ភ្នំពេញ ៖ កាលមុននេះបន្តិច លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន ចេញបញ្ជាយ៉ាងដាច់ណាត់ ឲ្យអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនមន្រ្តីក្រោមឱវាទរបស់ខ្លួនម្នាក់ ឲ្យតុលា ការវិនិច្ឆ័យទោសតាមច្បាប់ ពាក់ព័ន្ធទៅនឹងការផ្ទុះអាវុធសេរី បណ្ដាលឲ្យរងរបួសអ្នកដទៃ។ គ្រាន់តែចេញបញ្ជាចប់ ជនដៃដល់ ត្រូវបានគេឃុបឃិតគ្នាដោះលែងស្ងាត់ៗ ដោយមិនបានបញ្ជូនឲ្យតុលាការចាត់ការតាម ផ្លូវច្បាប់ឡើយ។
ជនដៃដល់ដែលលោកសៅ សុខា បញ្ជាឲ្យចាប់ខ្លួននោះ ឈ្មោះសំបូរ ចាន់វណ្ណា ជាមន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ និងជាកូនរបស់លោកមុំ ភារម្យ ប្រធានការិយាល័យព័ត៌មានសន្តិសុខអាវុធហត្ថរាជធានីភ្នំ ពេញ។
នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ឈ្មោះសំបូរ ចាន់វណ្ណា បានប្រើកាំភ្លើង ម៉ាក រឺឡូ បាញ់ចំនួន១គ្រាប់ ចៃដន្យគ្រាប់កាំភ្លើងនោះ បានត្រូវស្រ្តីមា្នក់ ឈ្មោះស្រី និច អាយុ១៨ឆ្នាំ មានមុខ របរជាអ្នកលក់គ្រឿងក្រអូប នៅក្នុងផ្សារចាស់ គ្រាប់កាំភ្លើងបានត្រូវជើងឆ្វេងរបស់នាងរងរបួសជាទម្ងន់ ហើយបានត្រូវបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្រោយកើតហេតុ លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ បានចេញបញ្ជាយ៉ាងហំហាន ឲ្យស្វែងរកចាប់ខ្លួនឈ្មោះសំបូរ ចាន់វណ្ណា ហើយព្រមានមន្រ្តីថ្នាក់ក្រោមរបស់ខ្លួន មិនឲ្យធ្វើអន្តរាគមន៍សម្របសម្រួលជាមួយជនរងគ្រោះក្រៅប្រព័ន្ធតុលាការ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ឲ្យតុលាការអនុវត្តតាមច្បាប់។
ក្រោយមានបញ្ជា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានស្វែងរកចាប់ខ្លួនឈ្មោះសំបូរ ចាន់វណ្ណា ហៅមុំ សិលា អាយុ២៤ឆ្នាំ ដែលប្រើប្រាស់កាំភ្លើងម៉ាករឺឡូ បាញ់បោះបណ្ដាលឲ្យត្រូវរបួសអ្នកដទៃ។ ប៉ុន្តែ ក្រោយចាប់ខ្លួន ជននេះ មិនត្រូវបានបញ្ជូនមកតុលាការ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ សៅ សុខា ឡើយ ហើយបើតាមព័ត៌មានក្រៅផ្លូវការអះអាងថា មានមន្រ្តីថា្នក់ក្រោមមួយចំនួន បានធ្វើការសម្របសម្រួល សុំមិនឲ្យជនរងគ្រោះប្ដឹងផ្ដល់ ហើយបានសុខចិត្តសងសំណងជាលុយកាក់ ដល់ជនរងគ្រោះក្រៅប្រព័ន្ធ តុលាការប្រមាណជិត១ម៉ឺនដុល្លារ ទើបជនរងគ្រោះដកពាក្យឈប់ប្ដឹង ហើយឈ្មោះសំបូរ ចាន់វណ្ណា ក៏មិន ត្រូវបានបញ្ជូនឲ្យតុលាការ អនុវត្តនីតិវិធីច្បាប់ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍សៅ សុខាឡើយ៕
No comments:
Post a Comment