ភ្នំពេញ៖ ក្នុងឱកាសចុះបំពេញបេសកកម្មនៅខេត្ដក្រចេះកាលពីដើមសបា្ដហ៍នេះ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអមដំណើរដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក ខាំ ភឿន អភិបាលនៃគណៈអភិបាលខេត្ដក្រចេះ ព្រមទាំងអស់លោក លោកស្រី និងមន្ដ្រីជំនាញក្រោមឱវាទជាច្រើនរូប បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងស្ពានចំនួន៣កន្លែងដែលកំពុងដំណើរការសាងសង់លើកំណាត់ផ្លូវលេខ៧៣ពីស្ពានកំពង់រាំង ឃុំឆ្លូងរហូតដល់ខេត្ដ ក្រចេះ។
តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដក្រចេះបានឱ្យដឹងថា ស្ពានទាំង៣កន្លែងនេះរួមមានស្ពានព្រែកជីក ស្ពានចំឡាក់ និងស្ពានព្រែកតាចឹងបានចាប់ដំណើរការសាងសង់តាំងពីខែកក្កដា ឆ្នាំ២០១០ រហូតដល់ខែមករា ឆ្នាំ២០១១ នេះ បានសម្រេច៤៦ភារយហើយ។ ដោយឡែក ផ្លូវលេខ៧៣ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់ប្រធាតុ ស្រុកតំបែរ ខេត្ដកំពង់ចាមដល់ក្រុងក្រចេះមានប្រវែង៩៣គីឡូម៉េត្រ កាត់តាមស្រុកតំបែរ និងស្រុកឆ្លូងខេត្ដក្រចេះ ដែលអនុវត្ដដោយនាយកដ្ឋានកងវិស្វកម្មនៃក្រសួងការពារជាតិ។
តាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបានឱ្យដឹងថា កំណាត់ផ្លូវនេះទទួលបានការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួសជុលឡើងវិញជាជំហានៗ ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១០ នេះជួសជុល និងក្រាលកៅស៊ូ DBST រួចរាល់បានប្រវែង៨២.៨ គីឡូម៉ែត្រហើយ , នៅសល់ប្រមាណជា១០គីឡូម៉ែត្រទៀត នឹងត្រូវក្រាលកៅស៊ូរួចបង្ហើយនៅក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរខាងមុខនេះ។ ការជួសជុលក្រាលកៅស៊ូផ្លូវជាតិលេខ៧៣ នេះ ផ្ដល់ហិរញ្ញប្បទាន ដោយថវិកាជាតិ និងអនុវត្ដដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ , មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដក្រចេះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ចាម។
បន្ទាប់ពីចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ និងស្ពានហើយ លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រួមទាំងអស់លោក លោកស្រីអមដំណើរបានបន្ដ ដំណើរទៅពិនិត្យអគារសិក្សានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាម៉ៅ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ និងភរិយាដែលមានអគារសិក្សា១ខ្នង មាន១០បន្ទប់ ផ្លូវចូលសាលានិងទីលានកីឡាស្ថិតក្នុងស្រុកព្រែក ប្រសព្វខេត្ដក្រចេះដែលកំពុងសាងសង់គ្រោងរួចរាល់ជាស្ថាពរនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ៕
ដោយ ៖ សាគុណ
No comments:
Post a Comment