រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសចំនួន២៣៤នាក់ បានទទួលវិញ្ញាបនបត្រពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាល យុត្តិធម៌ តំណាងឱ្យលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមបិទវគ្គគ្រូបង្គោលស្តីពីក្រមព្រហ្មទណ្ឌថ្មីវគ្គ២ ដែលបានសិក្សាអស់រយៈពេល៥ថ្ងៃកន្លងមក ។ ពិធីនេះប្រារព្ធនៅព្រឹកថ្ងៃទី១៤ មករា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជំនួសមុខឱ្យលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ក្រមព្រហ្មទណ្ឌជាអត្ថបទច្បាប់មួយដែលប្រមូលផ្តុំនូវបទប្បញ្ញត្តិព្រហ្មទណ្ឌសម្ព័ន្ធត្រឹមត្រូវ មានភាពរលូន និងស៊ីសង្វាក់គ្នា ជាឧបករណ៍ជំនួយដ៏មានសារសំខាន់ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់សំរាប់កំលាំងអនុវត្តច្បាប់ ។ លោកឧត្តមសេនីយ៍ បានសំណូមពរដល់សិក្ខាកាមទាំងអស់ដែលបានសិក្សាយល់ដឹងអំពីគោលការណ៍ទូទៅនៃក្រមព្រហ្មទណ្ឌ ត្រូវបន្តធ្វើស្វ័យសិក្សាឱ្យបានចាំស្ទាត់នូវមាត្រាដែលចែងអំពីទោសទណ្ឌ ដើម្បីបង្កើនភាពងាយស្រួលក្នុងការអនុវត្ត ។
លោកឧត្តមសេនីយ៍បន្តថា ដើម្បីធានាឱ្យមានប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ការងារអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាកិច្ចការបន្ទាន់ ហេតុនេះទើបលោកនាយឧត្តមសេនីយ៍នេត សាវឿន បានដាក់បញ្ជាឱ្យរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាលក្ខណៈបន្ទាន់ ដើម្បីឱ្យគ្រូបង្គោលទាំងអស់មានលទ្ធភាពយកចំណេះដឹងដែលទទួលបានពីការសិក្សានេះ ទៅបណ្តុះបណ្តាលបន្តដល់មន្ត្រីនៅក្នុងអង្គភាពរបស់ខ្លួនតាមបណ្តាមូលដ្ឋានឱ្យបានឆាប់រហ័ស ។
គួរបញ្ជាក់ថា ក្នុងពិធីបិទវគ្គនេះក៏មានការចូលរួមពីលោកប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកផូវ សុភី អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងជាគ្រូឧទ្ទេសនាមផងដែរ ។ នេះក៏ជាវគ្គទី២ ផងដែរ បន្ទាប់ពីវគ្គសិក្សាគ្រូបង្គោលស្តីអំពីក្រមព្រហ្មទណ្ឌថ្មីទី១ ដែលបានបញ្ចប់កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment