Saturday, January 22, 2011

ប្រជាពលរដ្ឋ​ទៅ​ជីក​ដំឡូង ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​៦០​ម.ម រាយ​ការណ៍​ជូន​សមត្ថកិច្ច

សៀមរាប ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជីក​ដំឡូង​​ នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ប្រទះ​ឃើញ​គ្រាប់ ៦០.មម ដែល​ត្រូវ​បាន​​លាក់​ទុក​ក្រោម​ដើម​ឈើ ចំងាយ​ពី​ភូមិ​ប្រមាណ ៤​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ រវៀង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ។
ហេតុការណ៍​ដែល​ប្រទះ​ឃើញ​គ្រាប់ ៦០ ម.ម​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ ២០១១ ​វេលា​ម៉ោង ៩.៣០ នាទី ព្រឹក ស្ថិត​នៅ​ចំណុច​ទីតាំង​ក្នុង​ព្រៃ ក្នុង​ភូមិ ឃុំ​ខាងលើ ដោយ​សារ​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា ៥ទៅ ៦​នាក់ នាំ​គ្នា​ចូល​ព្រៃ ដើម្បី​ជីក​ដំឡូង ក៏​បាន​ឃើញ​គ្រាប់​ចំនួន​ប្រាំ​គ្រាប់​ដែល​មាន​លក្ខណៈ​នៅ​ល្អ នឹង​អាច​ប្រើ​ការ​បាន បន្ទាប់​មក​ក៏​បាន​រាយ​ការណ៍​ជូន​សមត្ថកិច្ច ប៉ូលិស​ដើម្បី​ចាត់​វិធាន​ការ​ការពារ និង​ថែរក្សា​គ្រាប់​ទាំង​នេះ ។
លោក អនុសេនីយ៍ត្រី ឌី សុធា ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ទ ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ខ្វាវ បាន​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ចំណុច​ទីតាំង​ខាងលើ លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​ទៅ​ពិនិត្យ​​ឃើញ​ថា​ជាគ្រាប់ ៦០ ម.ម ដែល​មាន​គេ​យក​មក​លាក់​ទុក និង​ពុំ​ទាន់​ខូច​អ្វី​​ឡើយ ជំហាន​ដំបូង​លោក​ត្រូវ​តែ​កាប់​សម្រាស់​ដាក់​គ្រប​ពី​លើ និង​ធ្វើ​ស្លាក​សញ្ញា​សំគាល់ ដើម្បី​ជា​សុវត្ថិភាព​របស់​បងប្អូន កុំ​អោយ​ចូល​ទៅ​ទីតាំង​ខាង​លើ។ ចំណែក​គ្រាប់​៦០​ម.ម​នេះ លោក​នឹង​រាយ​ការណ៍​អោយ​សមត្ថកិច្ច​ជំនាញ ដើម្បី​មក​ទទួល និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ កុំ​ប៉ះពាល់​គ្រាប់​រំសេវ ឬ​អាវុធ​ជាតិ​ផ្ទុះ​ទាំង​ឡាយ​ដែល​ជួប​ប្រទះ​តាម​ព្រៃ​អោយ​សោះ និង​រាយ​ការណ៍​ជូន​សមត្ថកិច្ច​។
លោក រៀម រិទ្ធី រស់​នៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀប​រាប់​ប្រាប់​កម្ពុជាថ្មី​ថា នៅ​ក្នុង​ឃុំ​ខ្វាវ ទឹក​ដី​ស្រុក​ជីក្រែង​នេះ កាល​ពី​សម័យ​សង្គ្រាម តំបន់​នេះ​ជា​តំបន់​សមរភូមិ​ក្តៅ​គគុក និង​ជា​កន្លែង​ដែល​ប៉ុលពត​កាន់​កាប់​នៅ​តំបន់​នេះ បើ​តាម​ការ​បាន់​ស្មាន​គ្រាប់​ដែល​យក​មក​លាក់​ទុក​នៅ​ទីនេះ​ គឺជា​គ្រាប់​ដែល​បាន​យក​លាក់​នៅ​ឆ្នាំ ១៩៩៤ ព្រោះ​គ្រាប់​នៅ​សភាព​ល្អ​ទាំងអស់ រហូត​មក​ដល់​ពេល​នេះ​បើ​នៅ​តាម​របង និង​នៅ​ជាយ​ភូមិ ប្រទះ​ឃើញ​គ្រាប់​ជាច្រើន​នៅ​រាយប៉ាយ​ក្នុង​ដី​របស់​ប្រជាពលរដ្ឋ គ្រាប់​ខ្លះ​ពុំ​មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះ​ទេ ពេល​គេ​ជួប​ប្រទះ​បាន​ត្រឹម​តែ​កាប់​សម្រាស់​ដាក់​គ្រប​ពី​លើ​តែប៉ុណ្ណោះ ហើយ​ពុំ​ទាន់​មាន​សមត្ថកិច្ច​ជំនាញ ចុះ​មក​ដោះ​មីន​នៅ​ឡើយ​ដែរ។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ខ្វាវ បាន​សំណូមពរ​អោយ​អង្គការ​ស៊ីម៉ាក់ ជួយ​ជំរុញ​ការ​ដោះ​មីន​នៅ​ក្នុង​ឃុំ​ខ្វាវ​ផង ដោយ​សារ​តែ​កន្លង​មក​បាន​ជួប​ប្រទះ​គ្រាប់​រំសេវ​ជាច្រើន​ដែល​នៅ​ក្នុង​ដី និង​ព្រៃ អាច​មាន​អន្តរាយ​ដល់​កូនៗ និង​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ពេល​រដូវ​ភ្លើង​ឆេះ​ព្រៃ អាច​មើល​ឃើញ​តាម​ព្រៃ​តែម្តង ។
ប៊ុន រដ្ឋា

No comments:

Post a Comment