Saturday, January 15, 2011

ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស

(​រូបថត ចក្រី​)

 ខេត្ត​ព្រៃវែង​ ៖ កាលពី​ព្រឹក​​ថ្ងៃទី​១៣ មករា នៅវាល​ស្រែ​ក្នុង​ភូមិ​សំរោង​ ឃុំ​ល្វា​ ស្រុក​​ព្រះ​​ស្តេច​ មាន​រៀបចំ​​ពិធី​ទិវា​ស្រែ​​បង្ហាញ​​អំពី​​ការ​ដាំដុះ​​​តាម​បែប​​បច្ចេកទេស​​និង​​តាម​​ទំលាប់​ ​ដែល​រៀបចំ​​និងឧបត្ថ​ម្ភ​​ថវិកា​ដោយ​​សហភាព​​អឺរ៉ុប​​ ​ក្រោម​​អធិបតីភាព​លោក​​យស់ ​មុន្នី​ ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​រួម​មាន​​លោក​បណ្ឌិត​​អ៊ាន រ៉ូសែល ទីប្រឹក្សា​​​ម្ចាស់​គំរោង​​ដែល​ជា​តំណាង​ឱ្យ​ម្ចាស់​​ជំនួយ​សហភាព​អឺរ៉ុប អ្នក​ស្រី​ឃុន គីម​លន់ ប្រធាន​ការិយាល័យ​​កសិ​កម្ម​ស្រុក លោក​មេភូមិ​​​ មេឃុំ​ និង​ប្រជា​កសិករ​​​ជា​ច្រើន​នាក់​ទៀត​​ ។​
ក្រោយ​ពី​បាន​ស្តាប់​​របាយការណ៍​​របស់​លោក​​អាន ព័រ​ ជា​​​ជំទប់​ទី១ ឃុំ​ល្វា​រួច​មក​ អ្នក​ស្រី​​​ឃុន គីម​លន់ ប្រធាន​​ការិយាល័យ​​កសិកម្ម​​ស្រុក​​​បាន​​ធ្វើ​ការ​​​បក​ស្រាយ​ពន្យល់​​​ដល់​ប្រជា​កសិករ​​ស្តីពី​សញ្ញា​និង​រោគ​សញ្ញា​ថ្នាំពុល​​កសិកម្ម​ការដុះ​លូត​លាស់​របស់​ដំណាំ​​ស្រូវ​​​ និង​មតិ​របស់​​ប្រជា​កសិករ​ដែល​ជា​តំណាង​​តាម​ភូមិ​នីមួយៗ​ធ្វើ​​ការ​​ពន្យល់​និង​​ណែនាំ​បន្ថែម ។ អ្នក​ស្រី​​ឃុន គីមលន់ ​បាន​សំណូមពរ​​ដល់​ប្រជា​កសិករ​ឱ្យ​ចេះ​ប្រើ​ប្រាស់​​ថ្នាំដែល​ផ្សំ​ឡើង​ដោយ​ធម្ម​ជាតិ​ ដូចជា​ ពពួក​រុក្ខ​ជាតិ​ដែល​មាន​ជាតិ​​ល្វីង​ និង​រុក្ខជាតិ​ដែល​មាន​ជាតិ​​ពុល​បុក​បញ្ចូល​គ្នា​​ត្រាំ​ឱ្យ​បាន​កន្លះ​ខែ ទើប​យក​ទៅ​​បាញ់​ ឬប្រើ​ប្រាស់​សំរាប់​​កំចាត់​សត្វ​មមៀច​ត្នោត​និង​​សត្វ​ដង្កូវ​ជា​ដើម ។ ​នេះ​ជា​វិធី​ងាយ​មាន​​ប្រសិទ្ធភាព​​ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ហើយ​មិន​ខាត​បង់​​ថវិកា​ផង ។
លោក​បណ្ឌិត​អ៊ាន រ៉ូសែល តំណាង​​ឱ្យ​ម្ចាស់​​​ជំនួយ​សហភាព​​អឺរ៉ុប​បាន​​​មាន​ប្រសាសន៍​ថា ជួស​មុខ​​ឱ្យ​ម្ចាស់​ជំនួយ​ក្រោយពី​បាន​ដើរ​​ពិនិត្យ​មើល​​​ការ​ធ្វើ​ស្រែ​របស់​បងប្អូន​​ប្រជាកសិករ​តាំងពី​ពេល​សាប​ ដក​ស្ទូង​​រហូត​មក​ដល់​ស្រូវ​ទុំ​ លោក​សប្បាយ​ចិត្ត​ណាស់​ព្រោះ​​​ឃើញ​ស្រូវ​មានទិន្ន​​ផល​ល្អ​​បងប្អូន​សប្បាយ​ចិត្ត​ នេះ​ដោយ​សារ​បងប្អូន​ចេះ​ងាក​មក​ធ្វើ​ស្រែ​​តាម​បច្ចេកទេស​បាន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា លោក​នឹងពាំនាំ​សេចក្តី​​​សប្បាយ​​​រីករាយ​​របស់​​ប្រជា​កសិករ​ក៏ដូចជា​​សេចក្តី​ស្នើ​សុំ​របស់​បងប្អូន​​កសិករ​​ដែល​​មាន​ការ​ខ្វះ​ខាត​ដូចជា​ពូជ​​ល្អៗ​ ឬអ្នក​បច្ចេក​ទេស​ផ្នែក​​ដំណាំ ប្រាប់​ម្ចាស់​ជំនួយ​ឱ្យ​មក​ជួយ​ដល់​បងប្អូន​បន្ត​ទៀត ។​
លោក​យស់ មុន្នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រៃវែង​​​បាន​មាន​មតិ​សំណេះ​សំណាល​​ជាមួយ​ប្រជា​កសិករ​​ថា ការ​ធ្វើ​ស្រែ​​បាន​ផល​ល្អ​បែប​នេះ​​​ក៏ដោយ​សារ​ការ​យក​ចិត្ត​ទុកដាក់​ពីរាជរដ្ឋា​ភិ​បាល​​ដែល​មាន​សម្តេច​ទាំង៣ ជាប្រមុខ​ដឹកនាំ​ ។​សម្តេច​លោក​​បាន​ខិតខំ​​រក​វិធី​សាស្ត្រ​គ្រប់​បែប​យ៉ាង​តាំងពី​រក​អ្នក​ផ្តល់​​​ជំនួយ អ្នក​បច្ចេក​ទេស​ផ្នែក​​កសិកម្ម​ ស្រូវ​ពូជ​ជាដើម ​ដើម្បី​​ជួយ​ឱ្យ​បង​ប្អូន​ធ្វើ​ស្រែ​បាន​ផល​ច្រើន​ ។ លោក​បាន​​មាន​ប្រសាសន៍​​​បន្ត​ថា ឥឡូវ​នេះ​លោក​ហ៊ី បាវី​ ​ប្រធាន​​កំពង់​ផែ​រាជធានីភ្នំពេញ ក៏​បាន​ជួយ​ជ្រោម​ជ្រែង​គ្រប់​បែប​យ៉ាង​តាំងពី​​ប្រឡាយ​មេ ទឹក​ បង្គោល​​ភ្លើង​ តភ្លើង​ពី​ប្រទេស​វៀតណាម​មក​ឱ្យ​បងប្អូន​ប្រើ​ប្រាស់ ​។ ​ក្នុងនោះ​​ដែរ លោក​បញ្ជាក់​ថា ស្រូវ​​យើង​ឆ្នាំនេះ​ក្នុង​ទឹកដី​​ខេត្ត​ព្រៃវែង​ វ៉ាដាច់​ខេត្ត​តាកែវ និង​បាត់​ដំបង​ ​ដោយ​សារ​ខេត្ត​​​បាត់​ដំបង​ត្រូវ​បាន​​ចែកជា​ពីរ​ផ្នែក​ ទៅជា​ខេត្ត​បន្ទាយ​មាន​ជ័យមួយ​ទៀត ។
លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រៅពីទុក​ហូប​និង​ការ​នាំចេញ​ទៅ​លក់​​​នៅ​ប្រទេស​​វៀត​ណាម​ដែល​ក្នុង​១ឆ្នាំៗ​ ក្នុង​ខេត្ត​​ព្រៃវែង​នាំ​ស្រូវ​ចេញ​ទៅ​លក់​​បានពី១លាន​ទៅ​២​លាន​តោន ហើយ​នៅ​សល់​ស្រូវ​​រាប់​ពាន់តោន​ទៀត ​។ លោក​បាន​ឱ្យ​ដឹងថា ​ស្រូវ​ដែល​យើង​ធ្វើ​បាន​​ផល​ល្អ​ច្រើន​មាន​៣​ប្រភេទ គឺ១-​ពូជស្រូវ​ស្រាល មាន​អ៊ីអ៊ែរ​ 66 ​សែន​ពិដោរ​ ជលសារ​ ២-ពូជ​ស្រូវ​កណ្តាល​មាន​ ផ្កា​រំដួល ផ្ការំដេង ផ្កា​រមាត់ ផ្កាចន្ទ​សែនស (ហៅ​ផ្កា​ខ្ញី​) និង​៣-ស្រូវ​​ធ្ងន់​ មាន រាំងជ័យ​ ៥៤,៥៦ សំរាប់​ឱ្យ​បងប្អូន​ជ្រើស​រើស​​​យក​មក​ធ្វើ​ទៅ​តាម​​លក្ខណៈ​​នៃដី​និង​ពេល​វេលា ។ ​លោក​បាន​ផ្តាំ​ផ្ញើ​​ឱ្យ​បងប្អូន​​ប្រជាកសិករ​ទាំង​​អស់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​ស្រែ​​តាម​​បែប​បច្ចេកទេស​ទើប​បាន​ផល​ច្រើន​ និងត្រូវ​ចេះ​ប្រមូល​ផល​ស្រូវ​ឱ្យ​បានទាន់​ពេល​​វេលា​ដូ​ច​ពាក្យ​​ចាស់​លោក​ថា «ច្រូត​ស្រូវ​ទុំ​បាន​៣ ច្រូត​​ស្រូវ​ខ្ចី​បាន​៤» ៕

(​រូបថត ចក្រី​)

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment