ខេត្តប៉ៃលិនត្រូវបានអ្នកឯកទេសជំឯឺគ្រុនចាត់ទុកថា ជាតំបន់ដែលប្រឈមមុខខ្លាំងនឹងការឆ្លងជំងឺនេះ ។ លើសពីនេះតំបន់នេះត្រូវចាត់ទុកថា ជាតំបន់ដែលមេរោគជំងឺគ្រុនចាញ់ស៊ាំ ទៅនឹងឱសថព្យាបាល ដែលធ្លាប់ប្រើព្យាបាលអ្នកជំងឺនាពេលកន្លងមក ។
អតីតទាហានខ្មែរក្រហមលោក មាស លឿន អាយុ៥៣ឆ្នាំ បានចំណាយពេលជាងបីទសវត្ស កាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិខេត្តប៉ៃលិន ដោយគ្មានការរាថយ។ ទោះបីជាធ្លាប់ច្បាំងគ្នាក្នុងសមរភូមិយ៉ាងអង់អាចក៏ដោយ អ្វីដែលលោកមាស លឿន មិនសង្ឃឹមថានឹងច្បាំងឈ្នះនោះ គឺជំងឺគ្រុនចាញ់ដែលលោកបានធ្លាប់ធ្លាក់ខ្លួនឈឺជាច្រើនលើក តាំងពីជាង៣០ឆ្នាំមុនមកហើយ។
ទោះបីសប្បាយចិត្តរួចផុតពីសង្គ្រាម លោកមាស លឿនជាម្ចាស់ចំការទំហំហាសិបហិចតា ហើយឆ្នាំនេះលោកសប្បាយចិត្តនឹងផលពោត ដែលទទួលទិន្នផលខ្ពស់។ប៉ុន្តែ អ្វីដែលលោកនៅតែពិបាកចិត្ត នៅពេលនេះ គឺមេរោគជំងឺគ្រុនចាញ់ ។ “ ច្បាំងគ្នាដូចជាស្រួលជាង លីកាំភ្លើងទៅ បាញ់គ្នា អាហ្នឹងមើលឃើញ ចំពោះមេរោគ គ្រុនចាញ់មិនដឹងវានៅឯណា? ខ្ញុំហាក់ដូចជាលើកទង់សចាញ់វាទៅហើយ ” ។
រំឭកដល់អតីតកាល លោកមាស លឿន បាននិយាយដោយស្រងូតស្រងាត់ថា៖ “ ខ្ញុំសំណាងជាងគេ ដែលរួចផុតពីជំងឺគ្រុនចាញ់ ។ មនុស្សរាប់ពាន់រាប់ម៉ីននាក់ស្លាប់ដោយជំងឺគ្រុនចាញ់ ពេលនោះយើងអត់អីហូបផង ដេកអត់មុងទៀត! ” ។ ទោះបីជាលោកមាស លឿន គិតថា ជាមនុស្សមានសំណាងជាងគេ ដែលរួចផុតជីវិត ពីជំងឺគ្រុនចាញ់ក៏ដោយ ប៉ុន្តែ លោកបាននិយាយថា ជំងឺគ្រុនចាញ់នៅតែបន្តយាយីរូបលោក រហូតសព្វថ្ងៃ។ “ គ្រុនចាញ់មិនចេះស៊ាំទេ បើសំរាកធ្វេសប្រហែស គឺត្រូវតែឆ្លង ” ។
ជំងឺគ្រុនចាញ់បន្ថែមភាពក្រីក្រដល់ប្រជាពលរដ្ឋលោកមាស លឿនបាននិយាយថា ជំងឺគ្រុនចាញ់បានបន្ថែមភាពក្រីក្រ ដល់ប្រជាពលរដ្ឋច្រើនណាស់ ។ លោកនិយាយថា៖ “ ទិញត្រាក់ទ័រមួយគ្រឿងតម្លៃជាងមួយម៉ឺនដុល្លាអាមេរិក ប៉ុន្តែ ចំណាយលើជំងឺគ្រុនចាញ់អាចទិញត្រាក់ទ័របានពីរគ្រឿង ”។
បើតាមលោកមាស លឿន បានឲ្យដឹងថា គួរឲ្យអាណិតនោះចំពោះប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ដែលមកស៊ីឈ្នួលធ្វើចំការនៅខេត្តប៉ៃលិន ដែលងាយឆ្លងជំងឺគ្រុនចាញ់ ដោយសារពួកគេមិនសូវមានការយល់ដឹងពីវិធីការពារជំងឺគ្រុនចាញ់នេះ ។ “ស៊ីឈ្នួលគេបានលុយពីរបីរយដុល្លារ អាមេរិក ពេលត្រឡប់ទៅដល់ស្រុកវិញលក់គោបន្ថែមមើលគ្រុនចាញ់ ” ។
លោកវេជ្ជបណ្ឌិតយក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកសម្របសម្រួល ជម្ងឺគ្រុនចាញ់ខេត្តប៉ៃលិនបានទទួលស្គាល់ថា ជម្ងឺគ្រុនចាញ់ ភាគច្រើនកើតទៅលើប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ស៊ីឈ្នួលធ្វើចំការឲ្យគេ នៅក្នុងខេត្តប៉ៃលិន ។ ចំណាយ២២.៥លានដុល្លារអាមេរិក ប្រយុទ្ធមេរោគគ្រុនចាញ់ដែលស៊ាំនឹងថ្នាំព្យាបាលកន្លងមក អង្គសុខភាពពិលោក រដ្ឋាភិបាលកម្ពុជា សហការជាមួយប្រទេសថៃ និងអង្គការ អន្តរជាតិ មួយចំនួន ដោយមានការផ្តល់ថវិកា២២.៥លានដុល្លាអាមេរិកពីមូលនិធិប៊ីលនិងម៉ាលីនដាហ្គេត បានបើកយុទ្ធនាការប្រយុទ្ធនឹង ការឆ្លង ជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តចំនួន១០នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃនិងខេត្តមួយចំនួនរបស់ប្រទេសថៃជាប់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ។
លោកអ៊ុត សុផល មន្ត្រីមូលដ្ឋានក្រុមអ្នកឯកទេស ជំងឺគ្រុនចាញ់ ដែលជាអង្គការអន្តរជាតិ បានឲ្យដឹងថា កម្មវិធីទប់ស្កាត់ភាពស៊ាំ ថ្នាំព្យាបាល ជំងឺគ្រុនចាញ់ ទទួលមូលនិធិ២២លានដុល្លាអាមេរិកពីមូលនិធិប៊ីលនិងម៉ាលីនដាហ្គេត ត្រូវបានប្រើរួមគ្នាប្រទេសថៃ ហើយកម្ពុជាបានទទួល ប្រហែល ៧០ភាគរយ នៃចំនួនថវិកាទាំងនោះ ។
បើតាមលោកអ៊ុត សុផល បានឲ្យដឹងទៀតថា កម្មវិធីកន្លងមក បានធ្វើទៅលើការអប់រំ ចំណាកស្រុក អោយគាត់បានយល់ពីការឆ្លងមេរោគ ជំងឺគ្រុនចាញ់ ការអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកពេទ្យ ចែកមុងដល់អ្នកចំណាកស្រុក តាមរយៈម្ចាស់ចំការ ការ ការពារ ការផ្លាស់ឥរិយាបថ របស់អ្នកជំងឺ បង្កើតបណ្តាញអ្នកស្ម័គ្រចិត្តភូមិ ដើម្បីឲ្យពួកគាត់ជួយព្យាបាល អ្នកភូមិ ដោយធ្វើការជុះឈាម រកមេរោគកាត់បន្ថយ គ្រុនចាញ់ ធ្ងន់ធ្ងរជាដើម ។
លោកវេជ្ជបណ្ឌិតយក់ សុវណ្ណ បានឲ្យដឹងថា ការស៊ាំនឹងថ្នាំព្យាបាលរបស់មេរោគត្រូវបានរកឃើញនៅឆ្នាំ២០០៣ ។ ក្នុងយុទ្ធនាការរយៈពេល២ឆ្នាំ កន្លងមកនេះ បានកាត់បន្ថយអត្រាការឆ្លងជំងឺគ្រុនចាញ់នៅបណ្តាខេត្តនូវកម្រិតទាបបំផុត ជាពិសេស នៅខេត្តប៉ៃលិន អាចទប់ស្តាត់ បានពុំមានអ្នក ស្លាប់ដោយជំងឺនេះទៀតទេ ។ ចំពោះការស៊ាំថ្នាំនេះអាចមកពីតំបន់ជាតំបនផ្តាច់ខ្លួនព្យាបាលយឺតយ៉ាវ ការប្រើថ្នាំមិនត្រឹមត្រូវ ឪសថក្លែងក្លាយ មានជាតិថ្នាំមិនគ្រប់កម្រិត ។
លោកវេជ្ជបណ្ឌិត បានបន្តថា កន្លងមកមន្ត្រីមន្ទីសុខាភិបាលខេត្តប៉ៃលិន បានបង្ហាញថាជំងឺគ្រុនចាញ់ នៅក្នុងឆ្នាំ២០១០កន្លងមកនេះ មានប្រមាណ ជា ១១០០ករណី ដែលចំនួននេះប្រហាក់ប្រហែលនឹង ជំងឺគ្រុនចាញ់ ដែលកើតឡើងនៅក្នុងឆ្នាំ២០០៩ ដែលមានចំនួន ជាង១៣០០ករណី ។
ជាមួយគ្នានោះដែរ អ្នកស្ម័គ្រចិត្តភូមិ និងជាមន្ត្រីមូលដ្ឋាន ក្រុមឯកទេសជម្ងឺគ្រុនចាញ់ បានបង្ហាញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន១០ ខេត្ត ដែលកំពុងតែ មានជម្ងឺគ្រុនចាញ់ ក្នុងនោះ ព្រះវិហារ សៀមរាប កំពត និងកំពង់ស្ពឺ ជាដើម ប៉ុន្តែមានខេត្តចំនួន៤ នៅជាប់ព្រំដែនថៃ មួយចំនួន ដូចជា បាត់ដំបង់ ប៉ៃលិន ពោធិសាត់ និងកោះកុង កំពុងតែកើតមាន ភាពស៊ាំនៃជម្ងឺគ្រុនចាញ់ ដែលក្រុមការងារលោក កំពុងតែធ្វើការ ដើម្បីកាត់បន្ថយ នូវជម្ងឺគ្រុនចាញ់ដែលមានភាពស៊ាំនេះ ។
តាមការបង្ហាញ របស់អ្នកជំនាញនៃជម្ងឺគ្រុនចាញ់បានបញ្ជាក់ថា ជំងឺគ្រុនចាញ់មានពីរប្រភេទ ទីមួយគឺជំងឺគ្រុនចាញ់ធម្មតា ដែលអាចព្យាបាល ជាសះស្បើយ និងមួយទៀត ជម្ងឺគ្រុនចាញ់ដែលមាន ភាពស៊ាំ។ ជម្ងឺគ្រុនចាញ់ ដែលមានភាពស៊ាំនេះ កើតឡើងពីការប្រើប្រាស់ថ្នាំមិនបាន ត្រឹមត្រូវ ហើយអាចបណ្តាលឲ្យស្លាប់ ។
វេជ្ជបណ្ឌិត តុប សំភ័ណ្ណារ៉ាន់ មន្ត្រីគម្រោងទប់ស្កាត់ជំងឺគ្រុនចាញ់ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះ មានអត្រាស្លាប់ ខ្ពស់ជាង មនុស្សធម្មតាបីដង។ “ អ្នកមិនធ្លាប់រស់នៅតំបន់គ្រុនចាញ់មានអត្រាឆ្លងខ្ពស់ ” ។ ហើយការឆ្លងជំងឺគ្រុនចាញ់ នៅខេត្តប៉ៃលិន ការស៊ាំថ្នាំព្យាបាលជំងឺគ្រុនចាញ់បានកើនឡើង រហូតលើស ១០ភាគរយ ឥឡូវភាពស៊ាំនឹងថ្នាំថ្មីទៀតហើយ ។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន៥ម៉ឹននាក់ក្នុងមួយឆ្នាំ ហើយមានអ្នកស្លាប់ដោយសារជំងឺ គ្រុនចាញ់នេះ ប្រហែល២០០នាក់ ។ ចំពោះឱសថក្លែងក្លាយ ត្រូវបានដាក់លក់ នៅកន្លែងលក់ឱសថខុសច្បាប់ ដែលមិនមាន ឱសថការីឈរឈ្មោះ ហើយជាពិសេស ការតាមដាន មិនទាន់មានប្រសិទ្ធភាពការដាក់ទោស ។
លោក តុប សំភ័ណ្ណារ៉ាន់ បានឲ្យដឹងទៀតថា អង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលបានបើកយុទ្ធនាការលុបបំបាត់ការលក់ឱសថក្លែងក្លាយនេះ ដោយបង្កើតគណៈកម្មការអន្តរក្រសួង បង្កើនការយល់ដឹងដល់សាធារណជន បង្កើតស្ទិកគរ័ បង្កើតប៉ូលីសយុត្តិធម័ សហការជាមួយគយ ប៉ូលីសេសដ្ឋកិច្ច តាមដានពង្រឹងគុណភាពឳសថទីផ្សារ និងតាមខេត្ត ។
ក្នុងរយៈពេល៥ឆ្នាំខាងមុខ មូលនិធិសកល(GLOBAL FUND) បានផ្តល់ថវិកា ចំនួន១០៣លានដុល្លារអាមេរិកដល់កម្មវិធី និង គម្រោងនានា របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងបណ្តាអង្គការជាតិ អន្តជាតិ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។
លោកយក់ សុវណ្ណ បានឲ្យដឹងថា ថវិកា១០៣លានដុល្លារអាមេរិកនេះ នឹងត្រូវបែងចែកទៅបណ្តាក្រសួង រដ្ឋាភិបាល និងអង្គការអន្តរជាតិ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទូទាំងប្រទេសកម្ពុជា ។
លោកអនុប្រធានបញ្ជាក់ថា នៅខាងមុខដ៍ឆាប់នេះ មន្ទីរសុខាភិបាលខេត្ត នឹងធ្វើយុទ្ធនាការធ្វើតេសឈាមដើម្បីរកមេរោគគ្រុនចាញ់ ហើយដើម្បី ឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបាននៅក្នុងឆ្នាំ២០២៥ ។
សម្រាប់លោកមាស លឿន ទោះបីជាលោកចង់លើក “ ទង់ស ” ចុះចាញ់នឹងមេរោគជំងឺគ្រុនចាញ់នេះក្តី ប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទាំងអង្គការក្រៅរដ្ឋាភិបាល និងមណ្ឌលសុខភាពនានាសស្រាក់សស្រាំក្នុងការប្រយុទ្ធជាមួយមេរោគគ្រុនចាញ់នេះ ។ ទោះបីយ៉ាងណា លោកមាស លឿន មានប្រសាសន៍ថា៖ “ សុំឲ្យរដ្ឋាភិបាលជួយរឿងគ្រុនចាញ់នេះ ដូចជួយកាត់បន្ថយ ភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ” ៕
ដោយ : មង្គល
No comments:
Post a Comment