Saturday, January 15, 2011

សា​មិត្ត វីរៈ និង​ពើយ ប៉ែល​ត្រូវ​តុលាការយោធា​ចោទប្រកាន់​៦​បទល្មើស​

ភ្នំ​ពេញ: ឧត្តមសេនីយ៍​យោធា​២​នាក់​គឺ​សា​មិត្ត វីរៈ និង​ពើយ ប៉ែល និង​អនុសេនីយ៍ត្រី​ម្នាក់​ជា​អ្នកបើកបរ ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​សំណាក់​តំណាង​អយ្យការ​អម​តុលាការ​យោធា​ចំនួន​៦ បទល្មើស​។ 

​បទល្មើស​ទាំងនោះ​រួមមាន បទ​កាប់​គាស់​រាន​ដីព្រៃ​ខុសច្បាប់ បទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បទ​បង្កើត កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ បទ​សន្និធិ​(​ស្តុក​)​គ្រឿង​ផ្ទុះ​និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដោយ​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ ព្រមទាំង​បទ​សន្និធិ​រូបីយ៍វត្ថុ​និង​រូបីយ៍ប័ណ្ណ​ក្លែងក្លាយ​។ 

​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ តុលាការយោធា​ពុំ​ទាន់​សម្រេច​ចាត់ការ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​រង់ចាំ​ការសាកសួរ​បន្ត​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១១ ខាងមុខ​នេះ​ទៀត​។ យោង​តាម​ការ ចោទប្រកាន់​ទាំង​អស់​ខាងលើនេះ ឧត្តមសេនីយ៍​យោធា​២​នាក់​និង​អនុសេនីយ៍ត្រី​យោធា​ម្នាក់នេះ អាច​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​រាប់សិប​ឆ្នាំ បើសិនជា​តុលាការ​រក​ឃើញថា​មាន​ពិរុទ្ធ​ដូច​ការ​ចោទ ប្រកាន់​នេះ​មែន​។​

​គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១ នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​សហការ​និង​ប៉េអឹម​រាជធានី ភ្នំពេញ​ឃាត់ខ្លួន​ឈ្មោះ​សា​មិត្ត វិរៈ​ហៅ​ពេជ្រ ធឿន អាយុ​៤៨​ឆ្នាំ​មុខងារ​ជា​ឧត្តមសេនីយ៍ត្រី យោធា​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផលិត​សម្ភារៈ​យោធា​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ បច្ចេកទេស​ក្រសួង​ការពារជាតិ ឈ្មោះ​អ៊ុក ប៊ុណ្ណា រិ​ទ្ឋ អាយុ​៤៧​ឆ្នាំ ឈ្មោះ​ជា សុភា អាយុ​៤៧​ឆ្នាំ មុខងារ​អ្នក​ទាំង​ពីរ​ជា វិរៈសេនីយ៍ ត្រី​នៅ​អង្គភាព​ទី​ចាត់ការព្រំដែន​នៃ​អគ្គមេបញ្ជាការ​កង យោធពល ខេមរភូមិន្ទ និង​ឈ្មោះ​រុន សារ៉ាត់ អាយុ​៣១​ឆ្នាំ មុខងារ​អនុសេនីយ៍ត្រី​យោធា ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ឈ្មោះ​សា​មិត្ត វិរៈ តាម​ដីកា​របស់​លោក​ម៉ក់ សីហា​ព្រះរាជអាជ្ញា រងអម​អយ្យការ​តុលាការយោធា​។​

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​ចំនួន​៥​ដើម ក្នុងនោះ​មាន​កាំភ្លើងខ្លី​៤​ដើម កាំភ្លើង អាកា​មួយ​ដើម​សម្ភារៈ​យោធា​មួយ​ចំនួន ប្រាក់​រាប់​លាន​អឺរ៉ូ​និង​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ដីធ្លី​ទុក​ជា​វត្ថុតាង​។ ក្រៅពី​រកឃើញ​វត្ថុតាង​ទាំងអស់នេះ​សមត្ថកិច្ច​បាន​ឆែរឆេរ រកឃើញថា ឈ្មោះ​សា​មិត្ត វិរៈ ក្លែងបន្លំ​សក្តិ ពោល​គឺ​គាត់​ជា​ឧត្តមសេនី​យ៍ត្រីតែ​គាត់​ពាក់ស័ក្តិ ដល់​ឧត្តមសេនីយ៍ឯក​។ 

​បន្ទាប់មក សមត្ថកិច្ច​បាន​បញ្ជូន​យោធិន​ទាំង​៤​នាក់​នេះ​ទៅ​ទីបញ្ជាការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដើម្បី ធ្វើការ​សាកសួរ​។ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ប៉េអឹម​បាន​កសាង​សំណុំរឿង និង បញ្ជូន​ឈ្មោះ​សា​មិត្ត វិរៈ និង ឈ្មោះ​រុន សារ៉ាត់ ទៅ​អយ្យការ​អម​តុលាការ​យោធា​ដើម្បី ចាត់ការ​តាមច្បាប់​ចំណែក​ឈ្មោះ​អ៊ុក ប៊ុណ្ណា​រិ​ទ្ឋ និង ឈ្មោះ​ជា សុភា​បាន​ត្រូវ​ដោះលែង​ឱ្យ​មាន សេរីភាព​វិញ​ដោយ​សំអាង​ថា ពួកគេ​ទាំង​ពីរ​ពុំ​មាន​ជាប់​ពាក់​ព​ន្ឋ័​នឹង​បញ្ហា​នេះ​ទេ​ពោល​គឺ​គ្រាន់តែ មក​លេង​ជាមួយ​ឈ្មោះ​រុន សារ៉ាត់ តែ​គាប់​ជួន​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ យោធា​ប៉ុណ្ណោះ​។​
 
​ទន្ទឹម​នឹង​បញ្ហា​ខាងលើ​នេះ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១ សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​សហការ ជាមួយ​ប៉េអឹម​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ឈ្មោះ ពើ​យ ប៉ែល មុខងារ​ឧត្តមសេនីយ៍ត្រី​យោធា​នៅ ចំណុច​ភូមិ​ទួល ក្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​រួច​បញ្ជូន​មក​ទីបញ្ជាការ​ប៉េអឹម ខេត្ត​សៀមរាប​ដើម្បី​ធ្វើកា​រសាក សួរ​។​
  
​នៅពេល​សាកសួរ​ឈ្មោះ​ពើយ ប៉ែល​បាន​សារភាព​ថា​កាលពីមុន​ជា​អតីត​នាយទាហាន ពាក់​សក្តិ​អនុសេនីយ៍ទោ មាន​មុខងារ​ជា​មេបញ្ជាការរង​កងវរៈសេនាតូច​ស៊ើប​ការ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២​។ នៅ​ចន្លោះ​ឆ្នាំ ២០០៧-២០០៨​អង្គភាព​បាន​កាត់ឈ្មោះ ចេញ​ដោយ​សារ​រូប​ខ្លួន​ឡើង​ធ្វើ​ជា​ទីប្រឹក្សា ហើយ​ពុំ​ដែល​ចូល​អង្គភាព​។​
 
​ក្រៅ​ពី​បញ្ហា​នេះ សមត្ថកិច្ច​រកឃើញ​ថា​ឈ្មោះ​ពើ​យ ប៉ែល មាន​ពាក់ព័ន្ធ​នឹង​ការកាប់​គាស់​ដីព្រៃ​ទំហំ ១.៧០០​ហិកតា នៅ​ចំណុច​ភូមិ​ទួល​ក្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ពិសេស​សមត្ថកិច្ច​ដក​ហូត​បាន​រូបថត​មួយ​សន្លឹក​របស់​ឈ្មោះ​ពើ​យ ប៉ែល ដែល​ថត​ពាក់​សក្តិ​ឧត្តមសេនីយ៍ឯក​។ 

​ប៉ុន្តែ​ដោយសារ​ករណី​នេះ​ជា​បទល្មើស​យោធា​និង​មាន​អង្គហេតុ​ដូចគ្នា​នឹង​ករណី​ឈ្មោះ 
​សា​មិត្ត វិរៈ  សមត្ថកិច្ច​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជូន​ឈ្មោះ ពើ​យ ប៉ែល មក​រាជធានី​ភ្នំពេញ​តែម្តង​ដើម្បី​រង់ចាំ​ឱ្យ​តុលាការ​យោធា​ចាត់ការ​តាមច្បាប់​។​
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យដឹងថា ឈ្មោះ​សា​មិត្ត វិរៈ និង​បក្ខពួក​មាន​ជាប់​ពាក់ ព​ន្ឋ័​នឹង​ចលនា ស៊ីអេ​ហ្វអេ​ហ្វ (CFF) ដែល​កសាង​កម្លាំង ប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០០០ តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា​។​

​បន្ទាប់ពី​ទទួល​បរាជ័យ​ឈ្មោះ​សា​មិត្ត វិរៈ បាន​គេចខ្លួន​ប្តូរ​ឈ្មោះ ប្តូរ​ត្រកូល​ជ្រៀត​ជ្រកចូល​បម្រើ​ក្នុង​ក្របខណ្ឌ​យោធា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕

 ដោយ : សម្បត្តិ

No comments:

Post a Comment