រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានបង្កើតឡើងនៅខេត្តសៀមរាបនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០៦ ដែលជាក្រុមហ៊ុនបំរើសេវាកម្មលើការរៀបចំដំណើរកំសាន្តក្នុងប្រទេស (Domestic) ក្រៅប្រទេស (Outbound) និងការទទួលភ្ញៀវបរទេសចូលទស្សនាប្រទេសកម្ពុជា (Inbound) ទៅតាមតំរូវការរបស់អតិថិជន។ បន្ទាប់ពីការបង្កើតឡើងអស់រយៈពេលជាង៤ឆ្នាំ ដោយសារការអភិវឌ្ឍ និងតំរូវការរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំបានសំរេចចិត្តបង្កើតសាខាថ្មីមួយទៀតនៅរាជធានីភ្នំពេញ ផ្ទះលេខ៣៥០B មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១១។ ក្នុងពិធីសម្ពោធនេះមានភ្ញៀវអញ្ជើញចូលរួមពីក្រសួងទេសចរណ៍ ក្រុមហ៊ុនដៃគូ និងសារព័ត៌មាននានានៅក្នុងប្រទេស។ ភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះមានដូចជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍វៀតត្រាវែល (មកពីប្រទេសវៀតណាម) និងតំណាងកាសែត និងទូរទស្សន៍ក្នុងប្រទេស។
លោកត្រាន់ ឌឹកហៃ នាយកក្រុមហ៊ុនបានមានប្រសាសន៍ថា ក្នុងឱកាសនេះក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានបង្កើតកម្មវិធីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស គឺកម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្ត និងកម្មវិធីកំសាន្តនៅតំបន់ថ្មីនៅប្រទេសវៀតណាមដូចជាប៊ីនចូវ ទីក្រុងសមុទ្រវុងតាវ...។ កម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្តបានផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើនដល់ប្រជាជនកម្ពុជា ដូចជាទទួលបានការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យមកពីមន្ទីរពេទ្យល្បីឈ្មោះរបស់ប្រទេសវៀតណាម សេវាកម្មឆាប់រហ័ស និងងាយស្រួលរាល់បណ្តាឯកសារនៅមន្ទីរពេទ្យត្រូវបានឥណ្ឌូឆាយណា ហែរីធេច រៀបចំរួចជាស្រេច។ បន្ទាប់ពីការពិនិត្យ ភ្ញៀវនឹងទទួលបានការដើរកំសាន្តនៅតាមបណ្តាតំបន់ ឬខេត្តល្បីនៅក្នុងប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ ទៅប៊ីនចូវ (បារៀគ) ទីក្រុងសមុទ្រវុងតាវ និងតំបន់ខ្ពង់រាបទីក្រុងដាឡាត់ (ត្រជាក់ពេញ៤រដូវ)។
លោកនាយកក្រុមហ៊ុនឥណ្ឌូឆាយណា ហែរីធេច ត្រាវែល បានឱ្យដឹងទៀតថា កម្មវិធីពិនិត្យសុខភាព និងការដើរកំសាន្ត៣ថ្ងៃ «សួនសត្វ-ដាំសែន» ការពិនិត្យសុខភាពនៅមណ្ឌលពិនិត្យសុខភាពអន្តរជាតិ វិតតើរៀរ ហែលឃែរ (៧៩ ដៀនបៀនហ្វូ សង្កាត់ដាកាវ ខណ្ឌ១) នេះជាមណ្ឌលពិនិត្យដែលសហការរវាងអាមេរិក និងវៀតណាមតាមស្តង់ដាអាមេរិក។ នៅមន្ទីរពេទ្យវិតតើរៀរ ហែលឃែរ បំពាក់ដោយឧបករណ៍ទំនើបៗទាន់សម័យ ក្រុមវេជ្ជបណ្ឌិតមានបទពិសោធន៍ខ្ពស់ និងការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ហើយលទ្ធផលរហ័សទាន់ចិត្ត។ ការពិនិត្យត្រូវធ្វើឡើងនៅពេលព្រឹកដោយក្រុមវេជ្ជបណ្ឌិត ហើយពិនិត្យឈាម និងទទួលលទ្ធផលនៅពេលយប់។ ការទស្សនាកន្លែងដែលល្បីឈ្មោះនៅទីក្រុងហូជីមិញ ដូចជាព្រះវិហារកាតូលិក ប៉ុស្តិ៍ប្រៃសណីយ៍ សាលាក្រុង រោងមហោស្រព និងសួនដាំសែន ដែលមានល្បែងកំសាន្តសប្បាយៗ រួចមានផ្ទះទឹកកក (ដកសូន្យអង្សា) រទេះភ្លើងក្រឡាប់ចាក់ កប៉ាល់វិលដោយល្បឿនលឿន ហើយការទិញអីវ៉ាន់នៅផ្សារអានដុង។
កម្មវិធីដើរកំសាន្ត៤ថ្ងៃ «សួនសត្វ-ប៊ិនចូវ-វុងតាវ» តំបន់ពិសេសជ្រោះទឹកក្តៅ ប៊ិចូវ នៅក្នុងឃុំបឹងរៀង ស្រុកសៀនម៉ុក បារៀក ជាកន្លែងមានទិដ្ឋភាពធម្មជាតិស្រស់ស្អាត នៅកណ្តាលព្រៃព្រឹក្សាផុសឡើងថ្លុកទឹកក្តៅធម្មជាតិដែលមានកំដៅពី37C0 ដល់ 82C0 ដោយបញ្ចេញសីតុណ្ហភាពរៀងរាល់ខែឆ្នាំ។ ក្នុងប្រភពទឹកនេះមានផ្ទុកសារធាតុច្រើនដូចជាស៊ីលីក ណីតើ ស្ពាន់ធ័រ ណាទ្រី ក្ល... មានប្រយោជន៍ជួយព្យាបាលជំងឺលោកអ្នកគ្រាន់តែត្រាំខ្លួនរយៈពេល១៥នាទីក្នុងតំបន់ទឹកក្តៅ 37C0 វាអាចជួយឱ្យធូរស្រាលនូវជំងឺសរសៃប្រសាទ ជំងឺសើស្បែក ឬត្រាំជើង៣០នាទី នៅតំបន់ទឹកក្តៅ 40C0 អាចធូរស្រាលនូវជំងឺឈឺឆ្អឹងឆ្អែងបែកញើសដៃជើង ឈឺសន្លាក់ឆ្អឹង និងចលនាសាច់ដុំ។
កម្មវិធីដើរកំសាន្ត៥ថ្ងៃ «សួនសត្វ-សួយទៀន-ដាឡាត់» លោកអ្នកនឹងបានទៅទស្សនាទីក្រុងដាឡាត់ដែលជាទីក្រុងស្នេហ៍ស្ថិតនៅលើតំបន់ខ្ពង់រាបដែលមានកំពស់មធ្យម១.៥០០ម៉ែត្រ ដែលត្រជាក់ពេញ៤រដូវ និងភាពស្ងប់ស្ងាត់របស់ដាឡាត់បានទាក់ទាញភ្ញៀវទេសចររាប់ពាន់អ្នកចូលទស្សនាប្រទេសវៀតណាម។ លោកត្រាន់ ឌឹកហៃ បានបញ្ជាក់ថា កម្មវិធីនេះបានធ្វើឡើងដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនទេសចរណ៍វៀតត្រាវែល ដែលជាក្រុមហ៊ុនមុនគេបង្អស់ក្នុងការរៀបចំដំណើរទេសចរណ៍នៅវៀតណាមជាមួយនឹងបទពិសោធន៍១៥ឆ្នាំ កម្មវិធីទេសចរណ៍ទៅបរទេស និងក្នុងស្រុកនៅវៀតណាម ជាមួយឥណ្ឌូឆាយណា ហែរីធេច និងរៀបចំបណ្តាកម្មវិធីទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ វិសេស និងមានគុណភាពខ្ពស់សំរាប់ភ្ញៀវទេសចរពីកម្ពុជាទៅវៀតណាម ក្នុងនោះកម្មវិធីដំបូង គឺពិនិត្យសុខភាព និងការដើរកំសាន្ត៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment