ភ្នំពេញ: សព្វថ្ងៃនេះក្បាច់គុនល្បុក្កតោបានបង្កើតជាសហព័ន្ធត្រឹមត្រូវដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និង កីឡា តាមរយៈលិខិតលេខ២៧៣៧ អយក ចុះថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៦ និង ចុះហត្ថលេខាដោយលោករដ្ឋលេខាធិការ ប៊ុន សុខ ។
ដំបូងឡើយលោក សែម សុវណ្ណដេត ជាប្រធានសហព័ន្ធតែពេលនេះលោកសាន គឹមស៊ាន ដែលមានរហស្សនាមថា គ្រូតាក្រមាមាសនោះជាប្រធានសហព័ន្ធ ។ ជាមួយនិងថានៈជាប្រធានសហព័ន្ធនេះលោក សាន គឹមស៊ាន បានអះអាងថា លោកបានចំណាយពេលជាច្រើនដើម្បីស្រាវជ្រាវនូវក្បាច់ជាមរតករបស់ដូនតានេះ ។ លោកអះអាងថា ល្បុក្កតោមានមេគុនច្រើនសណ្ឋានណាស់ដូចជា គុនក្រមា គុនដាវ គុនដំបង (វែង -ខ្លី ) គុនខែល គុនដាល់ ចំបាប់ គុនផ្គាក់ជាដើម ។
ប៉ុន្តែថ្មីៗនេះគេហទំព័រ CEN បានជួបជាមួយគ្រូគុនម្នាក់មកពីភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នោះគឺលោកគ្រូភូមិ ណាគ្រី ។ លោកមានប្រសាសន៍ថា ល្បុក្កតោគឺជាដំបងខ្លីមួយប្រភេទសម្រាប់កាន់អបនឹងកំភួនដៃ និងជាគ្រឿងសម្រាប់រងការពារដំបងវែង ឬ ខ្លី ។ ការលើកឡើងរបស់លោកគ្រូភូមិ ណាគ្រី វាដូចគ្នានឹងការពន្យល់នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃជួន ណាត ។ លោកបញ្ជាក់ថា ល្បុក្កតោមិនមែនជាក្បាច់គុនទេ តែជាប្រភេទអាវុធ ។
ដោយចំណាយពេលស្ទើរតែកន្លះជីវិតដើម្បីស្រាវជ្រាវពីក្បាច់គុននោះលោកភូមិ ណាគ្រី បានចំអកថានរណាថា ល្បុក្កតោជាក្បាច់គុន គឺកុហកគេសុទ្ធសាធតែម្ដង ។ លោកបញ្ជាក់ថា ល្បុក្កតោមកពីពាក្យសំស្ក្រឹតដែលថា ល្ពុឌទ្វី ឬ ល្ពុឌទ្វិ ហើយបើតាមភាសាបាលីនោះថា លពុឡទ្វិ ។ តាមភាសាសម្រាយ គឺមានន័យថា ជាប្រភេទដំបងខ្លីដាក់ស្របនឹងកំភួនដៃប្រើសម្រាប់រងអាវុធគូសត្រូវ ។
ល្បុក្កតោនេះបង្កើតឡើងដោយមេកន្ទ្រាញពីរនាក់បងប្អូននៅក្នុងឆ្នាំខាល ឆស័ក្ខ ពុទ្ធសករាជ ១០២៥ ។ លោកភូមិ ណាគ្រី បញ្ជាក់ថា បើនិយាយពីយុទ្ធគុនមិនមែនល្បុក្កតោទេ គឺ យុទ្ធគុន ខម ។ យុទ្ធគុននេះកើតឡើងដំណាលគ្នានឹងល្បុក្កតោដែរ ហើយវាជាក្បាច់សម្រាប់ប្រយុទ្ធតែម្ដង ។ យុទ្ធគុន ខម មាន ៩៥៦៣ ស្នៀតឯណោះ ឯក្បាច់ប្រដាល់វិញមានមិនតិចជាង ៤០០០ ស្នៀតទេ ។
យុទ្ធគុនខ្មែរ ខម ទើបជាក្បាច់សម្រាប់ប្រយុទ្ធ និង សម្រាប់ធ្វើចម្បាំង តែគេអាចនិយាយបានថា ល្បុក្កតោជាប្រភេទអាវុធសម្រាប់ប្រើនៅក្នុងយុទ្ធគុន ខម បាន ។ បើនិយាយថា ល្បុក្កតោជាក្បាច់គុន គឺខុសរឿងហើយ ។ លោក ភូមិ ណាគ្រី អះអាងថា នៅក្នុងគម្ពីរពិជ័យសង្គ្រាមរបស់សម្ដេចព្រះអង្គច័ន្ទក៍ពន្យល់ថា ល្បុក្កតោ គឺជាប្រភេទដំបង ខ្លីមួយគូ ឬ កាំបិតខ្លីមួយគូដែលប្រើក្នុងចម្បាំងដោយដាក់ស្របនឹងដើមដៃដែរ ។
តែសម្រាប់លោកសាន គឹមស៊ាន វិញនោះលោកអះអាងថា ល្បុក្កតោ មានរាប់ពាន់ រាប់ម៉ឺនស្នៀតតាំងពីក្បាច់ ដៃ ក្បាច់ជើង ដំបង ក្បាច់ក្រមា ។ល។ ជាមួយនឹងការអះអាងបែបនេះលោកក៍អួតថា នឹងត្រៀមដាក់បញ្ចូលក្បាច់គុនល្បុក្កតោនេះទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកទៀតផង ។
អំណះអំណាងខុសគ្នាបែបនេះមិនដឹងថានរណាខុស នរណាត្រូវនោះទេ ។ យ៉ាងម៉េចយ៉ាងម៉ាសូមកុំឲ្យបាត់បង់អត្តសញ្ញាណជាតិទៅបានហើយ ដើម្បីកុំឲ្ក្មេងជំនាន់ក្រោយគេថ្កោលទោសថាចាស់ជំនាន់មុនយ៉ាប់ ។
ទោះបីមានការលើកឡើងខុសៗគ្នាក៍ដោយក៍ទាំងសងខាងសុទ្ធតែមានមហិច្ឆតារអភិរក្សនូវល្បុក្កតោដ៍ចំណាស់នេះដូចគ្នា ។
លោកម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និង កីឡាបដិសេធមិនហ៊ានពន្យល់ពីបញ្ហានេះឡើយ ឯលោកមៀម ស៊ីសារ៉ា ប្រធានសហព័ន្ធគុនខ្មែរនៅប្រទេសបារាំងក៍និយាយដែរថា លោកមិនហ៊ានពន្យល់ទេ ព្រោះទាំងសងខាងសុទ្ធតែចាស់ទុំ ឯលោកជាអ្នកជំនាន់ក្រោយគួរកុំបញ្ចេញយោបល់អី ។ តែលោកសារ៉ាបង្ហាញពីគាំទ្រការពន្យល់របស់សម្ដេចសង្ឃរាជ ជួន ណាត ។
ប្រធានសហព័ន្ធគុនខ្មែរនៅប្រទេសបារាំងរូបនេះអះអាងថា លោកកំពុងតែស្រាវជ្រាវពីក្បាច់គុននានារបស់ខ្មែរ ក្នុងនោះក៍មានល្បុក្កតោដែរ តែការស្រាវជ្រាវនោះបានកម្រិតណាៗនោះលោកមិនហ៊ានថាមុនទេ ៕
ដោយ : រស្មី CEN
No comments:
Post a Comment