភ្នំពេញវិញ ។
ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយបានលាក់ការណ៍រឿងនេះ មិនព្រមព្រលយឱ្យដឹងពីមូលហេតុនៃការឃាត់ខ្លួននោះទេ ហើយប្រភពមួយចំនួនក៏មិនហ៊ានទម្លាយដែរ ។ ក្រៅពីលោកម៉ឹក ដារ៉ា ដែលមានឋានៈខ្ពង់ខ្ពស់ ការហៅទៅសាកសួរ និងឃាត់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងទៅលើមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃម្នាក់ទៀតសរុបទាំងអស់គឺ២នាក់
ដោយ ៖ កោះឯករាជ្យ
No comments:
New comments are not allowed.