ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ម្សិលមិញនេះ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានពិធីប្រកាសស្នងការរងនគរបាលរាជធានីភ្នំពេញ២រូបដែរត្រូវបានផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចក្រោមអធិបតីភាពលោក ចាន់ អ៊ាន អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកតំណាងឱ្យនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិធ្វើការប្រកាស និងតែងតាំងមន្ដ្រីនគរបាលនេះផងដែរ។
យោងតាមសេចក្ដីសម្រេច និងប្រកាសលេខ០៥២ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ចលោក ប៉ែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈទៅគ្រប់គ្រងការិយាល័យប្រឆាំងបទល្មើស ដូចជាការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យសេដ្ឋកិច្ច និងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន។ ដោយឡែកស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលត្រូវចូលមកជំនួសកៅអីលោក ប៉ែន រ័ត្ន មានលោក ស សុខា អតីតជំនួយការលោក ខៀវ សុភភ្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃមកទទួលបន្ទុកកណ្ដាលសណ្ដាប់សាធារណៈនេះវិញ។
គួរបញ្ជាក់ថា កន្លែងដែលលោក ប៉ែន រ័ត្ន ផ្ទេរទៅគ្រប់គ្រងនោះ គឺគេដឹងថា ជាកៅអីរបស់លោក សុខ ខេមរិន្ធ អតីតស្នងការរងរាជធានីភ្នំពេញ ហើយដែលត្រូវបានថ្នាក់លើដកទៅកាន់ស្នងការរងខេត្ដសៀមរាបជំនួសលោក ខេង ស៊ុម ដែលលោក ខេង ស៊ុម ត្រូវបានឡើងឋានៈជាស្នងការខេត្ដបន្ទាយមានជ័យ ជំនួសលោក ហ៊ុន ហ៊ាន ដែលត្រូវបានចាប់ខ្លួននោះ។
ជាមួយគ្នានេះផងដែរ លោក ប៉ែន រ័ត្ន បានធ្វើការថ្លែងចំពោះមុខអធបតីថា ថ្ងៃនេះ គឺជាថ្ងៃមហាកិត្ដិយសដ៏ឧត្ដងឧត្ដមឧបត្ថម្ភជាទីបំផុតសម្រាប់យើងខ្ញុំទាំងអស់គ្នា ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ ផ្ដល់ការទុកចិត្ដ និងផ្ដល់តំណែងធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមានសេចក្ដី រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។
ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ លោក ប៉ែន រ័ត្ន ដែលទើបត្រូវបានតែងតាំងមុខតំណែងមុខតំណែងថ្មីនោះ បានធ្វើការប្ដេជ្ញាចិត្ដថា គោរពនឹងអនុវត្ដដោយស្មោះត្រង់រាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខិតខំបំពេញភារកិច្ចតាមបទ បញ្ជារបស់ក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិ ស្នងការរដ្ឋាននគរបាលជាតិដើម្បីសេចក្ដីសុខ សុវត្ថិភាពនៃសង្គម៕
ដោយ ៖ តាឡឹម
No comments:
Post a Comment