ខេត្តបាត់ដំបង ៖ តំណាងក្រសួងមហាផ្ទៃនិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យ និងដកពិសោធន៍ ពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ក្នុងរយៈពេល៣ខែរបស់ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ មករា ឆ្នាំ ២០១១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកសេង វ៉ាឡាត់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារទី៧ ទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ«ភូមិ-ឃុំមានសុវត្ថិភាព» នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងជាតំណាងលោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ វត្តមានចូលរួមនាឱកាសនោះមានលោកប្រាជ្ញ ច័ន្ទ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងជាអភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកាមកពីស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធនានា កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធររដ្ឋបាលស្រុក-ក្រុង និងក្រុមការងារថ្នាក់ជាតិ សរុប៨៦នាក់ ។
ឆ្លងតាមរបាយការណ៍ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តជាក់ស្តែងកន្លងមកនេះ លោកឧត្តមសេនីយ៍ត្រីស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការវាយតំលៃតាមរយៈសកម្មភាពនិងលទ្ធផលមួយចំនួនដែលទាក់ទិននឹងការកសាងផែនការរបស់គណៈបញ្ជាការឯកភាពខេត្ត ការរៀបចំលេខាធិការដ្ឋាន និងក្រុមការងារ ការស្រង់ទិន្នន័យ និងវាយតំលៃ ប្រភេទភូមិ-ឃុំ ការរៀបចំវេទិកាសាធារណៈ លទ្ធផលការងារបង្ក្រាបបទល្មើស ។ ធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោយ និងការដាក់ចេញនូវទិសដៅសំរាប់ការអនុវត្តបន្ត ។ លោកស ថេត ស្នងការនគរបាលខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា នៅគ្រប់ស្រុក និងក្រុងទូទាំងខេត្តបាត់ដំបង បានបង្កើតប្រព័ន្ធប្រទាក់ក្រឡាដោយបានរៀបចំកំលាំងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីធានាដល់ការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបានចលនាប្រជាការពារជួយសហការពេលយប់ និងមានគោលដៅប្រជាការពារចំនួន៣៨០កន្លែង ។
លោកសេង វ៉ាឡាត់ ប្រធានក្រុមការងារទី៧ ទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងលោកប្រាជ្ញ ច័ន្ទ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងឱកាសនោះ ដោយបានផ្តល់នូវអនុសាសន៍ផ្តោតលើការពង្រឹងបន្ថែមក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក និងក្រុមការងារតាមមូលដ្ឋាន ដើម្បីធ្វើជាសេនាធិការក្នុងការតាមដានអនុវត្ត និងចុះធ្វើសកម្មភាពតាមភូមិ-ឃុំ ។ ត្រូវបន្តជំរុញកិច្ចប្រតិបត្តិការបង្ក្រាបឱ្យបានជាប្រចាំ ។ ត្រូវជំរុញការរៀបចំវេទិកាសាធារណៈឱ្យបានសមស្របតាមការណែនាំ ទីកន្លែងរៀបចំគួរនៅកន្លែងដែលមានចរិតសាធារណៈ ។ ត្រូវខិតខំអភិវឌ្ឍន៍វិធីសាស្ត្រវាយតំលៃភូមិ-ឃុំឱ្យបានកាន់តែសុក្រឹតប្រកបដោយសមធម៌ ។ ជាមួយគ្នានេះត្រូវធ្វើការពង្រឹងពង្រីកធនធានមនុស្ស មធ្យោបាយ សំភារ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះកាន់តែទទួលបានជោគជ័យល្អបន្ថែមទៀត ៕
ដោយ ៖ កោះឯករាជ្យ
(រូបថត កញ្ចក់ទិព្វ)
No comments:
Post a Comment