Thursday, January 13, 2011

បទវិចារណកថា៖ អធិបតេយ្យភាព​របស់កម្ពុជា​ត្រូវតែ​គោរព​ដាច់ខាត​ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១

ក្នុងរយៈពេលជិតពីរ សបា្ដហ៍កន្លងទៅនេះ មានការធ្វើសេចក្ដី អត្ថាធិប្បាយជា ច្រើនក្នុងចំណោម មជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ ជុំវិញការ ចាប់ខ្លួនជនជាតិ ថៃទាំង ៧នាក់ ដោយអាជ្ញាធរ កម្ពុជា កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ ដែល​ក្នុង ចំណោមនោះមាន វីរៈ សុមខ្វាមឃិត ជាមេដឹកនាំ នៃបណ្ដាញ អ្នកស្នេហា ជាតិថៃ និងម្នាក់ទៀត ជា សមាជិកសភា មកពីគណបក្ស​ប្រជាធិបតេយ្យដែល​ កំពុងគ្រប់គ្រង​អំណាច របស់ប្រទេស​ថៃ បានឆ្លងដែន​ចូលទៅ ក្នុងទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ ហើយបាន​ចូលទៅក្នុង​តំបន់​យោធា របស់កម្ពុជា។ 

            មតិជាតិ និងអន្ដរជាតិបាន យល់ដឹងយ៉ាងច្បាស់ថា ខ្សែបន្ទាត់​ព្រំដែន អន្ដរជាតិរវាង​កម្ពុជា និងថៃត្រូវបាន កសាង​ឡើងដោយអនុសញ្ញា​ឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយផែនទី​អន្ដរជាតិឆ្នាំ ១៩០៨ ត្រូវបាន​ផលិត និងចែក​ចាយដល់ ប្រទេស​ពាក់ព័ន្ធ និងដល់បណ្ដា​ប្រទេស ដទៃទៀតដូច​ជាអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរុស្ស៊ី ។ល។ ហើយប្រទេស​ទាំងពីរកម្ពុជា និងថៃបាន​ប្រើប្រាស់ ផែនទី​អន្ដរជាតិ​ឆ្នាំ ១៩០៨ អស់​រយៈពេលជាង ១០០ឆ្នាំ មកហើយ។ ពិសេស នៅក្នុងឆ្នាំ ១៩៦២ ក្នុងរឿងក្ដីអំពីប្រាសាទ ព្រះវិហារ តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ បានប្រើប្រាស់​ផែនទីឆ្នាំ ១៩០៨ ដើម្បី​សម្រេចក្ដី ហើយបានរកឃើញ​នូវសុពលភាព និងនីត្យា​នុកូលភាព អន្ដរជាតិ​នៃផែនទីឆ្នាំ ១៩០៨ នឹងបាន​កំណត់ ហៅផែនទី​នោះថា មានតម្លៃ​លើសលុប​លើបញ្ញត្ដិនៃ​អនុសញ្ញា ឆ្នាំ ១៩០៤ និង​សន្ធិសញ្ញា ១៩០៧។ ខ្សែ​បន្ទាត់ព្រំដែន​អន្ដរជាតិ រវាងកម្ពុជា និងថៃ ជាខ្សែ​បន្ទាត់​ព្រំដែន ច្បាស់លាស់ និងស្ថាពរ ដែលគ្មាន​តំបន់ជម្លោះ អ្វីឡើយរវាង​ប្រទេស​ទាំងពីរ។
 
            ការឆ្លងដែន​ចូលជ្រៅ​ទៅក្នុង​ទឹកដីកម្ពុជា តាមបង្គោល​ព្រំដែនលេខ ៤៦ ដោយខុស​ច្បាប់ និងចូល ទៅក្នុងតំបន់​យោធាកម្ពុជា ដោយ​ជន​ជាតិថៃ​ទាំង ៧នាក់  ត្រូវបាន​​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយ​មានជ័យ ដែលជា​ភូមិសាស្ដ្រ​ស្ថិតក្នុងទឹក​ដីកម្ពុជា។ រូបភាព​វីឌីអូខ្លីបដែល ត្រូវបានអាជ្ញាធរ កម្ពុជា​រឹបអូស​បានដែល ថតដោយ​ជនជាតិទាំង ៧នាក់ បានបង្ហាញ​​យ៉ាងច្បាស់​លាស់ អំពីទីតាំង នៃ​ភូមិសាស្ដ្រ​នោះ ស្ថិតនៅ​ក្នុងទឹកដី កម្ពុជា​ពិតប្រាកដ ដែលគេ​មិនអាច​ប្រកែកបាន។ ហើយរូបភាព​វីឌីអូខ្លីប គឺជា ភ័ស្ដុតាង​មួយបាន​បង្ហាញ នូវអំពើ​នៃការឆ្លង​ចូលដោយ​ខុសច្បាប់ និងចូលទៅ​ក្នុងតំបន់យោធា​កម្ពុជាដោយ​ជនជាតិ ថៃទាំង ៧នាក់ ដែលអំពើ ទាំងនេះ បានរំលោភ​ទាំងស្រុង​ទៅនឹង​អធិបតេយ្យ និងធ្វើឱ្យប៉ះពាល់​សន្ដិសុខជាតិ​របស់ កម្ពុជា ដែលចាត់​ទុកថា ជាអំពើធ្វើ​ឡើងតាម ផែន​ការ​គិតទុក​ជាមុនរបស់ ជនជាតិថៃ​ទាំង ៧នាក់ នេះ។ 

            ក្រោយពីបានចាប់ខ្លួន ជនជាតិថៃទាំង ៧នាក់ នេះ និងដោយបាន​ពិនិត្យ មើលឃើញ​នូវភ័ស្ដុតាង ដែលអាជ្ញាធរ កម្ពុជារឹប​អូសបាន គឺមន្ដ្រីជាន់ខ្ពស់​នៃរដ្ឋាភិបាលថៃ ក្នុងនោះ​រដ្ឋមន្ដ្រី ការបរទេសថៃ កាស៊ីត ភិរម្យ៉ា ក៏បានទទួល ស្គាល់ថា ជនជាតិថៃទាំង ៧នាក់ នោះ ពិតជាបាន​ឆ្លងចូលទៅក្នុង​ទឹកដីកម្ពុជាដោយ​ខុសច្បាប់។  នៅថ្ងៃទី ១១ ខែ មករា កន្លង​ទៅនេះ តាមការចុះផ្សាយ​របស់សារព័ត៌មាន​អាយអ៊ិនអ៊ិន​អនឡាញ របស់ថៃដោយ​ស្រង់សំដី​របស់ ឧត្ដម​សេនីយ៍ទោ ថៈវ៉ាត់ឆៃ សមុតសាខន មេបញ្ជាការ​ភូមិភាគ ២ ថៃ បានថ្លែងថា ៉ថៃត្រូវទទួល​ស្គាល់ថា ថៃ ៧នាក់ បាន​បំពាន​ចូលទឹកដី​កម្ពុជាតាម​អំពើចិត្ដ ដែលមិន​បានជូនដំណឹង​ដល់សមត្ថកិច្ច​ជាមុន ប្រសិន បើបានជូន ដំណឹង​ជាមុននោះ ក៏នឹងគ្មាន​បញ្ហាពិបាក​ដោះស្រាយ​តាមក្រោយ​ទេ។ បើសិន​នរណាចូល ក្នុងទឹកដី ថៃក្នុង​លក្ខណៈបែបនេះ ក៏ត្រូវចាប់​ខ្លួនដូចគ្នា ព្រោះ​ជារឿង​សេចក្ដីថ្លៃថ្នូរ​ត្រូវតែផ្ដល់​កិត្ដិយស ឱ្យគ្នាទៅវិញទៅមក​។ ៉ 

គួររំលឹកថា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១០ ជនជាតិថៃទាំង ៧នាក់ ត្រូវបានតុលាការកម្ពុជា ធ្វើការចោទ ប្រកាន់​ពី​បទឆ្លងដែនចូល ទៅក្នុងទឹកដី​កម្ពុជាដោយ​ខុសច្បាប់ ដែលរំលោភ​ទៅនឹង​ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពី អន្ដោ​ប្រវេសន៍​កម្ពុជា។ នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១ ហើយតុលាការនៃ ប្រទេសកម្ពុជា ក៏បានធ្វើ ការចោទ​ប្រកាន់ថែម​ទៀត លើជនជាប់ចោទ ២នាក់ ក្នុងចំណោម​ជនជាប់ចោទទាំង ៧នាក់ គឺ វីរៈ សុមខ្វាមឃីត និង រ៉ាទ្រី ភីភាត​តាណា​ពៃប៊ុល ក្នុងបទធ្វើចារកម្ម ដោយបាន​ប្រើឧបករណ៍ បច្ចេកវិទ្យាទំនើប ដើម្បីប្រមូលចង ក្រងព័ត៌មាន នាំឱ្យអន្ដរាយ​ប៉ះពាល់ដល់ ការងារ​ការពារជាតិ និងសន្ដិសុខជាតិ របស់កម្ពុជា​តាមរយៈ​ភ័ស្ដុតាង ដែល ត្រូវបាន​រកឃើញ។ គួររំលឹក​ផងដែរថា វីរៈ សុមខ្វាមឃិត ធ្លាប់បានប្រឆាំង​នឹងកម្ពុជា ក្នុងកិច្ចចុះ​បញ្ជីប្រាសាទ ព្រះវិហារ​ជាសម្បត្ដិ បេតិកភណ្ឌ​ពិភពលោក និងលើកឡើង​នូវផ្ទៃដី ៤.៦ គីឡូម៉ែត្រក្រឡា តាមរយៈ​ផែនទីសម្ងាត់ គូស​ដោយ​ឯកតោភាគី​របស់ ថៃដែលអន្ដរជាតិ​មិនបានទទួលស្គាល់ក្នុង គោលបំណង​ឈ្លានពានទឹកដីកម្ពុជា និង ញុះញង់ឱ្យ​មានការ​សើរើការចុះ បញ្ជីប្រាសាទ​ព្រះវិហារក្នុង សម័យប្រជុំលើកទី ៣៣ នៃគណៈកម្មាធិការ​បេតិកភណ្ឌ ពិភពលោក​នៅក្រុង​សេវីល ប្រទេសអេស្ប៉ាញ ហើយថែមទាំង​បានជេរប្រមាថ ថ្នាក់ដឹកនាំ​នៃប្រទេស កម្ពុជាទៀត ផង ដោយបាន​បំពុលបរិយាកាស ក្នុងគោលដៅដើម្បី អំណាចផ្ទាល់ខ្លួន និងគូកន។

            នៅក្នុងពិភពលោក សម័យទំនើបនេះ  រដ្ឋស៊ីវិល័យមួយ​ត្រូវប្រកាន់យក នីតិរដ្ឋក្នុងទំនាក់ទំនង អន្ដរជាតិរបស់ ខ្លួនជាមួយ​បណ្ដារដ្ឋនានា ដើម្បីរក្សាបាន​សុខសន្ដិភាព ស្ថេរភាព និងសណ្ដាប់​ធ្នាប់ពិភពលោក។ ដូច្នេះហើយ​ករណី ជនជាតិថៃ​ទាំង ៧នាក់ ដែលត្រូវបាន​ចាប់ខ្លួនក្នុងទឹកដីកម្ពុជា គឺត្រូវធ្លាក់ទៅ​ក្នុងប្រព័ន្ធច្បាប់ របស់កម្ពុជា​ក្នុងឋានៈ កម្ពុជាជារដ្ឋ​អធិបតេយ្យ​មួយ។ ករណីនេះ​គ្រាន់តែជា សមត្ថកិច្ចធម្មតារបស់ ប្រទេសនិមួយៗ ហើយអាស្រ័យទៅ តាមច្បាប់​របស់ប្រទេសនោះ ក្នុងចំណាត់ការ​តាមនីតិវិធីធម្មតា​នៃតុលាការរបស់​ប្រទេស​នីមួយៗ ដែលប្រទេស ដទៃ​ទៀត​ត្រូវតែ​គោរព ហើយមិនអាច​ប្រទេស​ដទៃទៀត លូកដៃចូល​ក្នុងកិច្ចការ ផ្ទៃក្នុង​របស់ប្រទេស មួយបាន ឡើយ។  ហើយ​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​នៃប្រទេសថៃ ទំនងជា​បានយល់​ដឹងអំពីប្រព័ន្ធ ច្បាប់កម្ពុជា​ដោយ បានណែនាំ​ឱ្យក្រសួង ការបរទេសថៃ​យកចិត្ដទុក ដាក់អំពីជនជាតិ​ថៃទាំង ៧នាក់ នេះ ហើយព្រមជាមួយ​គ្នានោះ ថៃក៏ត្រូវតែរក្សា នូវទំនាក់​ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរ។ នេះជាឥរិយាបថ​ធម្មតាក្នុង​ទំនាក់ទំនង​អន្ដរជាតិ ដែលរ​ដ្ឋាភិបាលថៃ ត្រូវប្រកាន់​យកដើម្បីរក្សា​ចំណង មិត្ដភាពរវាង​រដ្ឋនិងរដ្ឋ ហើយប្រទេស​ទាំងពីរសម្លឹងមើល ឃើញនូវ​ផលប្រយោជន៍ យូរអង្វែង​ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ​ដែលមាន តម្លៃលើសលុប ពីករណីធម្មតាមួយ ដែលត្រូវដំណើរ​ការ តាមនីតិវីធីច្បាប់។
ដោយ សេក ស

No comments:

Post a Comment