Saturday, January 15, 2011

ក្រសួងការបរទេស​៖ តុលាការ​កម្ពុជា​កំពុង​បន្ត​ពិចារណា​អំពី​ករណី​ពិរុទ្ធជន​ថៃ

ភ្នំពេញ: អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ កាលពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា តុលាការ​កម្ពុជា កំពុង​បន្ត​ពិចារណា​អំពី​ករណី​ពិរុទ្ធជន​ថៃ​ប្រាំ​រូប​ទៀត ក្នុងចំណោម ៧ រូប ដែល​បាន​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​

​    ​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ជនជាតិ​ថៃ​ចំនួន​ប្រាំ​ពីរ​នាក់ ក្នុងនោះ មាន​សមាជិក​សភា​ថៃ​មួយ​រូប​ផង បាន​ឆ្លង​ព្រំដែន ដោយ​ខុសច្បាប់ ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​។ ក្រុម​ជនជាតិ​ថៃ​នេះ ត្រូវបាន​ចាប់ខ្លួន និង​ប្រគល់ ទៅឲ្យ​តុលាការ​កម្ពុជា ចាត់ការ​តាម​នីតិវិធី ដោយ​ត្រូវ​អនុលោម​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​។​
​    ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បន្ថែមថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១ តុលាការ​កម្ពុជា​បានសម្រេច​ដោះលែង​ពិរុទ្ធជន​ថៃ ចំនួន ពីររូប គឺ​លោក Panich Vikitceth និង​លោកស្រី Naruemol Chitwaratana ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ផ្អែក​លើ​សុខភាព​របស់​ជន​ទាំង​ពីរ​រូប​។ តុលាការ​កម្ពុជា កំពុង​បន្ត​ពិចារណា​អំពី​ករណី​ពិរុទ្ធជន​ថៃ​ប្រាំ​រូប​ទៀត​។​
​    ​ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា តុលាការ​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​នេះ ស្រប​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ដោយ​យោង​លើ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ពុំ​មាន​គំនិតអាក្រក់​គុំគួន ចំពោះ​ជនជាតិ​ថៃ​ទេ​។​
​    ​សេចក្តីថ្លែងការណ៍​ខាងលើនេះ បាន​ធ្វើ​ឡើង​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ត្រូវ​ជួប​ពិភាក្សា​ទ្វេភាគី នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មិន​ចំហ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី​១៧​មករា ឆ្នាំ​២០១១​។ បញ្ហា​ដែល​កំពុង​កើតមាន​យ៉ាង​ក្តៅកគុក ជុំវិញ​ការចាប់ខ្លួន​ជនជាតិ​ថៃ ៧ នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ អាច​នឹង​ក្លាយជា​របៀបវារៈ​មួយ ដែល​រដ្ឋមន្ត្រីការបរទេស​ថៃ លោក កា​ស៊ីត ភិរម្យ នឹង​ត្រូវ​​លើ​កឡើង​ក្នុងជំនួប​ទ្វេភាគី​នោះ​។ 
​    ​ម្យ៉ាងវិញទៀត សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេសក​ម្ពុ​ជា ដែល​បាន​បញ្ជាក់​ពី​ចំណាត់ការ​ចំពោះ​ពិរុទ្ធជន​ថៃ​យ៉ាង​ដូច្នេះ ក៏​បាន​ធ្វើឡើង ដើម្បី​ជា​ការឆ្លើយតប​នឹង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក កា​ស៊ីត ភិរម្យ ដែល​បាន​ជម្រុញ​ដល់​អាជ្ញាធរ​កម្ពុជា ឲ្យ​បង្កើនល្បឿន​ផ្នែក​នីតិវិធី​ច្បាប់​លើ​ករណី​ចាប់​ឃុំខ្លួន​ជនជាតិ​ថៃ ៧ រូប ដែល​បាន​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​។​
​    ​តាម​សេចក្តីរាយការណ៍ រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កា​ស៊ីត ភិរម្យ ក៏​បាន​អំពាវនាវ​ឲ្យ មាន​ការចាប់ផ្តើម​យន្តការ​ជា​ច្រើន​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។​
​    ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័រ កាលពី​ថ្ងៃ​ទី​១៣​មករា លោក កា​ស៊ីត ភិរម្យ បាន​អត្ថាធិប្បាយ ក្រោយ​ពី​ជនជាតិ​ថៃ ២ រូប ក្នុងចំណោម​ជនជាតិ​ថៃ​ទាំង ៧ រូប ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ អនុញ្ញាត​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ថា កម្ពុជា​គួរតែ​ដោះស្រាយ​ករណី​នេះ​ឲ្យបាន​ឆាប់រហ័ស ដោយសារ​វា​មិនមែន​ជា​រឿង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នោះទេ​៕​

ដោយ : លីហូវ

No comments:

Post a Comment