Thursday, January 13, 2011

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ដោះលែង​ជនជាតិ​ថៃទាំង៧នាក់​ឲ្យនៅ​ក្រៅ​ឃុំ​

ភ្នំពេញ​: ​លោកស្រី​ចាំង ស៊ី​ណាត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១​នេះ បាន​ចេញ​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​ឱ្យ​ជនជាតិ​ថៃ​៧​នាក់ ដែល​ជាប់​ឃុំ​នៅ​ពន្ឋនាគារ ព្រៃ​ស​ឲ្យនៅ​ក្រៅ​ឃុំ​តាម​ការស្នើសុំ​របស់​មេធា​វី​ឡើយ​។​

​ការសម្រេច​មិន​ព្រម​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី លោក​សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចារ​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ថា “​មិន​អនុញ្ញាតិ​ឱ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​នៅ​ក្រៅ​ឃុំ​តាម​ការស្នើសុំ​របស់​លោក​មេធាវី​ប៉ិច វិច្ឆិកា និង​លោក​មេធាវី​រស់ អូន ព្រោះ​ការ ស៊ើបអង្កេត​ក្នុង​រឿងក្តី​នេះ​ពុំ​ទាន់​មានការ​ជឿនលឿន​ទេ​”​។​


​ការសម្រេច​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្តី​ជនជាតិ​ថៃ​ទាំង​៧​បាន​ដាក់​លិខិត​សុំ​ធានាខ្លួន​កូនក្តី​របស់​ខ្លួន​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​១០​មករា​។ 

​លោករ​ស់ អូន និង​លោក​ប៉ិច វិច្ឆិកា មេធាវី​ការពារ​ក្តី​ជនជាតិ​ថៃ​ទាំង​នោះ​បាន​ដាក់​លិខិត​អម​ជាមួយ​លិខិត​របស់​ស្ថានទូត​ថៃ​មួយ​ច្បាប់​ផង រួម​ជាមួយ​ប្រាក់​ធានា​ចំនួន​៧​លាន​រៀល​។ លោក​មេធាវី​អះអាងថា កូនក្តី​របស់​លោក​ត្រូវ​គេ​ចោទ​ពី​បទ​មជ្ឈឹម​ដូច្នេះ​លោក​មាន​លទ្ធភាព​ធានា​ឲ្យនៅ​ក្រៅ​ឃុំ បាន​តាមរយៈ​ការ​តម្កល់​ប្រាក់​ធានា​។ 

​ឯកអគ្គរាជទូត​ថៃ​បាន​សុំ​ធានា​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ត្រូវ​ស្នាក់នៅ​ក្នុង​ស្ថានទូត​ថៃ​ដើម្បី​រង់ចាំ​ការកាត់ក្តី​។​ ប៉ុន្តែ ក្តីសង្ឃឹម​នេះ​មិន​អាច​បាន​សម្រេច​ដូច​ប្រាថ្នា​ទេ​ដោយ​ចៅក្រម​បាន​បដិសេធ​មិន​ព្រមឲ្យ​នៅ​ក្រៅ​ឃុំ​។​

​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ក្នុងនោះ​មាន​សមាជិក​សភា​ម្នាក់​ផង​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១០​ខណៈ​ដែល​ពួកគេ​បាន​ដើរចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់​។ ពួកគេ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា​ដោយ​ទុច្ចរិត​រួចហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​ចុងក្រោយ​នេះ ជនជាតិ​ថៃ​២​នាក់​គឺ វីរៈ ស៊ុម ខ្វាម​ឃី​ត Veera Somk wamkit និង រ៉ា​ទ្រី 
ប៉ៃ​ពូ​តា​ណា​ប៉ៃ​ប៊ូ​ន Ratree Paiputanapaiboon​ ត្រូវបាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ប៉ុនប៉ង ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​៕

No comments:

Post a Comment