បាត់ដំបង ៖ កម្លាំងប្រដាប់អាវុធឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រង់បង្គោលឡាក់លេខ៥៣ ស្ថិតនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាននាំគ្នារត់ចូលទីតាំងប្រយុទ្ធរៀងៗខ្លួន បន្ទាប់ពីបានឃើញទាហានថៃលើកគ្នាមកត្រួតពិនិត្យ បង្គោលព្រំដែនលេខ៥៣ ហើយទាហានថៃមួយចំនួន បានដាក់ពង្រាយគ្នាក្នុងលក្ខណៈត្រៀមប្រយុទ្ធ។ ក្រោយមកទាហានខ្មែរបានដើរចូលទៅសួរនាំ ទើបដឹងថា ទាហានថៃបានឃើញផ្នូរខ្មោចទារក ដែលឪពុកបានយកទៅកប់នៅក្នុងទឹកដីខ្មែរ ក្បែរបង្គោលឡាក់លេខ៥៣ តែលយចូលក្នុងដីថៃតែមួយចបប៉ុណ្ណោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១មកម្ល៉េះ គឺស្ថិតនៅ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីមានហេតុការណ៍បែបនេះកើតឡើង គេឃើញ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស កងរាជអាវុធហត្ថស្រុកកំរៀង ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះទៅដល់បង្គោល ព្រំដែនលេខ៥៣នោះ ដើម្បីត្រួតពិនិត្យ។
តាមការឲ្យដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះបានទៅដល់ទីតាំងកើតហេតុ គេឃើញមានទាហានថៃ២នាក់ បានស្នើឲ្យគាត់គាស់ខ្មោចទារកដែលកប់ជាប់បង្គោល ព្រំដែនលេខ៥៣នោះចេញ។ សមត្ថកិច្ចខាងលើបានបញ្ជាក់ទៀតថា សពទារកនោះទើបតែកើតបាន១៥ថ្ងៃ ក៏ ត្រូវស្លាប់ ហើយត្រូវឪពុកយកទៅកប់ជាប់បង្គោលព្រំដែននោះ ទុកជាចំណាំ តែការកប់នោះនៅក្នុងទឹកដីខ្មែរទេ គ្រាន់តែលយចូលក្នុងដីថៃត្រង់បរិវេណបង្គោលព្រំដែនលេខ៥៣នោះតែមួយចបប៉ុណ្ណោះ។
ក្រោយពីការជជែកគ្នាគ្មានលទ្ធផលអស់រយៈពេល១ម៉ោងរួចមក កងកម្លាំងប្រដាប់អាវុធរួមនិងអាជ្ញាធរដែនដី នៅតំបន់នោះ បានទៅហៅឪពុកទារកនោះ គាស់សពចេញទាំងក្ដីអាណិតអាសូរ។
តាមការរៀបរាប់ពីឪពុកសពទារកនោះឈ្មោះ ហួន ឡាក់ អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនគាត់ជាកម្មករដើរស៊ីឈ្នួលកាច់ពោតឲ្យគេ គ្មានដីគ្មានផ្ទះទេ ហើយពេលប្រពន្ធសម្រាលកូនបានរយៈពេល១៥ថ្ងៃ កូននោះឈ្មោះសៀម អូន បានឈឺស្លាប់គ្មានដីកប់ ក៏សម្រេចចិត្តយកកូននោះទៅកប់នៅក្បែរបង្គោលព្រំដែនលេខ៥៣ ដោយមិនដឹងថាជាតំបន់ហាមឃាត់នោះ ទេ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីឪពុកគាស់សពកូនចេញពីបង្គោលព្រំដែនលេខ៥៣ យកទៅកប់ក្នុងដីខ្មែរប្រមាណ១៥ម៉ែត្រ ទើបទាហានថៃដកថយទៅវិញ៕
ចិន្តា
No comments:
Post a Comment