បន្ទាយមានជ័យ: ពលរដ្ឋខ្មែរ ៧នាក់ ដែលអាជ្ញាធរថៃសម្រេចដោះលែងនៅថ្ងៃនេះត្រូវបានទទួលស្វាគមន៍យ៉ាងអធឹកអធមពីសំណាក់អាជ្ញាធរដែនដីដោយមានទាំងបាច់ផ្កាសម្រាប់ជូនទៀតផង ។ ការទទួល បដិសណ្ឋារកិច្ចនេះបានទទួលការណែនាំពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យមានអភិបាលខេត្តផងទៅទទួលដល់ព្រំដែន ប៉ោយប៉ែតតែម្តង ។
អាជ្ញាធរថៃបានសម្រេចដោះលែងជនជាតិខ្មែរ ៧នាក់ ដែលខ្លួនចាប់នោះឲ្យវិលត្រឡប់មកប្រទេសវិញនៅល្ងាច ថ្ងៃទី១៣ មករានេះ ។ ការដោះលែងនេះក្រោមហេតុផលថាពួកគេគ្មានកំហុសធ្ងន់ធ្ងរឡើយពោលគឺគ្រាន់តែបណ្ណ័ចេញចូលរបស់ពួកគេហួសសុពលភាពតែប៉ុណ្ណោះ ។ ពួកគេត្រូវបានបញ្ជូនមកដល់ព្រំដែននៅម៉ោង ៦និង១២នាទីល្ងាចនេះ ។
កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តស្រះកែវបានអះអាងប្រាប់ភាគីកម្ពុជាថាពីនេះទៅដល់ថ្ងៃទី២៤ មករា ដែលជាថ្ងៃកំណត់បើកសវនាការរបស់តុលាការ គេមិនអាចធ្វើអ្វីបានទេ ។ ប៉ុន្តែថ្ងៃនេះ ពួកគេបានប្តូរចិត្តវិញដោយសុខចិត្តដោះលែងជនជាតិខ្មែរទាំង ៧នាក់ ឲ្យមកស្រុកវិញជាមួយនឹងការបង់ប្រាក់លោះខ្លួនចំនួនជាងមួយពាន់បាត ។
ពលរដ្ឋខ្មែរទាំង ៧ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ មករាដោយសារតែបណ្ណ័ចេញចូលដីថៃរបស់ពួកគេអស់សុពលភាព ។ ពលរដ្ឋទាំងនោះតែងចេញចូលទៅរកស៊ីនៅលើទឹកដីថៃជាពិសេសក្នុងផ្សាររុងក្លឿជិតទល់ដែនខ្មែរ ៕
No comments:
Post a Comment