ភ្នំពេញ ៖ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានក្រើនរំលឹកឲ្យរដ្ឋបាលព្រៃឈើត្រូវបន្តអនុវត្តនូវវិធានការជាអាទិភាពទាំងឡាយសំដៅទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលតែងកើតមានឡើង និងធ្វើឲ្យវិនាសអន្តរាយដល់ធនធានធម្មជាតិនោះ ។
នៅក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១១កាលពីថ្ងៃទី ១៣ មករា ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តនូវវិធានការជាអាទិភាពទាំងឡាយដែលអង្គប្រជុំរបស់គណៈកម្មាធិការជាតិកាលពីពេលកន្លងទៅនៅក្រសួងកសិកម្ម ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តនានា ជាពិសេសត្រូវតាមដានរាយការណ៍ឲ្យបានទាន់ពេលវេលាអំពីដីកាដកហូតដីព្រៃឈើ ដើម្បីជៀសវាងការយកទៅប្រើប្រាស់ខុសទិសដៅនោះ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ជាងនេះទៀត រដ្ឋបាលព្រៃឈើត្រូវបន្តយកចិត្តទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃឈើឲ្យបានឆាប់រហ័សបំផុតដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីទប់ស្កាត់ និងកាត់បន្ថយការរំលោភបំពានលើដីព្រៃឈើរដ្ឋ ព្រមទាំងធានារក្សាបានជម្រកព្រៃឈើ ៦០%នៃផ្ទៃដីប្រទេសតាមគោលដៅអភិវឌ្ឍសហវត្សឆ្នាំ ២០១៥។ ជាពិសេស ត្រូវគិតបញ្ចូលផងដែរនូវការបែងចែកឲ្យបានច្បាស់លាស់អំពីព្រៃឈើរបស់រដ្ឋនិងព្រៃឈើដាំដោយរដ្ឋ និង វិស័យឯកជនក្នុងនោះត្រូវរាប់បញ្ចូលនូវព្រៃដាំរួមទាំងកៅស៊ូ អាកាស្យា ដូងប្រេង ម៉ៃសាក់ដោយអនុលោមទៅតាម ស្មារតីនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៧ឧសភាឆ្នាំ ២០១០កន្លងមកនេះ។ ជាមួយនេះដែរ នៅក្នុងរដូវប្រាំងនេះគឺមិនត្រូវធ្វេសប្រហែសអំពីបញ្ហាភ្លើងឆេះព្រៃនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថារដ្ឋបាលព្រៃឈើត្រូវបន្តសហការល្អជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញាគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យដំណើរការអនុវត្តការងារវិស័យព្រៃឈើទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ធ្វើការតាមដាន និងជំរុញដល់ស្ថាប័នអយ្យការ និងសាលាដំបូងរាជធានី ខេត្ត ដើម្បីចាត់ការលើសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃឲ្យបានឆាប់រហ័សផងដែរ។ នៅក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យរដ្ឋបាលព្រៃឈើបន្តផ្សព្វផ្សាយច្បាប់ ស្តីពីព្រៃឈើបទប្បញ្ញត្តិ និង បទបញ្ជានានាដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ សត្វព្រៃឲ្យបានកាន់តែស៊ីជម្រៅជ្រួតជ្រាបទៅឲ្យដល់មូលដ្ឋានភូមិ-ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានីទូទាំងប្រទេស និងអប់រំសាធារណជនទូទៅ សិស្ស និស្សិតឲ្យចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើជាតិ ហើយត្រូវពង្រឹងប្រព័ន្ធតាមដានព័ត៌មានលក្ខណៈប្រទាក់ក្រឡាគ្នា និង អន្តរាគមន៍រហ័ស ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលព្រៃឈើដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ដោយពុះពារជម្នះបានគ្រប់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយរហូតដល់មានមន្ត្រីបានពលីជីវិត ខ្លះទៀតទទួលនូវការប្រមាថកាតទានដល់អាយុជីវិតយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នាបានខិតខំបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងការអនុវត្តលើការគ្រប់គ្រងការពារ អភិរក្ស និងអភិវឌ្ឍវិស័យព្រៃឈើក្នុងរយៈពេលពេញ១ឆ្នាំ២០១០ កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកត់សម្គាល់ពីការកើនឡើងនៃចំណូលព្រៃឈើ ដែលបានកើនឡើងដល់ ២៥០,៧៤% ដែលជាការគួរឲ្យកោតសរសើរនោះ។
ឯកឧត្តម ច័ន្ទ សារុន មានប្រសាសន៍ថា ពិតណាស់គោលនយោបាយវិស័យព្រៃឈើជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍវិស័យព្រៃឈើឲ្យបានប្រកបដោយចីរភាព និង ការប្រើប្រាស់ធនធានព្រៃឈើសម្រាប់លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ ស្នាយ ពល
No comments:
Post a Comment