Thursday, January 13, 2011

បុរស​ស្ត្រី​វ័យ​ចំណាស់​៤​នាក់​ត្រូវ​នគរ​បាល​ក្របួច​ក​ជាប់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

 កំពង់ធំ​៖បុរស​ស្ត្រី​ចំនួន​៤​នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​មិន​គួរ​និង​អគតិ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ដង​រហូត​ដល់​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់​ធំ​ក្របួច​ក​ជាប់​កាល​ពី​វេលា​ម៉ោង​៦​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១១​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​អា​ត្រង់​ចំណុច​ភូមិ​អាចារ្យ​លាក់​សង្កាត់​អាចារ្យ​លាក់​ស្រុក​ស្ទឹង​សែន​ខេត្ត​កំពង់​ធំ​នៅ​ខណៈ​ពេល​ដែល​ជន​សង្ស័យ​ទាំង​នោះ​កំពុង​តែ​ធ្វើ​ការ​ចែក​ចាយ​គ្រឿង​ញៀន​។
វត្ថុ​តាង​ដែល​សមត្ថកិច្ច​ប្រមូល​បាន​ភ្ជាប់​ជា​មួយ​ជន​សង្ស័យ​ទាំង​នោះ​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តុប​ហ្វេត​តា​មីន​ពណ៌​ម្ទេស​ទុំ​ចំនួន​៤១៦​គ្រាប់​ថ្នាំ​នេះ​មាន​អក្សរ​W​ជាប់​នៅ​លើ​គ្រាប់​ថ្នាំ​និង​ម៉ូតូ​ម៉ាក​ហុង​ដា​សេរី​២០០៩​ពណ៌​ខ្មៅ​១​គ្រឿង​គ្មាន​ស្លាក​លេខ​។
ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​ទី​១​មាន​ឈ្មោះ​សុខ​សា​រឿន​ភេទ​ប្រុស​ទី២​ឈ្មោះ​ស៊ឹម​សុភាព​ភេទ​ស្រី​អ្នក​ទាំង​២​រស់​នៅ​ខេត្ត​កំពង់​ធំ​ទី៣​ឈ្មោះ​ម៉ឹង​ចាន់​តារា​ភេទ​ប្រុស​និង​ទី​៤​ឈ្មោះ​ភាត​ដា​លីន​ភេទ​​ស្រី​អ្នក​ទាំង​២​រស់​នៅ​ខេត្ត​ព្រះវិហារ​។
លោក​វរសេនីយ៍ត្រី​ងួន​ហៀង​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​បាន​និយាយ​ថា​ជន​សង្ស័យ​ខាង​លើ​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​តាម​ដាន​មក​យូរ​ហើយ​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ​ហើយ​ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​តាម​ការ​អនុញ្ញាត​ពី​លោក​ប៉ែន​សារ៉ាត់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបង​ខេត្ត​កំពង់​ធំ​ផង​ដែរ​។លោក​បញ្ជាក់​ថា​ចំពោះ​សំណុំ​រឿង​នេះ​គឺ​សមត្ថកិច្ច​របស់​លោក​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​ព្រះ​រាជ​អាជ្ញា​៕
កង​ចេ​ស្ដា

No comments:

Post a Comment